Mon, 11 May 2015 ppp
កម្មករទាមទារឲ្យគោរពសិទ្ធិការងារប្រសើរឡើងនៅក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា។ ស្រេង ម៉េងស្រ៊ុន |
ទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ខែឧសភា គឺជាពេលវេលាល្អឥតខ្ចោះ សម្រាប់រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមជំពូកថ្មី អំពីសិទ្ធិការងារ នៅក្នុងវិស័យកាត់ដេរ។ ក្រុមមន្រ្តីរដ្ឋាភិបាល អាចបង្ហាញពិភពលោក ឲ្យបានមុតមាំថា ការប្តេជ្ញាចិត្តឲ្យមានតម្លាភាព និងគណនេយ្យភាពគឺពិតជាមានមែននៅទីនេះ។
សកម្មភាពឆ្ពោះទៅរកតម្លាភាពប្រសើរឡើងបានចាប់ផ្តើមរួចហើយ។ កាលពីខែមីនា ជាលើកទីមួយ ក្នុងរយៈពេលជាច្រើនឆ្នាំ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តល់ព័ត៌មានប្រចាំឆ្នាំ ទៅសាធារណជនអំពីចំនួនរោងចក្រដែលខ្លួនបានធ្វើអធិការកិច្ចក្នុងឆ្នាំ ២០១៤ និងចំនួននៃការផាកពិន័យ។ ការបង្ហាញជាសាធារណៈនេះ មិនទាន់ល្អទាំងស្រុងនៅឡើយទេ ប៉ុន្តែជាការចាប់ផ្តើមល្អមួយ។ ការបង្ហាញជាសាធារណៈបែបនេះបន្ថែមទៀត ដូចជា ចំនួនរោងចក្រដែលធ្វើអធិការកិច្ច ការបំពានសិទ្ធិការងារណាដែលត្រូវបានរកឃើញ ការផាកពិន័យ និងថាតើការផាកពិន័យនេះ ត្រូវបានប្រមូលត្រឹមត្រូវឬអត់? និងធ្វើឲ្យសាធារណជនឃើញនូវអ្វីដែលក្រសួងកំពុងធ្វើ។
កម្មករកាត់ដេរកម្ពុជាផលិតសម្លៀកបំពាក់ដែលលក់ដោយអ្នកបញ្ជាទិញម៉ាកល្បីៗ។ ប៉ុន្តែការអនុវត្តលក្ខខណ្ឌការងារខ្សោយជាច្រើន និងការរើសអើងនៅតែមាន។ ការតាមដានផ្លូវនៃសម្លៀកបំពាក់មួយពីរោងចក្រម៉ៅការផលិតបន្ត ក្នុងប្រទេសកម្ពុជារហូតដល់រោងចក្រនាំចេញធំ និងរហូតដល់ហាងលក់រាយជុំវិញពិភពលោកគឺជាការពិបាក។ ខ្សែចង្វាក់ផ្គត់ផ្គង់ទាំងនេះចេញជាស្រមោល ជាមួយនឹងតម្លាភាពតិចតួច។
ដោយជិះរថយន្តជុំវិញខេត្តកណ្តាល និងរាជធានីភ្នំពេញកាលពីចុងឆ្នាំ ២០១៣ សកម្មជនសិទ្ធិការងារ បានចង្អុលបង្ហាញខ្ញុំអំពីរោងចក្រកាត់ដេរតូចៗជាច្រើនដែលមើលទៅដូចហ្គារ៉ាសឡានធំជាងធម្មតាបន្តិច និងអគារស្នាក់នៅដែលមិនស្អាត។ រោងចក្រស្ទើរតែទាំងអស់មើលមិនដឹងអត្តសញ្ញាណថាជារោងចក្រមានតែរោងចក្រមួយក្នុងរាជធានីភ្នំពេញអាចកំណត់អត្តសញ្ញាណបានថា ជារោងចក្រកាត់ដេរ ដោយសារការបិទការផ្សាយជ្រើសរើសកម្មករនៅលើទ្វាររោងចក្រ។
កម្មករមានកម្រិតផ្សេងៗគ្នានៃព័ត៌មានអំពីសម្លៀកបំពាក់ដែលពួកគេផលិត។ ដោយអង្គុយនៅកៀកផ្លូវ ក្នុងខេត្តកណ្តាលខ្ញុំបានសម្ភាសស្រ្តីដែលធ្វើការនៅក្នុងរោងចក្រកាត់ដេរតូចមួយ។ ពួកគេមិនមានអត្តសញ្ញាណប័ណ្ណទេ។ ពួកគេមិនប្រាកដថា តើរោងចក្រនោះឈ្មោះអ្វី ប៉ុន្តែបានគិតថា រោងចក្រនេះ មានឈ្មោះចិន។ រោងចក្ររបស់ពួកគេមិនមានសញ្ញាបង្ហាញពីអត្តសញ្ញាណឲ្យយើងបានដឹងនៅពេលយើងជិះកាត់ទេ។ កម្មករមួយចំនួននៅក្នុងចំណោមកម្មករក្នុងរោងចក្រម៉ៅការផលិតបន្តតូចៗអាចប្រាប់ខ្ញុំថា សម្លៀកបំពាក់សម្រេច កំពុងត្រូវបានបញ្ជូនទៅរោងចក្រធំជាងនេះ និងជាម៉ាកដែលពួកគេផលិតឲ្យ។
ក្នុងករណីខ្លះកម្មករថែមទាំងមិនដឹងអំពីកន្លែងដែលពួកគេធ្វើការ។ ផ្ទុយទៅវិញ ពួកគេប្រើឈ្មោះហៅក្រៅសម្រាប់ទីតាំងរបស់ពួកគេ។ មានចម្ងល់ជាច្រើនអំពីឧស្សាហកម្មកាត់ដេរកម្ពុជា ដែលធ្វើឲ្យពិបាកតាមដានសិទ្ធិការងារ។ ជាឧទាហរណ៍ តើមានរោងចក្រចំនួនប៉ុន្មាន ហើយតើរោងចក្រទាំងនោះឈ្មោះអ្វីខ្លះ? ប្រសិនបើវាពិបាកស្គាល់ឈ្មោះរោងចក្រមួយ នោះវាមានឱកាសតិចតួចនៃការផ្ទៀងផ្ទាត់ថា តើរោងចក្រនោះបានចុះបញ្ជីត្រឹមត្រូវឬអត់? និងថាតើ រោងចក្រនោះទទួលបានការធ្វើអធិការកិច្ចដោយមន្រ្តីការងាររបស់រដ្ឋាភិបាលឬអត់? កម្មករស្រីៗមកពីរោងចក្រជាច្រើនបានប្រាប់ខ្ញុំអំពីការបង្ខំឲ្យធ្វើការងារថែមម៉ោង និងការបណ្តេញចេញពីការងារប្រសិនបើពួកគេមានផ្ទៃពោះ។ ជាឧទាហរណ៍ នៅក្នុងរោងចក្រម៉ៅការជួលផលិតបន្តមួយ កម្មករនិយាយថា នៅពេលមានការបញ្ជាទិញច្រើន ពួកគេត្រូវបានបង្ខំឲ្យធ្វើការនៅថ្ងៃអាទិត្យ និងនៅថ្ងៃធម្មតារហូតដល់ម៉ោង ៩ យប់ ហើយពេលខ្លះ រហូតដល់ពាក់កណ្តាលយប់ ឬម៉ោង ៦ ព្រឹក ហើយពួកគេមិនទទួលបានប្រាក់ឈ្នួលថែមម៉ោង និងមានការភ័យខ្លាចបាត់បង់ការងារប្រសិនបើពួកគេមិនគោរពតាម។
តម្លាភាពគឺសំខាន់ចំពោះការកែលម្អលក្ខខណ្ឌឲ្យប្រសើរឡើង និងបញ្ចប់ការរំលោភបំពានការងារ។ នៅពេលខ្ញុំបានជួបជាមួយមន្រ្តីក្រសួងការងារ កាលពីឆ្នាំមុន ខ្ញុំបានសួរពួកគេថា តើមានរោងចក្រចំនួនប៉ុន្មានដែលអាចមានលក្ខណៈការងារខ្សោយ និងមិនត្រូវបានគេដឹង។ ពួកគេមើលទៅទ័លគំនិតហើយនៅទីបំផុតទទួលស្គាល់ថា ពួកគេមិនមានបញ្ជីរោងចក្រកាត់ដេរពេញក្នុងប្រទេសកម្ពុជាទេ។
ក្រសួងអះអាងថា មានរោងចក្រកាត់ដេរប្រហែល ១០៨៧ នៅក្នុងបញ្ជីកត់ត្រារបស់ពួកគេ។ នេះគឺតិចជាងចំនួនអាជីវកម្មកាត់ដេរចំនួន ១២០០ ដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម និងសិប្បកម្មក្នុងឆ្នាំ ២០១៤ ដែលមានន័យថា រោងចក្រយ៉ាងហោចណាស់ ១០០ រោងចក្រកំពុងគេចពីការតាមដានដោយរដ្ឋាភិបាលតាមរយៈច្បាប់ស្តីពីការងារ។ ក្រុមអ្នកតស៊ូមតិ ដើម្បីសិទ្ធិ និងសហជីព ក្នុងប្រទេសកម្ពុជាជឿថា ចំនួនរោងចក្រដែលមិនចុះបញ្ជី និងមិនមានការធ្វើអធិការកិច្ច គឺមានចំនួនខ្ពស់ខ្លាំងជាងនេះ។ ការធ្វើអធិការកិច្ចវិស័យការងាររបស់កម្ពុជាគួរតែត្រូវពង្រីកឲ្យធំជាងមុន ការធ្វើអធិការកិច្ចក៏ត្រូវការកែលម្អឲ្យប្រសើរឡើងផងដែរ។ ប្រព័ន្ធអធិការកិច្ចជាយូរមកហើយ បានទទួលរងការមិនយកចិត្តទុកដាក់ និងយាយីដោយការចោទប្រកាន់ថា ពុករលួយ។ មន្រ្តីក្រសួងបានប្រាប់ខ្ញុំថា មិនមានថវិកាសម្រាប់ការធ្វើអធិការកិច្ចលើវិស័យការងារ។
មន្រ្តីអធិការកិច្ចត្រូវបានទុកឲ្យធ្វើការងារ ដោយមិនមានថវិកា ហើយការចំណាយលើការធ្វើដំណើរ និងថ្លៃអាហារត្រូវចេញពីហោប៉ៅផ្ទាល់ខ្លួន។
នៅក្នុងការអនុវត្ត ការសូកប៉ាន់ដោយរោងចក្រហាក់បីដូចជាការឧបត្ថម្ភធន សម្រាប់ការចំណាយរបស់មន្រ្តីអធិការកិច្ច។
អតីតមន្រ្តីអធិការកិច្ចពីរនាក់បានប្រាប់ខ្ញុំថា អ្នកគ្រប់គ្រងរោងចក្របានឲ្យលុយក្នុងស្រោមសំបុត្រដល់មន្រ្តីអធិការកិច្ច។
កម្មករពីរោងចក្រមួយចំនួនបានប្រាប់ខ្ញុំអំពីឧទាហរណ៍នៃអំពើពុករលួយ។ ពួកគេពន្យល់ថា អ្នកគ្រប់គ្រងបានប្រើទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយនគរបាលមូលដ្ឋាន ដើម្បីបំបិទសំឡេងកម្មករ មិនឲ្យលើកឡើងនូវក្តីបារម្ភរបស់ពួកគេ ហើយនគរបាលឃើញបញ្ហារបស់កម្មករបានទទួលសំណូកពីរោងចក្រនៅពេលទៅដល់រោងចក្រ។ ចំពោះផ្នែកអវិជ្ជមានវិញ ក្រសួងការងារឥឡូវនេះនិយាយថា ខ្លួនដឹងអំពីបញ្ហាប្រឈមជាច្រើន និងបានចាប់ផ្តួចផ្តើមនូវកំណែទម្រង់។ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលពិតជាចង់ដោះស្រាយបញ្ហាលក្ខខណ្ឌការងារខ្សោយនៅតាមរោងចក្រ និងរោងចក្រម៉ៅការផលិតបន្តមែន រដ្ឋាភិបាលគួរតែគាំទ្រតម្រូវការឲ្យមានតម្លាភាពខ្លាំងជាងមុន។
ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម គួរតែបង្ហាញបញ្ជីរោងចក្រកាត់ដេរទាំងអស់ជាសាធារណៈ បង្ហាញទីតាំងរបស់ពួកគេ ច្បាប់អនុញ្ញាតដែលរោងចក្រទាំងនោះមាន និងបន្តធ្វើបច្ចុប្បន្នភាពលើបញ្ជីទាំងនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែដឹកនាំក្រសួងការងារឲ្យពង្រីកការធ្វើអធិការកិច្ច និងពង្រឹងប្រព័ន្ធចុះបញ្ជីរោងចក្រ និងពិនិត្យមើលកិច្ចខិតខំប្រឹងប្រែងកែលម្អការសម្របសម្រួលក្នុងចំណោមក្រសួង។ កំណែទម្រង់អធិការកិច្ចការងារក៏ត្រូវការផងដែរ ហើយមន្រ្តីក្រសួងគួរតែអភិវឌ្ឍផែនទីផ្លូវដើម្បីធ្វើឲ្យប្រព័ន្ធនេះបើកចំហជាងមុន និងមានគណនេយ្យភាពជាងមុន។ នេះគឺសំខាន់ដើម្បីឲ្យមានភាពជឿជាក់លើរដ្ឋាភិបាល កេរ្តិ៍ឈ្មោះឧស្សាហកម្មកាត់ដេរ ហើយអ្វីទាំងអស់នេះ គឺដើម្បីកែលម្អលក្ខខណ្ឌការងារ។ តម្លាភាព និងគណនេយ្យភាពអាចជួយធានាថា ឧស្សាហកម្មកាត់ដេរនៅតែមិនត្រឹមតែជាប្រភពសំខាន់ក្នុងការផ្តល់ការងារដល់កម្មករកម្ពុជាជាច្រើនទេ ប៉ុន្តែថែមទាំងជាប្រភពត្រឹមត្រូវ និងមានសុវត្ថិភាព៕
Aruna Kashyap ជាអ្នកស្រាវជ្រាវជាន់ខ្ពស់អង្គការឃ្លាំមើលសិទ្ធិមនុស្សផ្នែកសិទ្ធិស្រ្តី
No comments:
Post a Comment