A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 May 2015

រដ្ឋាភិបាល​ជំរុញ​សង្គម​ស៊ីវិល​ឲ្យ​លើក​យក​ចំណុច​ខ្វះខាត​ក្នុង​ច្បាប់​គ្រប់គ្រង​អង្គការ​ដាក់​ជូន​សភា


ដោយ អ៊ុំ រង្សី
2015-05-29 rfa

សន្និសីទ​កាសែត​ស្ដីពី​ផល​ប៉ះពាល់​នៃ​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល (CCC) នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥។
 RFA/Um Rainsy

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បាន​លើក​ឡើង​ថា វា​ហួស​ពេល​ហើយ​ដែល​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល ទុក​ពេល​ពិភាក្សា​ជុំវិញ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​សង្គម​ស៊ីវិល ព្រោះ​ដំណាក់​កាល​នេះ រដ្ឋាភិបាល​កំពុង​បោះ​ជំហាន​ទៅ​មុខ នឹង​អាច​ឈាន​ទៅ​រក​ការ​អនុម័ត​ច្បាប់​នា​ពេល​ឆាប់ៗ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​រូប​នេះ ស្នើ​ឲ្យ​សង្គម​ស៊ីវិល​លើក​យក​ចំណុច​ខ្វះខាត​ជុំវិញ​ច្បាប់​នេះ ដាក់​ជូន​សភា​ដើម្បី​ពិភាក្សា​ដេញដោល​បន្ថែម​ទៀត។

ការ​ឆ្លើយ​តប​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ទៅ​កាន់​អង្គការ​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ទុក​ពេលវេលា​ពិគ្រោះ​យោបល់ ជុំវិញ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល មុន​នឹង​ដាក់​ជូន​សភា​អនុម័ត។

អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​នេះ កន្លង​មក​ធ្លាប់​បាន​ពិគ្រោះ​យោបល់​ច្រើន​លើក​ច្រើន​សា​ហើយ​ពី​អ្នក​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​សង្គម​ស៊ីវិល។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ​មិន​អាច​បោះ​ជំហាន​ដើរ​ថយ​ក្រោយ​ឡើយ ព្រោះ​វា​ឈាន​ដល់​ការ​ប្រជុំ​ពិនិត្យ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​អនុម័ត​ឲ្យ​ច្បាប់​នេះ​លេច​ចេញ​ជា​រូបរាង។


លោក ទិត្យ សុធា បាន​លើក​ឡើង​ទៀត​ថា ប្រសិន​បើ​សង្គម​ស៊ីវិល​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ត្រង់​ចំណុច​ណា​មួយ អាច​លើក​យក​ចំណុច​ខ្វះខាត​ទាំង​នោះ​ដាក់​ជូន​សភា ដើម្បី​ពិភាក្សា​ដេញដោល​លើ​ច្បាប់​នេះ​ពី​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន៖ «យើង​មាន​សមាជិក​សភា​ជា​តំណាង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។ ដូច្នេះ សង្គម​ស៊ីវិល​អាច​លើក​យក​ចំណុច​របស់​ខ្លួន​ដែល​គិត​ថា​ខ្វះខាត​ណា​មួយ អាច​ដាក់​ទៅ​កាន់​សភា​ទៅ មិន​មាន​មក​រាំង​ស្ទះ​ដំណើរ​របស់​រដ្ឋាភិបាល នៅ​ក្នុង​ដំណាក់​កាល​នេះ​នោះ​ទេ»។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​រូប​នេះ បាន​ដាក់​ការ​សង្ស័យ​ថា ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​នៅ​ពេល​នេះ គ្រាន់​តែ​ដើម្បី​កេង​ចំណេញ​ផល​ប្រយោជន៍​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​ចាត់​ទុក​ថា ជា​រឿង​មិន​សមរម្យ៖ «អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ហាក់​ដូចជា​យក​សេចក្តី​ព្រាង​ច្បាប់​នេះ​ដើម្បី​កេង​ផល​ប្រយោជន៍​របស់​ខ្លួន ហើយ​កំពុង​តែ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ឲ្យ​ទៅ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទៅ​វិញ»។

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ផល​ប៉ះពាល់​នៃ​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​ឧសភា សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តរជាតិ​រិះគន់​ថា ច្បាប់​នេះ​មិន​មាន​តម្លាភាព មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព នឹង​អាច​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ដើរ​ថយ​ក្រោយ។

សង្គម​ស៊ីវិល​ដែល​មាន​វត្តមាន​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ ស្នើ​ឲ្យ​រដ្ឋាភិបាល​បើក​ទូលាយ​ពិគ្រោះ​យោបល់ កែ​សម្រួល​ជា​សាធារណៈ មុន​នឹង​អនុម័ត​ចេញ​ជា​ច្បាប់ ព្រោះ​សង្គម​ស៊ីវិល​យល់​ថា មាន​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​នេះ ពុំ​មាន​ការ​ពន្យល់​បាន​ច្បាស់​នៅ​ឡើយ។ តួយ៉ាង​មាន​ចំណុច​សំខាន់​៣ ដែល​ពួក​គេ​ស្នើ គឺ​ទី​១ កំណត់​និយមន័យ​ស្ដីពី​ការ​ទទួល និង​ការ​បដិសេធ​នៃ​ការ​ចុះ​បញ្ជី​របស់​សង្គម​ស៊ីវិល​ឲ្យ​បាន​ច្បាស់លាស់។ ចំណុច​ទី​២ ច្បាប់​នេះ​បាន​តម្រូវ​ឲ្យ​អង្គការ​ត្រូវ​មាន​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​ថ្លៃ​រដ្ឋបាល រួម​ទាំង​ប្រាក់​ខែ​បុគ្គលិក​មិន​ឲ្យ​លើស ២៥% នៃ​កញ្ចប់​ថវិកា​សរុប។ រីឯ​ចំណុច​សំខាន់​ទី​៣ នោះ បាន​កំណត់​ថា អង្គការ​សមាគម​នៅ​មូលដ្ឋាន ត្រូវ​ផ្ដល់​ព័ត៌មាន​លាយលក្ខណ៍​អក្សរ ដូចជា​គម្រោង​គោលដៅ និង​កម្មវិធី​របស់​ខ្លួន​ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ដោយ​ធ្វើ​ការ​បម្រើ​ប្រយោជន៍​ក្នុង​មូលដ្ឋាន។ បញ្ហា​ទាំងអស់​នេះ សង្គម​ស៊ីវិល​យល់​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ​ភាព​ការងារ​របស់​ពួក​គេ៕

No comments: