A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 May 2015

មន្ត្រី​គណបក្ស​ប្រឆាំង​រិះគន់ គ.ជ.ប ថា​យឺតយ៉ាវ​ក្នុង​ការ​ជ្រើសរើស​អគ្គលេខាធិការ​ថ្មី


ដោយ ម៉ម មុនីរតន៍
2015-05-28

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​ភ្នំពេញ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
Photo: RFA

មន្ត្រី​នាំ​ពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) អះអាង​ថា ពេលវេលា​នៃ​ការ​ជ្រើសរើស​អគ្គលេខាធិការ គ.ជ.ប​ថ្មី​នេះ ប្រហែល​ជា​ត្រូវ​ការ​ចន្លោះ​ពី ២​ខែ​ទៅ ៣​ខែ​ទៀត។ ភាព​យឺតយ៉ាវ​នេះ ត្រូវ​បាន លោក ហង្ស ពុទ្ធា ថ្លែង​ថា ដោយសារ គ.ជ.ប ត្រូវ​ចាំ​ព្រះរាជក្រឹត្យ​ដែល​កំណត់​អំពី​មុខងារ​នៃ​ក្របខ័ណ្ឌ​របស់​ស្ថាប័ន គ.ជ.ប ជា​មុន​សិន។

ពាក់ព័ន្ធ​រឿង​នេះ មន្ត្រី​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា ប្រសិន​បើ​កិច្ចការ​នេះ​នៅ​តែ​ពន្យារ​ពេល​ទៀត ហើយ​បន្ត​ប្រើប្រាស់​អគ្គលេខាធិការ​នៃ គ.ជ.ប​ចាស់ នឹង​នាំ​ឲ្យ​មាន​មន្ទិល​សង្ស័យ និង​បាត់បង់​ជំនឿ​ចិត្ត​ពី​ឯករាជ្យ​របស់ គ.ជ.ប។

ការ​អះអាង​ពី​ពេលវេលា​របស់​មន្ត្រី​នាំ​ពាក្យ គ.ជ.ប ដែល​ថា​នឹង​មាន​ការ​រុះរើ​សមាសភាព​នៃ​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង គ.ជ.ប​ថ្មី​នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល ៤​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ថ្លែង​រិះគន់​ជា​សាធារណៈ​ពី​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ចំអក​ថា គ.ជ.ប ហាក់​មាន​ភាព​អល់អែក​ក្នុង​ការ​ពន្លឿន​នីតិវិធី ជុំវិញ​ការ​ជ្រើសរើស​សមាសភាព ឬ​អ្នក​ដែល​ត្រូវ​មក​អង្គុយ​កៅអី​របស់​អគ្គលេខាធិការ​ថ្មី​នេះ។

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​ភ្នំពេញ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា ថា លោក​ហាក់​មិន​យល់​ពី​នីតិវិធី​របស់ គ.ជ.ប នៅ​ឡើយ​ទេ ដែល​រហូត​មក​ដល់​ពេល​នេះ​ទៅ​ហើយ នៅ​មិន​ទាន់​អាច​ជ្រើសរើស​អគ្គលេខាធិការ​នៃ​ស្ថាប័ន​នេះ​បាន​នៅ​ឡើយ​ទៀត។ លោក​ថ្លែង​បែប​ចំអក​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ប្រមាណ​ជាង ១​ពាន់​នាក់ ក្នុង​ខណ្ឌ​សែនសុខ ថា នេះ​ពុំ​មែន​មាន​ន័យ​ថា លោក​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់ គ.ជ.ប នោះ​ទេ ក៏ប៉ុន្តែ​ការ​ពន្យារ​ពេល​នេះ តើ​អាច​នឹង​រក្សា​ទុក​អគ្គលេខាធិការ​ចាស់​បន្ត​ទៀត ឬ​យ៉ាង​ណា​នោះ​ទេ? ជុំវិញ​រឿង​នេះ លោក យឹម សុវណ្ណ ទទូច​សុំ​ឲ្យ គ.ជ.ប ពន្លឿន​នីតិវិធី​ក្នុង​ការ​រុះរើ​សមាសភាព គ.ជ.ប ឲ្យ​បាន​ឆាប់ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​អំពី​ភាព​មិន​ឯករាជ្យ នៃ​ការ​បំពេញ​មុខងារ​របស់​អគ្គលេខាធិការ​នេះ។ លោក​បន្ត​ថា «សូម​អំពាវនាវ​កុំ​ពន្យារ​ពេល​យូរ​ពេក ប្រយ័ត្ន​ភ្លេច​ខ្លួន។ ឥត​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង គ.ជ.ប ទេ ប៉ុន្តែ​ជូន​យោបល់​ក្នុង​នាម​ជា​អ្នក​តំណាង​រាស្ត្រ​មួយ​រូប។ កុំ​អូស​បន្លាយ​ត​ទៅ​ណា ប្រញាប់ប្រញាល់​ឡើង។ តិច​ថា​សម្ងំៗ​ភ្លេច​ខ្លួន​របូត​អគ្គលេខាធិការ គ.ជ.ប ដដែល អៃយ៉ា»។



ឆ្លើយ​តប​រឿង​នេះ លោក ហង្ស ពុទ្ធា មន្ត្រី​នាំ​ពាក្យ គ.ជ.ប​ថ្មី បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រហែល​ជា​ត្រូវ​ការ​ពេលវេលា​បន្ថែម​ទៀត មិន​លើស​ពី ៣​ខែ ក្នុង​ការ​រុះរើ​អគ្គលេខាធិការ​នៃ គ.ជ.ប ទេ ក៏ប៉ុន្តែ​លោក​ហាក់​រារែក​ក្នុង​ការ​អត្ថាធិប្បាយ​ពី​ភាព​ប្រាកដ​និយម​នៃ​ពេលវេលា​ជាក់លាក់​នេះ ដោយ​ហេតុ​ថា នីតិវិធី​ត្រូវ​រង់ចាំ​ព្រះរាជ្យក្រឹត្យ​ជា​មុន​សិន។ លោក​បន្ត​ថា «ពេលវេលា​ប្រហែល​ជា​ពិបាក​និយាយ​តិច​ដែរ ដោយសារ​មិន​មែន​ជា​ស្ថាប័ន គ.ជ.ប ខ្លួន​ឯង​ជា​អ្នក​សម្រេច​ចុង​ក្រោយ។ អ៊ីចឹង​ខ្ញុំ​ពិបាក​និយាយ​ថា ប្រហែល​ជា​រយៈពេល​ប៉ុន្មាន ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ប៉ុណ្ណេះ​ថា មិន​លើស​ពី ២ ទៅ ៣​ខែ​ទេ​បាទ»។

បើ​តាម លោក ហង្ស ពុទ្ធា បច្ចុប្បន្ន ព្រះរាជ្យក្រឹត្យ​ស្ដីពី​ការ​កំណត់​មុខងារ​ក្របខ័ណ្ឌ​ដោយ​ឡែក​មន្ត្រី​រាជការ គ.ជ.ប បាន​ពិគ្រោះ​យោបល់​រួច​ហើយ​ជាមួយ​ក្រសួង​មុខងារ​សាធារណៈ នៅ​តែ​ត្រូវ​បញ្ជូន​បន្ត​ដើម្បី​សុំ​ព្រះរាជទាន​ពី​ព្រះមហាក្សត្រ ដើម្បី​ឡាយ​ព្រះហស្តលេខា​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​នេះ គ.ជ.ប ក៏​កំពុង​ពិគ្រោះ​យោបល់ និង​ពិភាក្សា​អំពី​អនុក្រឹត្យ​មួយ​ផ្សេង​ទៀត ជុំវិញ​អគ្គលេខាធិការដ្ឋាន និង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់ គ.ជ.ប។ ប៉ុន្តែ ដើម្បី​ឲ្យ​អនុក្រឹត្យ​នេះ​ចេញ​រួច គឺ​ត្រូវ​រង់ចាំ​ព្រះរាជ្យក្រឹត្យ​ជា​មុន​សិន។ បើ​ទោះ​ជា​អគ្គលេខាធិការ​ថ្មី មិន​ទាន់​អាច​ដំណើរ​ការ​ទៅ​បាន​ក៏ដោយ ក៏ លោក ហង្ស ពុទ្ធា អះអាង​ថា នៅ​ខែ​សីហា ខាង​មុខ​នេះ ដំណើរ​ការ​ចុះ​ឈ្មោះ​សាកល្បង​នឹង​ត្រូវ​ចាប់​ផ្ដើម។ ដោយ​ឡែក​ការ​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ នឹង​ត្រូវ​ចាប់​អនុវត្ត​ចន្លោះ​ពី​ខែ​មីនា និង​ខែ​ឧសភា ដើម​ឆ្នាំ​២០១៦។

យ៉ាង​ណា​ក៏ដោយ អគ្គលេខាធិការ​នៃ គ.ជ.ប នេះ ជា​ចាំបាច់​ត្រូវ​តែ​មាន ព្រោះ​មុខងារ​មួយ​នេះ គឺ​ជា​សេនាធិការ​ដ៏​មាន​សក្ដានុពល​របស់ គ.ជ.ប ហើយ​អនុលោម​ទៅ​តាម​ច្បាប់​ថែម​ទៀត​ផង សម្រាប់​ប្រតិបត្តិការ​លើ​កិច្ចការ​បោះ​ឆ្នោត។

ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ចែង​ថា អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​នៃ គ.ជ.ប ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បន្ទាប់​ពី​សមាជិក គ.ជ.ប ទាំង ៩​រូប បាន​បោះ​ឆ្នោត​ជ្រើសរើស​ដោយ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ​ចុះ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) ហាក់​ស្ទាក់ស្ទើរ​ក្នុង​ការ​អត្ថាធិប្បាយ​ជុំវិញ​ភាព​យឺតយ៉ាវ​នៃ​ការ​ផ្តល់​សេចក្តី​ទុក​ចិត្ត សម្រាប់​ការ​ជ្រើសរើស​អគ្គលេខាធិការ​នៃ គ.ជ.ប​ថ្មី​នេះ ក៏ប៉ុន្តែ​លោក​យល់​ឃើញ​ថា ប្រសិន​បើ គ.ជ.ប ធ្វើ​កិច្ចការ​ផ្សេង ដូចជា​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​កិច្ចការ​ដទៃ​ទៀត​មុន​ការ​ជ្រើសរើស​សមាសភាព​អគ្គលេខាធិការ​នេះ ហើយ​បន្ត​រក្សា​តួនាទី​អគ្គលេខាធិការ​ចាស់ នឹង​បង្កើត​ជា​មន្ទិល​សង្ស័យ និង​ការ​ជឿ​ទុក​ចិត្ត​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ អំពី​ភាព​ត្រឹមត្រូវ​របស់ គ.ជ.ប។ លោក​បន្ត​ថា «គ.ជ.ប ត្រូវ​តែ​គិតគូរ​ដែរ​អំពី​ទស្សនៈ​យល់​ឃើញ​ជំនឿ​ទៅ​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ហ្នឹង​ដែរ ហើយ​បើ​សិន​ជា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុក​ចិត្ត​ទៅ​លើ​ក្រុម​ថ្មី​ទេ អាច​ដែរ។ គេ​មើល​ពី​ដំណើរ​រឿង​នៃ​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ព្រោះ​ដោយសារ​អី ដោយសារ​គេ​ដឹង​ថា ការងារ​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​របស់ គ.ជ.ប មាន​ឥទ្ធិពល​ខ្លាំង​ណាស់។ ពី​មុន​មក​មាន​សំឡេង​ខ្លាំង​ណាស់​នៅ​ក្នុង​កិច្ចការ​គ្រប់គ្រង គ.ជ.ប នេះ»។

លោក ហង្ស ពុទ្ធា ពន្យល់​ថា សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​លើក​នេះ គឺ​អ្នក​ដែល​រស់នៅ និង​ប្រកប​ការងារ​កន្លែង​ណា គឺ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទីតាំង​ដែល​ខ្លួន​រស់នៅ​បាន ដោយ​មិន​តម្រូវ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​នៅ​ទីកន្លែង​កំណើត​ទេ។ ក្រៅ​ពី​នេះ ច្បាប់​បោះឆ្នោត​ថ្មី​ក៏​កំណត់​ផាក​ពិន័យ​អ្នក​បោះឆ្នោត​ដែរ​ចន្លោះ​ពី ១​ម៉ឺន ទៅ ១០​ម៉ឺន​រៀល បើ​រក​ឃើញ​ថា មាន​ចេតនា​ចុះ​ឈ្មោះ​បោះឆ្នោត​ច្រើន​ទីតាំង និង​ច្រើន​ដង៕

No comments: