A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 May 2015

ដើម​សំរង​ព្រៃ​ក្នុង​សួន​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​រង​ការ​កាប់​រំលំ​យក​ផ្លែ



ដោយ រដ្ឋា វិសាល
2015-05-16 rfa


ផ្លែ​សំរង​ទុំ។
Photo: RFA

នៅ​រដូវ​ប្រមូល​ផល​ផ្លែ​សំរង​ឆ្នាំ​នេះ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​អ្នក​អភិរក្ស​ដើម​សំរង​ក្នុង​ខេត្ត​រតនគិរី អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ ជួយ​ទប់ស្កាត់​សកម្មភាព​កាប់​ដើម​សំរង​ដើម្បី​យក​ផ្លែ។ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​បារម្ភ​ថា ដើម​សំរង​អាច​នឹង​ត្រូវ​បាត់បង់​ទាំង​ស្រុង ប្រសិន​បើ​ពុំ​មាន​ការ​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​រស់នៅ​ជាប់​នឹង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​អ្នក​ភូមិ​មក​ពី​បណ្ដា​ស្រុក​ផ្សេង​ទៀត​ក្នុង​ខេត្ត​រតនគិរី បាន​នាំ​គ្នា​ជា​ក្រុមៗ​ចូល​ទៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ ដើម្បី​ប្រមូល​ផ្លែ​សំរង​ចាប់​ពី​ដើម​ខែ​មេសា រហូត​មក។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច រស់នៅ​ឃុំ​តាវែងលើ លោក តាន ស៊ីន មាន​ប្រសាសន៍​ថា ដើម​សំរង​កំពុង​រង​វិនាសកម្ម​បន្ថែម​ទៀត បន្ទាប់​ពី​អ្នក​ប្រមូល​ផល​ផ្លែ​សំរង ប្រើប្រាស់​រូបភាព​គ្រៀវ​សម្លាប់​ដើម ឬ​កាប់​មែក​ដើម្បី​យក​ផ្លែ។ លោក​បារម្ភ​ថា ប្រសិន​បើ​មិន​មាន​ការ​ទប់ស្កាត់​ទាន់​ពេលវេលា​ទេ ដើម​សំរង​ដែល​នៅ​សេសសល់​នឹង​ត្រូវ​គេ​កាប់​បំផ្លាញ​បន្ថែម​ទៀត៖ «ម្នាក់ៗ​គិត​ពី​ដណ្ដើម​ចង់​បាន​តែ​លុយ​ធ្វើ​ស្អី​ក៏​បាន អត់​មាន​អ្នក​ណា​ហាម អ្នក​ណា​ឃាត់។ នៅ​ភូមិ​ទន់ ដូច​គ្នា នៅ​ភូមិ​ទន់ សម្បូរ​ជាង​គេ​ឥឡូវ​អស់​រលីង»។



កាល​ពី​ឆ្នាំ​២០១១ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​អ្នក​អភិរក្ស​ដើម​សំរង​ព្រៃ រក​ឃើញ​ដើម​សំរង​រាប់​ពាន់​ដើម​ត្រូវ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ខ្លួន​ឯង និង​ជនជាតិ​ខ្មែរ និង​ឡាវ រស់នៅ​តំបន់​ក្បែរ​ឧទ្យាន​ជាតិ​ប្រមូល​គ្នា​ជា​ក្រុមៗ ហើយ​ចូល​ព្រៃ​កាប់​រំលំ​ដើម​ដើម្បី​យក​ផ្លែ​លក់​ទៅ​ឲ្យ​ឈ្មួញ។

មេ​ឃុំ​ប៉ាក់កាឡាន់ លោក ផុន សឿន ទទួល​ស្គាល់​ថា ដើម​សំរង​ឆ្នាំ​នេះ​កំពុង​ផ្តល់​ផល។ ទន្ទឹម​នោះ ក៏​មាន​សេចក្តី​រាយការណ៍​ថា ប្រជាពលរដ្ឋ​អ្នក​ប្រមូល​ផ្លែ​សំរង​ក្នុង​ព្រៃ​ខ្លះ នៅ​តែ​ប្រព្រឹត្ត​ខុស​ប្រពៃណី​ជនជាតិ​ដើម ពោល​គឺ​កាប់​រំលំ​ដើម​សំរង​ដើម្បី​ប្រមូល​ផ្លែ​បាន​ច្រើន។ លោក​ថា សហគមន៍​អ្នក​អភិរក្ស​ដើម​សំរង មិន​មាន​លទ្ធភាព​ទប់ស្កាត់​សកម្មភាព​នេះ​បាន​ទេ ពីព្រោះ​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេង​កាន់​តែ​ច្រើន ចូល​ព្រៃ​រក​ផ្លែ​សំរង៖ «ឃើញ​គេ​គ្រឿង​ទៅ​ឃើញ​គេ​កាប់​គាស់​មែក​ទៅ ពិសេស​ភូមិ​ក្បែរៗ​ហ្នឹង កាប់​ដើម​កាប់​មែក​ហ្នឹង​វា​ខូចខាត​តែ​បរិស្ថាន ខូចខាត​តែ​ព្រៃ​ឈើ»។

ដើម​សំរង​ព្រៃ​មាន​អាយុ​កាល​ប្រមាណ​ពី ៣០ ទៅ ៤០​ឆ្នាំ ទើប​ហុច​ផល​ពេញលេញ។ ដើម​វា​មាន​ទំហំ​មុខ​កាត់​ពី ៤០ ទៅ ៦០​សង់ទីម៉ែត្រ និង​មាន​កម្ពស់​ពី ៦​ម៉ែត្រ​រហូត​ដល់ ១០​ម៉ែត្រ។ ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច មាន​ទម្លាប់​រើស​តែ​ផ្លែ​សំរង​ជ្រុះ​តែ​ប៉ុណ្ណោះ។

មន្ត្រី​អនុរក្ស​ឧទ្យាន​ជាតិ​វីរៈ​ជ័យ លោក ពិន សុខុន ថ្លែង​ថា កន្លង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​អប់រំ​ផ្សព្វផ្សាយ និង​ហាម​មិន​ឲ្យ​កាប់​ដើម​សំរង​យក​ផ្លែ​នោះ​ទេ។ លោក​ថា ឆ្មាំ​អនុរក្ស​ឧទ្យាន​ជាតិ​បាន​ចាត់​ដើរ​ល្បាត​ក្នុង​ព្រៃ ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​ឧទ្យាន​ជាតិ។ ហេតុ​នេះ វិធានការ​ច្បាប់​នឹង​ត្រូវ​អនុវត្ត​ចំពោះ​អ្នក​ប្រព្រឹត្តិ​ខុស៖ «កន្លង​មក​យើង​មាន​កម្មវិធី​អប់រំ​គាត់ មិន​ឲ្យ​កាប់​ដើម​ទេ ឲ្យ​ប្រមូល​ផល​តាម​ប្រពៃណី។ ចាំ​មើល​ខ្ញុំ​ទាក់ទង​គ្នា​យើង មាន​ដើរ​ល្បាត​ឬ​អត់»។

ប្រជាពលរដ្ឋ​អ្នក​ចូល​ព្រៃ​រើស​ផ្លែ​សំរង សុំ​មិន​បញ្ចេញ​ឈ្មោះ​ទទួល​ស្គាល់​ថា ពិត​ជា​មាន​អ្នក​ចូល​ព្រៃ​រក​សំរង ប៉ុន្តែ​មិន​មាន​កាប់​ដើម​ទេ ដោយសារ​ឆ្នាំ​នេះ​ដើម​សំរង​មិន​ផ្តល់​ផល​ច្រើន ទើប​អ្នក​ភូមិ​ខ្លះ​បាន​ចេញ​ពី​ព្រៃ​វិញ។ ប្រជាពលរដ្ឋ​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​ឈ្មួញ​ចាំ​ប្រមូល​ទិញ​ផ្លែ​សំរង​ក្នុង​ព្រៃ​ក្នុង​តម្លៃ ១​ម៉ឺន ៥​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម៖ «ទៅ​ពី​ស្រុក​តាម​ខេត្ត​ហ្នឹង​ហើយ ឃើញ​គេ​ទៅ​ច្រើន​បងប្អូន​ជនជាតិ​ទេ ខ្មែរ​មិន​សូវ​មាន​ទេ។ ខ្ញុំ​ទៅ​ដេក​ពីរ​បី​យប់​បាន​ខ្លះ គេ​ឲ្យ​មួយ​គីឡូ ១​ម៉ឺន ៥​ពាន់​រៀល»។

ដើម​សំរង​ព្រៃ​ភាគ​ច្រើន​គេ​ប្រទះ​ឃើញ​នៅ​តំបន់​ទ្រនាប់​នៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ជាប់​នឹង​ស្រុក​វ៉ឺនសៃ ស្រុក​តាវែង ស្រុក​អណ្ដូងមាស ក្នុង​ខេត្ត​រតនគិរី និង​ស្រុក​សេសាន ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។ ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​តំបន់​ជាប់​នឹង​ឧទ្យាន​ជាតិ កត់​សំគាល់​ថា មុន​ឆ្នាំ​២០០៧ ដើម​សំរង​មាន​រាប់​ពាន់​ម៉ឺន​ដើម​ដុះ​នៅ​ក្នុង​ព្រៃ ជាពិសេស​តំបន់​ទំនាប​មាត់​អូរ​តាម​ជ្រលង​ភ្នំ ហើយ​តែង​ផ្តល់​ផល​នៅ​ចុង​រដូវ​ប្រាំង៕

No comments: