A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 29 May 2015

Cambodian villagers in Ratanakiri say Vietnam is preparing to grow coffee on disputed border land ពលរដ្ឋ​នៅ​រតនគិរី​ថា​វៀតណាម​ត្រៀម​ដាំ​កាហ្វេ​នៅ​ជាប់​នឹង​ស្រះ​ជីក​ក្នុង​តំបន់​ហាមឃាត់


ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់​នៅ​ជិត​តំបន់​ព្រំដែន​វៀតណាម ក្នុង​ខេត្ត​រតនគិរី អះអាង​ថា រណ្ដៅ​ដាំ​ដើម​កាហ្វេ​រាប់​រយ​រណ្ដៅ​ត្រូវ​បាន​ពលរដ្ឋ​វៀតណាម ជីក​រួច​ស្រេច​នៅ​ជាប់​នឹង​​​ស្រះ​ដែល​ពួកគេ​ជីក​ក្នុង​តំបន់​ព្រំដែន​ហាមឃាត់​នៃ​ប្រទេស​ទាំង​ពីរ។ អ្នក​ភូមិ​បារម្ភ​ថា ប្រសិន​សមត្ថកិច្ច​ព្រំដែន​ខ្មែរ​មិន​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​ទេ ពលរដ្ឋ​វៀតណាម នឹង​​បន្ត​ដាំ​ដើម​កាហ្វេ​ក្នុង​តំបន់​ប្រទាញប្រទង់​គ្នា​នេះ​ថែម​ទៀត។
ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អំពាវនាវ​សុំ​ឲ្យ​តម្រួត​ព្រំដែន​ខ្មែរ​ឃ្លាំមើល​ឲ្យ​ដិតដល់​ខ្លាចក្រែង​ពលរដ្ឋ​វៀតណាម បន្ត​រំលោភ​បំពាន​តំបន់​ព្រំដែន​ហាម​ប៉ះពាល់។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​តំណាង​អ្នកភូមិ​បី​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា បាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​ស្រះ​ទឹក​ដែល​ពលរដ្ឋ​វៀតណាម បាន​ជីក​នៅ​តំបន់​ស​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ ហើយ​បាន​ប្រទះ​ឃើញ​រណ្ដៅ​ជម្រៅ ១​ម៉ែត្រ​បួន​ជ្រុង​រាប់​រយ​រណ្ដៅ​ដែល​គេ​ជីក​រួច​ស្រេច​ក្នុង​បំណង​ដាំ​ដើម​​កាហ្វេ​នៅ​ពេល​ខាង​មុខ​នេះ។
តំណាង​អ្នក​ភូមិ លោក សេវ ស្វាន មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​តំបន់​ព្រំដែន​ប្រទាញប្រទង់​រវាង​កម្ពុជា និង​វៀតណាម នៅ​ចន្លោះ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភូមិ​ឡំ និង​ប៉ុស្តិ៍​ភ្នំ​ក្រហម ពលរដ្ឋ​វៀតណាម កំពុង​ត្រៀម​ដាំ​ដើម​កាហ្វេ​ក្បែរ​ស្រះ​ដែល​ពួកគេ​ជីក​ក្នុង​តំបន់​ស ហេតុ​នេះ​អ្នក​ភូមិ​បារម្ភ​ថា បើ​គ្មាន​ការ​ត្រួត​ពិនិត្យ​ទេ យុទ្ធសាស្ត្រ​ពង្រីក​ទឹកដី​របស់​ពលរដ្ឋ​វៀតណាម នឹង​ធ្វើ​ឲ្យ​បាត់បង់​ដី​ខ្មែរ​នៅ​តំបន់​នោះ៖ «គេ​ពង្រីក​មក​ដល់​ច្រប់ គេ​កាប់​ដាំ​កាហ្វេ​កន្លែង​ហ្នឹង គេ​ដាំ​កាហ្វេ​ហើយ​គេ​យក​ដី​ហ្នឹង​សង្ស័យ​ដី​គេ​ហើយ។ ព្រួយ​បារម្ភ​ហ្នឹង​ហើយ យូរៗ​គេ​ថា​ដី​គេ»
កាល​ពី​ដើម​សប្ដាហ៍ តម្រួត​ព្រំដែន​ខ្មែរ​នៅ​ស្រុក​អូរយ៉ាដាវ មាន​ការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​ដើរ​ល្បាត​​តាម​បន្ទាត់​ព្រំដែន ហើយ​ប្រទះ​ឃើញ​ស្រះ​ទឹក​ធំៗ យ៉ាង​ហោច​ណាស់ ៥ ត្រូវ​បាន​ភាគី​វៀតណាម ​ជីក​រួច​ស្រេច​នៅ​លើ​ចំណុច​ស​ដែល​ភាគី​ប្រទេស​ទាំង​ពី​ឯកភាព​គ្នា​ចាត់​ទុក​ជា​​តំបន់​ហាម​ប៉ះពាល់។
ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក ហេង រតនា មាន​ប្រសាសន៍​បញ្ជាក់​​ថា បន្ទាប់​ពី​មាន​ការ​រំលោភ​នេះ​តម្រួត​ព្រំដែន​ត្រូវ​បាន​ចាត់​ឲ្យ​ល្បាត​នៅ​តំបន់​នោះ​ជា​ប្រចាំ​មិន​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍​រំលោភ​ថ្មី​ទៀត​បាន​ទេ។
លោក​ថា តម្រួត​ព្រំដែន​ខ្មែរ​នៅ​ចំណុច​មាន​ទំនាស់​បាន​ជួប​​ប្រជុំ​នឹង​តម្រួត​ព្រំដែន​វៀតណាម រួច​ហើយ ដើម្បី​ផ្ដល់​ព័ត៌មាន​ការ​រំលោភ​នេះ។ ចំណែក​ភាគី​វៀតណាម អះអាង​ថា នឹង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់​លើ​របស់​ពួកគេ​ដោះស្រាយ៖ «ប៉ុស្តិ៍​នេះ​និង​ប៉ុស្តិ៍​ភ្នំ​ក្រហម គឺ​សហការ​គ្នា​ល្បាត​ឃើញ​ស្អី​ដក​ហ្នឹង អត់​ឲ្យ​ប៉ះពាល់​ទៀត​ទេ។ ទៅ​ប្រជុំ​ខាង​ប៉ុស្តិ៍​វៀតណាម ដែល​គេ​កាន់ការ​នៅ​ហ្នឹង​ផ្ទាល់​ហើយ ឥឡូវ​រង់ចាំ​បទបញ្ជា​ថ្នាក់​​លើ​គាត់​ឲ្យ​ដោះស្រាយ ក៏ប៉ុន្តែ​ធ្វើ​បន្ត គឺ​ការពារ​ដាច់ខាត»
​ដូច​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន មាន​ប្រសាសន៍​​ថា អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​របាយការណ៍​ជូន​ក្រសួង​មហាផ្ទៃ​ និង​គណៈកម្មការ​ចម្រុះ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​រួច​ហើយ។
លោក​ថា ក្រុម​ការងារ​ថ្នាក់​ជាតិ​នឹង​ចុះ​មក​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៅ​​​កន្លែង​កើត​ហេតុ ហើយ​ទំនង​កំណត់​ការទូត​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​រួម​ជាមួយ​ការ​ទាមទារ​ឲ្យ​ភាគី​វៀតណាម លុប​ស្រះ​នោះ​វិញ៖ «វរៈព្រំដែន​គេ​បាន​ហាម​ឃាត់​ហើយ លោក​ឧបនាយករដ្ឋមន្ត្រី​នៅ​ក្រសួង​មហាផ្ទៃ នឹង​ពិភាក្សា​ខាង​វៀតណាម ហើយ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ហ្នុង​ ហើយ​មាន​បំណង​ឲ្យ​លុប​ស្រះ​ហ្នឹង​វិញ។ ទទួល​ដំណឹង​​រង់ចាំ​តែ​ពេល​វេលា មិន​យូរ​ទេ»
​ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ឆាយ ធី ចាត់​ទុក​ផែនការ​ជីក​ស្រះ និង​ដាំ​កាហ្វេ​នៅ​តំបន់​ហាមឃាត់​របស់​ភាគី​វៀតណាម ថា​ជា​ចលនា​​ទន្ទ្រាន​កាន់​កាប់​ដី​នៅ​តំបន់​ព្រំដែន។ លោក​កត់សំគាល់​ថា កន្លង​ទៅ​នេះ តំបន់​ស​ហាមឃាត់​ដែល​​មិន​ទាន់​មាន​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ ភាគី​វៀតណាម បាន​រំលោភ​បំពាន​ជា​ញឹកញាប់៖ «ជា​ការ​ព្រួយបារម្ភ។ យើង​គិត​ថា វៀតណាម​មក​ជីក​ស្រះ​នៅ​ពេល​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​​រំលោភ​ចូល​មក​ទឹកដី​ខ្មែរ។ បើ​មិន​មាន​វិធានការ​ជាក់លាក់​ពី​រដ្ឋាភិបាល ព្រំដែន​យើង​ប្រឈម​នឹង​ការ​​បាត់បង់​នៅ​ថ្ងៃ​អនាគត»

​ប្រទេស​កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក និង​ព្រំ​ដែនទឹក​សរុប ២.៥៧២​គីឡូម៉ែត្រ។ ដំណើរការ​រុករក និង​បោះ​បង្គោល​ព្រំដែន មន្ត្រី​ជំនាញ​កិច្ច​ព្រំដែន​កម្ពុជា កន្លង​មក​បាន​អោយ​ដឹង​ថា កម្ពុជា និង​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​រួម​គ្នា​បាន​ចំនួន​ជាង ២៨០​បង្គោល​ហើយ ក្នុង​ចំណោម​បង្គោល​ព្រំដែន​ដី​គោក​សរុប ៣១៤​បង្គោល។
​នៅ​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា និង​ភាគី​វៀតណាម បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​ចាប់​ពី​ព្រំប្រទល់​បី​ប្រទេស មាន កម្ពុជា វៀតណាម និង​ឡាវ រួមមាន បង្គោល​ព្រំដែន​លេខ ០ ដល់​បង្គោល​លេខ ២៩។ ចំណែក​បង្គោល​ព្រំដែន​លេខ ៣០ ឋិត​នៅ​ចំណុច​​ផ្លូវ​ជាតិ​លេខ ៧៨​អា មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ បាន​ឯកភាព​បោះ​តម្រុយ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន។ ចាប់​ពី​បង្គោល​ព្រំដែន​លេខ ៣០ ទៅ​ទល់នឹង​បង្គោល​ព្រំដែន​​លេខ ៣៩ ភាគី​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​បោះ​តម្រុយ​នៅ​ឡើយ។ ដោយ​ឡែក​ចាប់​ពី​បង្គោល​​ព្រំដែន​លេខ ៤០ ដល់​បង្គោល​ព្រំដែន​លេខ ៤១ ព្រំប្រទល់​ខេត្ត​មណ្ឌលគិរី គឺ​បាន​បោះតម្រុយ​បង្គោល​​ព្រំដែន​បណ្ដោះអាសន្ន​ហើយ​ដែរ៕

No comments: