A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 9 May 2015

ក្រុម​យុវជន​គ្រោង​បំបួស​ដើម​ឈើ​និង​ពិនិត្យ​ស្ថានភាព​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់


ដោយ សូត សុខប្រាថ្នា
2015-05-09

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ បំបួស​ដើម​ឈើ​ក្នុង​គោល​បំណង​រក្សា​ការពារ​ព្រៃ​ឈើ ក្នុង​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៤។
Photo: RFA

ព្រះសង្ឃ និង​យុវជន​ជាច្រើន​ក្រុម គ្រោង​នឹង​ចុះ​ទៅ​បំបួស​ដើម​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ដើម្បី​បញ្ចៀស​ការ​កាប់​បំផ្លាញ​ពី​សំណាក់​ក្រុម​ឈ្មួញ។ ក្រៅ​ពី​នេះ ក្រុម​ដដែល​នឹង​ដើរ​ល្បាត​ពិនិត្យ​ពី​ស្ថានភាព​ព្រៃ​ឡង់ ដែល​កំពុង​គំរាម​កំហែង​ដោយ​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេល​បច្ចុប្បន្ន។

ចំណែក​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ថា ពួក​គេ​រីករាយ​នឹង​សហការ ប្រសិន​បើ​សកម្មភាព​នោះ​មាន​បេសកកម្ម​ត្រឹមត្រូវ និង​មិន​បង្ក​ការ​លំបាក​ដល់​អាជ្ញាធរ។

យុវជន​ជាច្រើន​ក្រុម នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​មួយ​ចំនួន​ដែល​ជាប់​តំបន់​ព្រៃ​ឡង់ ដូចជា ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​ព្រះវិហារ ដើម្បី​បំពេញ​បេសកកម្ម​បំបួស​ដើម​ឈើ និង​ពិនិត្យ​ស្ថានភាព​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​ទាំង​នោះ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ដែល​នឹង​ដឹក​នាំ​ក្រុម​យុវជន​មួយ​ក្រុម​រួម​មាន​ទាំង​ព្រះសង្ឃ​ប្រមាណ ៥០​អង្គ​និង​នាក់ ទៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ ឲ្យ​ដឹង​ថា គោល​បំណង​សំខាន់ គឺ​ដើម្បី​នាំ​យុវជន​ឲ្យ​ពួក​គាត់​កាន់​តែ​យល់​ច្បាស់​ពី​តំបន់​ព្រៃ​ដ៏​ធំធេង​មួយ​នេះ។ លើស​ពី​នេះ​ទៀត ដើម្បី​អង្កេត​ពី​សកម្មភាព​ក្រុមហ៊ុន​សម្បទាន​មួយ​ចំនួន​នៅ​ទីនោះ ដែល​បាន​ធ្វើ​សកម្មភាព​របស់​ខ្លួន​មិន​បាន​ត្រឹមត្រូវ​នា​ពេល​កន្លង​មក៖ «ការ​បំបួស​ព្រៃ​ឈើ​វា​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយ ព្រោះ​យើង​ជា​និស្សិត​ហ្នឹង គឺ​អស់​សង្ឃឹម ឬ​ក៏​មិន​មាន​ជម្រើស​ណា​ទៀត ដើម្បី​ការពារ​ព្រៃ​ទេ។ យើង​មាន​តែ​វិធីសាស្ត្រ​បំបួស​ព្រៃ​ឈើ ដើម្បី​បង្ហាញ​មហាជន​ដើម្បី​បង្ហាញ​ប្រជាពលរដ្ឋ​ខ្មែរ​មើល​ឃើញ​ថា ព្រៃ​ឈើ​មាន​សារសំខាន់​ណាស់​សម្រាប់​ជីវិត»។


ក្រុម​និស្សិត នឹង​ធ្វើ​ដំណើរ​ទៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ មាន​ចំនួន​ពីរ​ក្រុម ដោយ​មួយ​ក្រុម​ត្រូវ​ស្នាក់នៅ​ចំនួន ២​ថ្ងៃ និង​មួយ​ក្រុម​ទៀត​ត្រូវ​ស្នាក់នៅ​រយៈពេល ៤​ថ្ងៃ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ឧសភា ទៅ។ ដោយ​ឡែក​មួយ​ក្រុម​ទៀត នឹង​ត្រូវ​ទៅ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង។ ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​ដដែល​យល់​ថា ប្រសិន​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រៃ​ឈើ​នៅ​តំបន់​មួយ​នេះ​ទេ មិន​យូរ​ឡើយ ព្រៃ​ឡង់​នឹង​អាច​វិនាស​ជាក់​ជា​មិន​ខាន។

ទាក់ទង​នឹង​គម្រោង​ចុះ​ទៅ​តំបន់​ព្រៃ​ឡង់​របស់​យុវជន​នោះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ធំ លោក តឹប ញាតា មាន​ប្រសាសន៍​ថា ខាង​អាជ្ញាធរ​រីករាយ​សហការ​ជាមួយ ប្រសិន​បើ​ការ​ចុះ​ទៅ​របស់​ពួក​គាត់​មាន​កំណត់​គោល​បំណង​ច្បាស់លាស់ និង​មិន​បង្ក​ការ​លំបាក​ដល់​អាជ្ញាធរ​ទេ​នោះ៖ «បើ​គាត់​សុំ​ច្បាប់​សុំ​ទម្លាប់​អី​ត្រឹមត្រូវ ដោយ​បង្ហាញ​ពី​គោលដៅ​ទស្សនទាន​ច្បាស់លាស់ ហើយ​មាន​ឧត្តម​អភិបាល​គាំទ្រ​ហើយ អា​នោះ​គឺ​ជា​រឿង​ជួយ​វិញ»។

លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ តែង​បង្ក្រាប​ករណី​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ ជានិច្ច។ ដោយ​ឡែក​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៥ គឺ​អាជ្ញាធរ​បង្ក្រាប​បាន​ជាង ៤០​ករណី​ក្នុង​មួយ​ខែៗ រាប់​បញ្ចូល​ទាំង​ការ​កាប់​រុករាន​ដី​ព្រៃ និង​ការ​ស្តុក​ឈើ​ទុក​ក្នុង​ព្រៃ​ខុស​ច្បាប់ ជាដើម។

ការ​ចាប់​អារម្មណ៍​តំបន់​ព្រៃ​ឡង់​ពី​សំណាក់​ក្រុម​យុវជន​ពេល​នេះ ត្រូវ​បាន​អ្នក​សិក្សា​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី យល់​ថា យុវជន​នឹង​យល់​កាន់​តែ​ច្បាស់​ពី​ប្រព័ន្ធ​ជីវចម្រុះ​នៅ​តំបន់​ព្រៃ​ឡង់ និង​សក្ដានុពល​នៃ​តំបន់​មួយ​នេះ។ បន្ថែម​ពី​នេះ​ទៀត ព័ត៌មាន​អំពី​ព្រៃ​ឡង់ នឹង​ធ្វើ​ឲ្យ​សាធារណជន​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស កាន់​តែ​ចាប់​អារម្មណ៍ និង​ចូលរួម​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​ឈើ​ទាំងអស់​គ្នា។ ម្យ៉ាង​ទៀត សកម្មភាព​នេះ គឺ​ជា​ការ​ដាស់​ស្មារតី​មន្ត្រី​រាជ​រដ្ឋាភិបាល ឲ្យ​មាន​វិធានការ​បន្ថែម​ទៀត​ទៅ​លើ​កិច្ច​ការពារ​ព្រៃ​ឈើ ដែល​នៅ​សេសសល់​ចុង​ក្រោយ​នេះ៖ «ខ្ញុំ​គិត​ថា អាច​ឲ្យ​យុវជន​ដឹង ហើយ​ប្រាប់​ទៅ​អាជ្ញាធរ​បាន​ដឹង​ថា តំបន់​នេះ គឺ​ជា​តំបន់​ព្រៃ​ឡង់​មាន​សក្ដានុពល​តំបន់​ទេសចរណ៍ ឬ​អេកូ​ទេសចរណ៍​សម្បើម​ណាស់»។

លោក​បន្ថែម​ថា ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ អាច​នឹង​ឈាន​ទៅ​រក​ស្ថានភាព​វិនាស ប្រសិន​បើ​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល​ជាង ៥០​ក្រុមហ៊ុន​ចាប់​ដំណើរ​ការ។ ជាង​នេះ​ទៀត ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​ភាព​មិន​ច្បាស់លាស់​ផង រួម​នឹង​កិច្ច​សហការ​គ្នា​ដើម្បី​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា ផង៕

No comments: