ដោយ ហង្ស សាវយុត
2015-05-22 rfa
ក្រុមប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីមកពីសហគមន៍ចំនួន១១ ក្នុងស្រុកស្វាយលើ ស្រុកវ៉ារិន ស្រុកបន្ទាយស្រី ស្រុកអង្គរធំ ស្រុកប្រាសាទបាគង ស្រុកពួកនិងក្រុងសៀមរាប បានស្រែកទាមទារឱ្យអាជ្ញាធរខេត្តសៀមរាប និងរដ្ឋាភិបាល ត្រូវតែធ្វើជាប័ណ្ណកម្មសិទ្ធិ និងដោះស្រាយបញ្ហាជម្លោះដីធ្លីជាច្រើនហិកតារ ប្រគល់មកឱ្យពួកគេវិញ៖ «សូមអញ្ជើញទៅមើលកន្លែងដីចុះ ប្រជាពលរដ្ទុក្ខលំបាក ដោយសារតែដី! អត់មែនមានដី ៤-១០-២០ ហិកតារទេ បើខ្ញុំសម្បទានសេដ្ឋកិច្ចឱ្យគេគឺកូនរបស់ខ្ញុំត្រូវដាច់ពោះស្លាប់»។
ការលើកគ្នាដង្ហែក្បួន ដើម្បីនាំញត្តិមកដាក់ជូនអាជ្ញាធរខេត្តសៀមរាបនេះ ធ្វើឡើងនៅស្របពេលដែលគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតរបស់ព្រឹទ្ធសភា១ក្រុមកំពុងបំពេញបេសកកម្មនៅក្នុងខេត្តនេះ។
ទោះយ៉ាងណាអាជ្ញាធរខេត្តមិនស្វាគមន៍ ចំពោះការដង្ហែញត្តិរបស់សហគមន៍ទំនាស់ដីធ្លីនោះទេ ដោយកាលពីថ្ងៃទី២១ខែឧសភាកន្លងទៅ សាលាខេត្តសៀមរាបបានចេញលិខិត១ច្បាប់ មិនអនុញ្ញាតឱ្យសហគមន៍ដីធ្លី រៀបចំការដង្ហែក្បួនដាក់ញ្ញត្តិនេះឡើយ។
ក្រុមប្រជាពលរដ្ឋរដ្ឋប្រមាណ១ពាន់នាក់ ដែលតវ៉ារឿងជម្លោះដីធ្លី បានសុខចិត្តរួមគ្នាឈរ និងអង្គុយក្រោមកម្ដៅថ្ងៃក្ដៅហែង អស់ជាច្រើនម៉ោង កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ប៉ុន្តែនៅរសៀលថ្ងៃដដែលនេះ អាជ្ញាធរខេត្តសៀមរាប បានសុខចិត្តឱ្យតំណាងសហគមន៍ចំនួន៨រូប ចូលជួបពិភាក្សានិងកាន់ញត្តិដាក់ជូនមន្ត្រីរដ្ឋាភិបាលនោះ៕
No comments:
Post a Comment