A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 May 2015

អ.ស.ប៖ កម្ពុជា​គួរ​បង្កើន​សេរីភាព​នៃ​ការ​សម្ដែង​មតិ​និង​ការ​បង្កើត​សមាគម


ដោយ សិរីមុនី
2015-05-27
ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​លួសបន្លា ការពារ​កុំ​ឲ្យ​មាន​អ្នក​តវ៉ា​ចូល​ទៅ​ខាង​ក្នុង។ រូបថត​ថ្ងៃ​ទី​៣០ មេសា ឆ្នាំ​២០១៤
Photo: RFA

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា កម្ពុជា​មិន​ទាន់​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​ឆ្នាំ​១៩៤៨ នៅ​ឡើយ​ទេ។ សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប) រាយការណ៍​ថា កម្ពុជា​មិន​មាន​យន្តការ​ឯករាជ្យ​សម្រាប់​ទទួល​ពាក្យ​បណ្ដឹង​នៅ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​បង្កើត​សមាគម។

សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​លើ​របាយការណ៍​តាម​កាល​កំណត់​លើក​ទី​ពី​របស់​កម្ពុជា នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​មាន ៣១​ចំណុច បាន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ជាក់ស្ដែង​នៃ​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

៣​ចំណុច​ក្នុង​ចំណោម ៣១​ចំណុច​នៃ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​ថា កម្ពុជា​នៅ​តែ​មាន​និទណ្ឌភាព​សម្រាប់​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ គណៈកម្មាធិការ​មនុស្ស​មាន​កង្វល់​ចំពោះ​ការ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​ក្រៅ​ច្បាប់​ដែល​គេ​អះអាង​ថា អំពើ​នេះ​ត្រូវ​បាន​ប្រព្រឹត្ត ជាពិសេស​ដោយ​កងទ័ព​នគរបាល និង​កងរាជអាវុធហត្ថ​នៅ​កម្ពុជា ចាប់​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មក។

យោង​តាម​របាយការណ៍​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ កម្ពុជា​ត្រូវតែ​គោរព​តាម​កតិកាសញ្ញា​អង្គការ​សហប្រជាជាតិ ដោយ​ត្រូវ​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​ការពារ​ការ​រំលោភ​សិទ្ធិមនុស្ស។


ម្យ៉ាងវិញទៀត កម្ពុជា​ត្រូវ​តែ​​ហាមប្រាម​ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើ​បាប​ជន​ជាប់ឃុំ​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់ ជាពិសេស​ក្នុង​បរិបទ​នៃ​ការ​ឃុំ​ឃាំង​របស់​នគរបាល និង​មិន​ត្រូវ​ធ្វើ​ទារុណកម្ម​ដើម្បី​ទទួល​បាន​ចម្លើយ​សារភាព​ឡើយ។

​ឆ្លើយ​តប​នឹង​របាយការណ៍​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន លើក​ឡើង​ថា កម្ពុជា​កំពុង​ពង្រឹង​ការ​អនុវត្ត​រឿង​និទណ្ឌភាព​ដោយ​ស្ថាប័ន​យុត្តិធម៌ និង​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ចូល​រួម​រាយការណ៍​ដល់​សមត្ថកិច្ច​នៅ​ពេល​ទទួល​ព័ត៌មាន​ស្ដីពី​ការ​ធ្វើ​ទារុណកម្ម និង​ការ​រំលោភ​សិទ្ធិមនុស្ស៖ «ដើម្បី​ឆ្លើយ​តប​នូវ​អំពើ​ណា​មួយ​ដែល​យង់ឃ្នង ហើយ​សូម​ប្រជាពលរដ្ឋ​រាយការណ៍​ដល់​សមត្ថកិច្ច​ដើម្បី​អាច​ចាត់​វិធានការ​តាម​នីតិវិធី​នៃ​ច្បាប់»។

ទន្ទឹម​នឹង​នេះ​ដែរ គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គួរ​បង្កើត​យន្តការ​ឯករាជ្យ​មួយ​សម្រាប់​ទទួល​ពាក្យ​បណ្ដឹង​ដែល​មាន​អំណាច​ស៊ើប​អង្កេត​រាល់​ការ​ចោទ​ប្រកាន់ និង​បណ្ដឹង​ទាំង​អស់​ដែល​ទាក់​ទង់​នឹង​ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើបាប​មនុស្ស។

​រីឯ​ចំណុច​២១ នៃ​របាយការណ៍​អង្គការ​សហប្រជាជាតិ បាន​ជំរុញ​ឲ្យ​កម្ពុជា ត្រូវ​ផ្ដល់​ឱកាស​ចំពោះ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ និង​ការ​បង្កើត​សមាគម។ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស មាន​កង្វល់​អំពី​របាយការណ៍​នៃ​ការ​សម្លាប់​អ្នក​កាសែត អ្នក​ការពារ​សិទ្ធិមនុស្ស និង​តួ​អង្គ​សង្គម​ស៊ីវិល។ កម្ពុជា​ត្រូវ​តែ​ផ្ដល់​ការ​ការពារ ការ​យាយី​ចំពោះ​អ្នក​កាសែត អ្នក​ការពារ​សិទ្ធិមនុស្ស មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង ក្នុង​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ​ចំពោះ​បទល្មើស បរិហារកេរ្តិ៍ និង​បទល្មើស​ដទៃ​ទៀត​ដែល​ច្បាប់​មិន​មាន​ចែង​ច្បាស់លាស់។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​លើក​ឡើង​ថា កម្ពុជា​ត្រូវតែ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ស៊ើប​អង្កេត​ពាក្យ​បណ្ដឹង​នៃ​ការ​សម្លាប់ និង​ការ​ផ្ដល់​កិច្ចការពារ​ដល់​អ្នក​កាសែត អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​បាន​ទទួល​រង​ការ​បំភិតបំភ័យ និង​ការ​វាយ​ប្រហារ​នានា ដោយសារ​តែ​សកម្មភាព​វិជ្ជាជីវៈ​របស់​ខ្លួន។

គណៈកម្មាធិការ​ក៏​បាន​ស្នើ​ឲ្យ​ភាគី​កម្ពុជា កុំ​ដាក់​បទ​បរិហារកេរ្តិ៍​ជា​ទោស​ព្រហ្មទណ្ឌ និង​លើក​យក​នូវ​បទបញ្ញត្តិ​ពាក់ព័ន្ធ​ណា​មួយ​ផ្សេង​ទៀត​នៃ​ក្រមព្រហ្មទណ្ឌ​ឲ្យ​ស្រប​ទៅ​នឹង​មាត្រា ១៩ នៃ​កតិកាសញ្ញា​អង្គការ​សហប្រជាជាតិ។ អង្គការ​សហប្រជាជាតិ ក៏​ស្នើ​ដល់​កម្ពុជា ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​បច្ចុប្បន្ន និង​ច្បាប់​មិន​ទាន់​តាក់តែង​ឡើង​របស់​ខ្លួន រាប់​ទាំង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត និង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផង​ដែរ។

​ប្រធាន​លេខាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា លោក ស៊ួន ប៊ុនស័ក្ដិ លើក​ឡើង​ថា កម្ពុជា​គឺ​ជា​រដ្ឋ​ភាគី​នៃ​អង្គការ​សហប្រជាជាតិ ដូច្នេះ​ការ​គោរព​សិទ្ធិមនុស្ស ការ​បង្កើន​វេទិកា​សាធារណៈ​ក្នុង​ការ​ជជែក​ដេញដោល​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ណា​មួយ គឺ​ជា​កាតព្វកិច្ច​ដែល​ត្រូវ​តែ​បំពេញ៖ «ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់​យើង​ឃើញ​ថា ការ​ប្ដេជ្ញា​ចិត្ត ការ​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​នៅ​ខ្វះ​ចន្លោះ​ច្រើន។ តួយ៉ាង​ដូចជា​អង្គការ​សហប្រជាជាតិ​ គេ​បាន​ប្រាប់​កម្ពុជា លើក​កម្ពស់​តម្លាភាព​ដោយ​បង្កើន​គោលនយោបាយ​ពិភាក្សា​សេចក្ដី​ព្រាង​​​ច្បាប់​ផ្សេងៗ។ ប៉ុន្តែ​ជាក់​ស្ដែង​យើង​ឃើញ​ថា រដ្ឋាភិបាល​មិន​សូវ​ស្វាគមន៍​មតិ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទេ»។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន លើក​ឡើង​ទៀត​ថា អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​សំខាន់​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ។ លោក​បន្ត​ថា ការ​បង្កើត​ច្បាប់​ស្ដីពី​សមាគម-​អង្គការ​មិន​មែន​រដ្ឋាភិបាល គ្រាន់តែ​ចង់​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ការងារ​របស់​ខ្លួន​តែប៉ុណ្ណោះ។

សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស មាត្រា ១៩ ចែង​ថា មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​សំដែង​មតិ។ សិទ្ធិ​នេះ រាប់​បញ្ចូល​ទាំង​សេរីភាព​នៃ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក និង​សេរីភាព​ក្នុង​ការ​ស្វែង​រក​ការ​ទទួល និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​គំនិត​នានា​ដោយ​គ្មាន​ព្រំដែន ទោះ​តាម​រយៈ​មធ្យោបាយ​សម្ដែង​មតិ​មួយ​ណា​ក៏ដោយ៕

No comments: