A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 11 May 2015

សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ​ចោទ​អធិការ​ស្រុក​ថា​ប្រើ​លិខិត​រដ្ឋបាល​ដើម្បី​រក​ស៊ី​ឈើ


ដោយ​ សូត សុខប្រាថ្នា
2015-05-11


ឡាន​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Tin Zakariya

សកម្មជន​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ ចោទ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រុក​សណ្ដាន់ ថា​ប្រើប្រាស់​លិខិត​រដ្ឋបាល​សម្រាប់​កាប់​ឈើ​សាងសង់​អធិការដ្ឋាន​នគរបាល​ស្រុក គឺ​គ្រាន់​តែ​ជា​លេស​ដើម្បី​របរ​រក​ស៊ី​កាប់​ឈើ​របស់​ខ្លួន​តែប៉ុណ្ណោះ ពីព្រោះ​សកម្មភាព​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​គ្មាន​ឃើញ​ឈើ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឡើយ។ យ៉ាង​ណា​ក៏ដោយ អាជ្ញាធរ​ស្រុក​បញ្ជាក់​ថា សកម្មភាព​កាប់​ឈើ​តាម​លិខិត​ស្នើ​សុំ គឺ​អាជ្ញាធរ​បញ្ជា​ឲ្យ​ផ្អាក​ជា​យូរ​ណាស់​មក​ហើយ។

ក្រោយ​ពេល​ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ នៅ​ខេត្ត​កំពង់ធំ នាំ​គ្នា​ទៅ​ពិនិត្យ​ដល់​ទីតាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្ដាន់ ប៉ុន្តែ​មិន​ឃើញ​មាន​ឈើ​ដែល​ដឹក​ចេញ​ពី​ព្រៃឡង់ ដូច​ក្នុង​លិខិត​របស់​អាជ្ញាធរ​នោះ ពួកគាត់​យល់​ថា លិខិត​ស្នើ​សុំ គឺ​គ្រាន់តែ​ហេតុផល​មួយ​ដើម្បី​អាច​ឱ្យ​អធិការ​ស្រុក​រក​ស៊ី​ឈើ​ផ្ទាល់​ខ្លួន​​ទៅ​វិញ។

សកម្មជន​ការពារ​ព្រៃឡង់ រស់​នៅ​ឃុំ​ដងកាំបិត លោក ជុំ យីន មាន​ប្រសាសន៍​ថា លិខិត​អនុញ្ញាត​សុំ​កាប់​ឈើ​ចំនួន ១៥​ម៉ែត្រគូប ពី​សំណាក់​អធិការ​ស្រុក​សណ្ដាន់ ដោយ​មាន​ហត្ថលេខា​យល់​ព្រម​ពី​សំណាក់​អភិបាល​ស្រុក​សណ្ដាន់ គឺ​លោក អ៊ុន បុត្ត ផង ចេញ​កាល​ពី​ដើម​ខែ​មករា ដើម្បី​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់ មក​ធ្វើ​ការិយាល័យ​គឺ​ផ្ទុយ​ស្រឡះ។ លោក​អះអាង​ថា រហូត​មក​ដល់​ខែ​ឧសភា គឺ​គេ​មិន​ឃើញ​មាន​ឈើ​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ឡើយ។



លោក​បន្ត​ថា ពេល​បណ្ដាញ​ព្រៃឡង់ ចាប់​បាន​គោយន្ត​ដឹក​ឈើ​របស់​កូន​លោក អួង ម៉ូលី ដែល​ជា​អធិការ​ស្រុក​សណ្ដាន់ កាល​ពី​ខែ​មេសា គេ​បាន​បង្ហាញ​លិខិត​អនុញ្ញាត ប៉ុន្តែ​ធាតុ​ពិត​គឺ​អាច​ជា​របរ​រក​ស៊ី​របស់​អធិការ​ស្រុក​រូប​នោះ​ច្រើន​ជាង ពីព្រោះ​កន្លង​មក​គេ​ឃើញ​តែ​សកម្មភាព​ដឹក​ឈើ​ចេញ​ពី​ព្រៃឡង់ ហើយ​យក​ទៅ​លក់​បន្ត​នៅ​តំបន់​ក្បែរ​ក្រុមហ៊ុន ស៊ី.អរ.ស៊ី.ខេ (CRCK)៖ «តាម​ខ្ញុំ​យល់ គឺ​គ្រាន់​តែ​លេស​មួយ​ដើម្បី​ឱ្យ​អភិបាល​ស្រុក​គាត់​វ៉ៃត្រា ហើយ​គាត់​យក​លេស​ដើម្បី​អារ​ឈើ​នៅ​តំបន់​ព្រៃឡង់ ដើម្បី​ជា​លក្ខណៈ​រក​ស៊ី​ដើម្បី​ផល​ប្រយោជន៍​របស់​ក្រុម​គ្រួសារ​គាត់​តែ​ប៉ុណ្ណឹង»។

លិខិត​មួយ​ច្បាប់​របស់​អធិការ​ស្រុក​សណ្ដាន់ លោក អ៊ួង ម៉ូលី ផ្ញើ​ទៅ​អភិបាល​ស្រុក​សណ្ដាន់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ស្នើ​សុំ​អារ និង​ដឹក​ឈើ​នៅ​ក្នុង​ឃុំ​ដងកាំបិត ចំនួន ១៥​ម៉ែត្រគូប ដើម្បី​យក​មក​ធ្វើ​ការិយាល័យ និង​បន្ទប់​ឃុំ​ខ្លួន​ជន​សង្ស័យ​បណ្ដោះអាសន្ន។ សំណើ​នោះ អភិបាល​ស្រុក​សណ្ដាន់ គឺ​លោក អ៊ុន បុត្ត បាន​យល់​ព្រម​នៅ​ថ្ងៃ​ដដែល។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អធិការ​ស្រុក​សណ្ដាន់ លោក អ៊ួង ម៉ូលី ដើម្បី​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា។ ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៧ មេសា លោក អ៊ួង ម៉ូលី ធ្លាប់​បាន​អះអាង​ថា លោក​មិន​បាន​រក​ស៊ី​ឈើ​នោះ​ទេ រួម​ទាំង​កូន​ចៅ​លោក​ផង។ លោក​បញ្ជាក់​ថា លិខិត​សុំ​​អនុញ្ញាត​កាប់​ឈើ​មក​ធ្វើ​ការិយាល័យ​ក្នុង​អធិការដ្ឋាន​ស្រុក​គឺ​ពិតជា​មាន​មែន ប៉ុន្តែ​សកម្មភាព​នោះ​បាន​បញ្ឈប់​ជា​យូរ​ណាស់​មក​ហើយ។

បន្ថែម​លើ​នេះ អភិបាល​ស្រុក​សណ្ដាន់ លោក អ៊ុន បុត្ត បញ្ជាក់​ថា ដោយ​ឃើញ​ជញ្ជាំង​ការិយាល័យ​នៃ​អធិការដ្ឋាន​ស្រុក​ពុក​ផុយ ស្រប​ការ​ស្នើ​សុំ​ពី​ខាង​អធិការ​ផង ខាង​លោក​បាន​ឱ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​ស្រុក​សម្រួល​លើ​បញ្ហា​នេះ។

លោក​បន្ត​ថា ឈើ​កាប់​យក​មក​ធ្វើ​ទីស្នាក់ការ គឺ​បាន​ខ្លះ​ហើយ ប៉ុន្តែ​មាន​ការ​ចោទ​ប្រកាន់​ពី​ខាង​សហគមន៍​ខ្លាំង​ពេក ខាង​លោក​ក៏​បញ្ជា​ឱ្យ​គេ​ផ្អាក​ទៅ​វិញ ចំណែក​ឈើ​បាន​ដឹក​មក​ខ្លះ គឺ​គេ​បាន​យក​ទៅ​ធ្វើ​ជញ្ជាំង​ការិយាល័យ​នោះ​ហើយ​ដែរ៖ «បាទ! យក​បាន​មក​ខ្លះ​ហើយ ប៉ុន្តែ​វា​មិន​គ្រប់។ បើ​ទោះ​បី​ជា​មិន​គ្រប់​ក៏​ខ្ញុំ​ប្រាប់​ឱ្យ​ផ្អាក ឬ​បញ្ឈប់​ទៅ។ ប៉ុណ្ណឹង​បាន​ហើយ មិន​បាច់​ធ្វើ​ទៀត​ទេ ហើយ​សល់​ប៉ុន្មាន​យើង​រក​ទិញ​អ្នក​ស្រុក​អ្នក​ភូមិ​ដើម្បី​មក​បង្គ្រប់​មក»។

អភិបាល​ស្រុក​ដដែល​ឱ្យ​ដឹង​ដែរ​ថា ខាង​លោក​តែង​ប្រុង​ប្រយ័ត្ន​ណាស់ នៅ​ពេល​ចេញ​លិខិត​អនុញ្ញាត​អ្វី​មួយ ព្រោះ​ខ្លាច​ក្រែង​មាន​មន្ត្រី​ខ្លះ​មាន​ឱកាស​យក​លិខិត​នោះ​ទៅ​ធ្វើ​រឿង​មិន​ត្រឹមត្រូវ។

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ប្រជា​សហគមន៍​ព្រៃឡង់ ចង់​ឱ្យ​រាជរដ្ឋាភិបាល​គប្បី​ពិនិត្យ​ឡើង​វិញ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ត​ទៅ​ទៀត ពីព្រោះ​មាន​មន្ត្រី​ខ្លះ​តែង​តែ​បំពាន​លើ​ច្បាប់ និង​បំពាន​ទៅ​លើ​ប្រសាសន៍​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ដោយ​ចូល​រួម​បំផ្លាញ​ព្រៃឈើ ដើម្បី​តែ​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​របស់​ខ្លួន។

យ៉ាង​ណា​ច្បាប់​ស្ដីពី​ព្រៃឈើ ឆ្នាំ​២០០២ មាត្រា ១០០ ចែង​ពី​បទល្មើស​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល កងយោធា ឬ​មន្ត្រី​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​អន្តរាគមន៍​ផ្ដល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល ជួយ​ដល់​អាជីវកម្ម​ និង​សកម្មភាព​គ្រប់​យ៉ាង​ពាក់ព័ន្ធ​រឿង​ព្រៃឈើ គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​ពី ១០​លាន​រៀល ទៅ ១០០​លាន​រៀល។ ក៏ប៉ុន្តែ​ទោះ​ជា​ច្បាប់​បាន​ចែង​ដូច្នេះ​ក្ដី តែ​មន្ត្រី​ប្រព្រឹត្ត​ល្មើស​ព្រៃឈើ​គេ​កម្រ​ឃើញ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ចាប់​យក​មក​ដាក់​ទោស​តាម​ច្បាប់​នេះ​ណាស់៕

No comments: