A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 25 May 2015

"ការ​ផ្ដល់​យោបល់​របស់​អ.ស.ប​មិន​មែន​ជា​ការ​លូកដៃ​ចូល​រឿង​ផ្ទៃក្នុង​កម្ពុជា"


ដោយ យាង សុជាមេត្តា
2015-05-25

យុវជន​មក​ពី​សកលវិទ្យាល័យ​នានា ចូលរួម​ពិភាក្សា​ស្វែង​យល់​ពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Sireymuny

អ្នក​វិភាគ និង​សង្គម​ស៊ីវិល លើក​ឡើង​ថា ការ​ផ្ដល់​យោបល់ ឬ​ការ​រិះគន់​របស់​តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ប្រចាំ​នៅ​កម្ពុជា លើ​សេចក្ដី​ព្រាង​ច្បាប់​មិនមែន​ជា​ការ​លូកដៃ ឬ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា នោះ​ទេ។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ  បាន​កោះ​ហៅ​តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ចំនួន ៤​រូប ចូល​ទៅ​ព្រមាន បន្ទាប់​ពី​ពួកគេ​បាន​រិះគន់​ទៅ​លើ​ដំណើរ​ការ​ធ្វើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ក្រសួង​ការបរទេស អះអាង​ថា ទង្វើ​របស់​ពួកគេ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។

ការ​ចូល​រួម​ផ្ដល់​យោបល់​ក្នុង​ន័យ​ស្ថាបនា ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​របស់​កម្ពុជា មាន​លក្ខណៈ​ល្អ​ប្រសើរ និង​គោរព​សិទ្ធិមនុស្ស គឺ​ជា​ភារកិច្ច​មួយ​របស់​អង្គការ​សហប្រជាជាតិ។

​អ្នក​វិភាគ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ការ​ផ្ដល់​មតិ​យោបល់ ឬ​ការ​រិះគន់​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ណា​មួយ​ដែល​អង្គការ​សហប្រជាជាតិ​យល់​ថា មិន​ទាន់​មាន​លក្ខណៈ​ប្រសើរ​គ្រប់គ្រាន់​ដើម្បី​ធានា​​ដល់​ការ​គោរព​សិទ្ធិមនុស្ស មិន​អាច​ចាត់​ទុក​ថា ជា​ការ​លូកលាន់​ចូល​ក្នុង​ការងារ​ផ្ទៃក្នុង​របស់​ប្រទេស​សាមី​ណា​មួយ​ឡើយ។


​លោក​បណ្ឌិត រស់ រ៉ាវុធ ថ្លែង​បន្ត​ថា តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ អាច​មាន​កំហុស​លុះ​ណា​តែ​ពួកគេ​ទៅ​បង្គាប់​បញ្ជា​ឲ្យ​កម្ពុជា ធ្វើ​នេះ​ធ្វើ​នោះ​តាម​ខ្លួន​ដោយ​ពុំ​មាន​ហេតុផល នោះ​ទើប​អាច​ចាត់​ទុក​ថា ជា​ការ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល និង​ផ្ទុយ​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ តែ​លោក​ថា  បើ​ពួកគេ​គ្រាន់តែ​ផ្ដល់​មតិ​ដើម្បី​ជួយ​ស្ថាបនា ធ្វើ​ឲ្យ​ច្បាប់​កាន់​តែ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ នោះ​ពួកគេ​ពុំ​មាន​កំហុស​ឆ្គង​អ្វី​ឡើយ។

​លោក​បណ្ឌិត រស់ រ៉ាវុធ៖ «អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏​ដូចជា យូ.អិន (UN) ជាដើម គឺ​គេ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ផ្តល់​ក្នុង​ភាព​រីក​ចំរើន​នៃ​ប្រទេស​មួយ អ៊ីចឹង​បើ​គេ​គ្រាន់តែ​ផ្តល់​យោបល់​គ្រាន់តែ​ជា​សំណើ​នូវ​ចំណុច​ខ្វះខាត​ណា​មួយ​ដែល​រដ្ឋាភិបាល​ចន្លោះ​ប្រហោង​ហើយ​អាច​ទទួល​យក​បាន គឺ​ទទួល​យក មិន​អាច​បដិសេធ​ទាំង​ស្រុង​ទេ ព្រោះ​ថា សង្គម​ស៊ីវិល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល មាន​ភារកិច្ច​បំពេញ​ចន្លោះ​ប្រហោង​របស់​រដ្ឋាភិបាល»។

ម្យ៉ាង​វិញ​ទៀត ប្រទេស​កម្ពុជា ក៏​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ។ រដ្ឋាភិបាល​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​មន្ត្រី​អង្គការ​សហប្រជាជាតិ​នេះ គឺ​ជា​ការ​បង្ហាញ​កាយវិការ​មិន​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ខ្លួន​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ដែរ​នោះ។ វត្តមាន​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​សហប្រជាជាតិ​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ គឺ​ជា​ដៃគូ​ចាំបាច់​មិន​អាច​ខ្វះ​បាន​របស់​ពលរដ្ឋ និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឃ្លាំមើល​ពី​ដំណើរ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល គោលការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។

លោក​បណ្ឌិត រស់ រ៉ាវុធ កត់សម្គាល់​ថា មតិ​រិះគន់​ដែល​តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​លើក​ឡើង គឺ​មាន​បំណង​ចង់​ឲ្យ​កម្ពុជា មាន​ភាព​ប្រសើរ និង​មាន​ការ​អភិវឌ្ឍ។ ដូច្នេះ​លោក​ថា រដ្ឋាភិបាល​គួរ​យក​គំនិត​របស់​ពួកគេ​មក​ពិចារណា ហើយ​ពិភាក្សា​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ទៅ​វិញ​ទេ ជា​អ្នក​ខាត​ប្រយោជន៍ ប្រសិន​នៅ​តែ​បន្ត​មិន​ទទួល​យក​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​របស់​អង្គការ​សហប្រជាជាតិ ជុំវិញ​ការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ៖ «យើង​ពិនិត្យ​មើល​ថា ក្រុម​អង្គការ​ទាំង​អស់​នោះ គាត់​មាន​ប្រទេស​ជា​ច្រើន​ដែល​សហការ​ជាមួយ​គាត់ អ៊ីចឹង​បើ​សិន​ណា​យើង​បដិសេធ​ទាំង​ស្រុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ប្រទេស​យើង​ទៅ​វិញ ជាពិសេស​ផ្នែក​សិទ្ធិមនុស្ស និង​សេដ្ឋកិច្ច ព្រោះ​បើ​សិន​ណា​ជា​គាត់​កៀរគរ គាត់​បង្ហាញ​គ្នា​គាត់​ឲ្យ​ឃើញ​ពី​ភាព​អវិជ្ជមាន​នៃ​ប្រទេស​កម្ពុជា គឺ​ពួកគាត់​កាត់​បន្ថយ​នូវ​ជំនួយ និង​កម្ចី​របស់​បរទេស​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ជា​អ្នក​រង​ទុក្ខ មិន​មែន​អ្នក​ដឹក​នាំ​រង​ទុក្ខ​ទេ»។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ហោ ណាំហុង កាល​ពី​ថ្ងៃ​ទី​២១ ឧសភា បាន​កោះ​ហៅ​តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ចំនួន ៤​រូប​នោះ រួម​មាន​តំណាង​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស តំណាង​អង្គការ​យូនីសេហ្វ (UNICEF) តំណាង​អង្គការ​មូលនិធិ​ប្រជាជន​អង្គការ សហប្រជាជាតិ (UNFPA) និង​តំណាង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ដើម្បី​សមភាព​យេនឌ័រ និង​ការ​ផ្ដល់​សិទ្ធិ​អំណាច​ស្ត្រី (UN Women) ចូល​ព្រមាន​ឲ្យ​បញ្ឈប់​ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

​ពួកគេ​ត្រូវ​បាន​ក្រសួង​ការបរទេស​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ខុសឆ្គង​ផ្ទុយ​ទៅ​នឹង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ក្នុង​នាម​ជា​តំណាង​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ក្រោយ​ពី​ពួកគេ​បាន​ផ្តល់​យោបល់ និង​រិះគន់​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ពេល​ថ្មីៗ​នេះ។

​មួយ​ថ្ងៃ​មុន​ការ​កោះ​ហៅ​តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ចូល​ជួប​ក្រសួង​ការបរទេស ក៏​បាន​ផ្ញើ​លិខិត​ទៅ​ឲ្យ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William E.Todd) ដើម្បី​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ឯកអគ្គរដ្ឋទូត​រូប​នេះ ដែល​បាន​ទិតៀន​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​តាម​បណ្ដាញ​សារព័ត៌មាន។ ក្រសួង​ការបរទេស​បាន​ចាត់​ទុក​ពាក្យ​សម្ដី​របស់​លោក វីល្លៀម ថត ថា​មាន​លក្ខណៈ​ព្រហើន​ខ្លាំង។

​ក្រសួង​ការបរទេស​ក៏​បាន​បញ្ជាក់​ប្រាប់​តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ដែរ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ពុំ​បាន​ចែង​តម្រូវ​ឲ្យ​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សង្គម​ស៊ីវិល​មុន​នឹង​ដាក់​សេចក្ដី​ព្រាង​ច្បាប់​ណា​មួយ​ទៅ​កាន់​រដ្ឋ​សភា​នោះ​ទេ។ ក្រសួង​ការបរទេស​អះអាង​ថា ក្នុង​នាម​ជា​នីតិរដ្ឋ​មួយ រដ្ឋាភិបាល​គ្រាន់តែ​ចង់​ដឹង​ថា អ្នក​ណា​ធ្វើ​អ្វី​ខ្លះ​ក្នុង​ប្រទេស​របស់​ខ្លួន ដូច្នេះ​រដ្ឋាភិបាល​ត្រូវការ​តម្លាភាព និង​របៀប​រៀបរយ ខណៈ​ដែល​មាន​អង្គការ-​សមាគម​រាប់​ពាន់​កំពុង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​នៅ​កម្ពុជា។

ចំពោះ​ការ​លើក​ឡើង​របស់​ក្រសួង​ការបរទេស​ដូច​នេះ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ-​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​កម្ពុជា ពុំ​មាន​ចែង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល ឬ​ពលរដ្ឋ​ក្តី ប៉ុន្តែ​លោក​ថា រដ្ឋធម្មនុញ្ញ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​ប្រកាន់​យក​របប​នយោបាយ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែល​នេះ​មាន​ន័យ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា តម្រូវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ក្នុង​កិច្ចការ​សាធារណៈ និង​នយោបាយ​របស់​ប្រទេស​ជាតិ។

លោក សួន ប៊ុនស័ក្តិ ក៏​បញ្ជាក់​ដែរ​ថា អង្គការ​សង្គម​ស៊ីវិល​មិន​បាន​បដិសេធ​មិន​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​ឡើយ ប៉ុន្តែ​លោក​ថា សង្គម​ស៊ីវិល​គ្រាន់​តែ​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរ​ការ​នៃ​ការ​តាក់តែង​ច្បាប់​នេះ ប្រព្រឹត្តិ​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ ដោយ​មាន​ការ​ចូល​រួម​ពិគ្រោះ​យោបល់​ពី​ពលរដ្ឋ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​នានា។

​លោក សួន ប៊ុនស័ក្តិ៖ «ជា​ការ​ពិត​ហើយ​ដែល​ត្រូវ​ការ​បង្កើត​ច្បាប់​ដើម្បី​ឲ្យ​មាន​នីតិរដ្ឋ ក៏​ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​នីតិរដ្ឋ​ហ្នឹង​ល្អ​ត្រឹមត្រូវ​ទៅ​បាន​នីតិរដ្ឋ​ក៏​ត្រូវ​ការ​ប្រជាធិបតេយ្យ​បាន​សេចក្ដី​ថា ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ដែល​ពលរដ្ឋ​បាន​ឃើញ ឯកភាព​ទៅ​នឹង​ខ្លឹមសារ​នៃ​នីតិរដ្ឋ បាន​សេចក្ដី​ថា ជា​ខ្លឹមសារ​ច្បាប់ គឺ​ច្បាប់​ដែល​គ្រប់គ្រង​ប្រជាពលរដ្ឋ ដែល​ពលរដ្ឋ​បាន​ឯកភាព​ថា ឲ្យ​ច្បាប់​ហ្នឹង មាន​ខ្លឹមសារ អ៊ីចឹង​ក្នុង​ការ​គ្រប់គ្រង​គេ ហើយ​បើ​កាល​ណា​ពលរដ្ឋ​ឯកភាព​នឹង​ខ្លឹមសារ​ច្បាប់ ហើយ​ឯកភាព​ជាមួយ​នឹង​គោលការណ៍​នីតិរដ្ឋ​ដល់​ពេល​អ៊ីចឹង​ទៅ​ពលរដ្ឋ​ចូល​រួម​គោរព​ផង​ដែរ។ យ៉ាង​ណា​មិញ កាល​ណា​សង្គម​ស៊ីវិល​យើង ដែល​ជា​ក្រុម​គោលដៅ​ទទួល​រង​ពី​ការ​គ្រប់គ្រង​របស់​ច្បាប់​ហ្នឹង ហើយ​បើ​កាល​ណា​គេ​បាន​ចូល​រួម​អ៊ីចឹង​ទៅ​គេ​យល់​អំពី​ខ្លឹមសារ គេ​យល់​អំពី​ទម្រង់​នៃ​ច្បាប់​ហ្នឹង គឺ​គេ​ចូលរួម​អនុវត្ត​ច្បាប់ ហើយ​គេ​យល់ឃើញ ច្បាប់​នេះ​ចូលរួម​ការពារ លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​គេ​ដែរ ហើយ​វា​ក៏​ជា​មុខមាត់​របស់​កម្ពុជា​ដែរ»។

​ចំពោះ​តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​វិញ បើ​ទោះ​ជា​មាន​ការ​ព្រមាន​ពី​ក្រសួង​ការបរទេស​ក្តី ពួកគេ​បាន​អះអាង​ថា ពួកគេ​បាន​ធ្វើ​សកម្មភាព​ការងារ​ស្ថិត​ក្នុង​អាណត្តិ​របស់​ខ្លួន។ ពួកគេ​ក៏​បាន​បញ្ជាក់​ដែរ​ថា នឹង​នៅតែ​ផ្ដល់​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​ខ្លួន​សម្រាប់​កិច្ច​សន្ទនា​ជាមួយ​សង្គម​ស៊ីវិល លើ​ច្បាប់​ដ៏​មាន​សារសំខាន់​មួយ​នេះ។

ក្នុង​ពេល​ជាមួយ​គ្នា​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​ក្នុង​ការ​បង្កើត​សមាគម លោក ម៉ៃណា គីអៃ (Maina Kiai) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ពី​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធានា​ថា សង្គម​ស៊ីវិល​អាច​រួម​ចំណែក​ប្រកបដោយ​អត្ថន័យ​នៅ​ក្នុង​ការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

​លោក ម៉ៃណា គីអៃ ចាត់​ទុក​ការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​នៅ​ពេល​នេះ ថា​ជា​រឿង​ចម្លែក ព្រោះ​លោក​ថា ច្បាប់​ដែល​មាន​គោលដៅ​គ្រប់គ្រង អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា តែ​រដ្ឋាភិបាល​បែរ​ជា​ផាត់​សង្គម​ស៊ីវិល​ចេញ​ពី​ដំណើរការ​តាក់តែង​ច្បាប់​នេះ​ទៅ​វិញ៕

1 comment:

Anonymous said...

Hun Sen' s regime is not a bonafide Khmer government, it is just a regime implanted by and serving Hanoi leaders .