A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 26 May 2015

Cambodian villagers in Tbong Khmum province along the Cambodian-Vietnamese border say Vietnamese authority had prayed pesticide a second time to kill their crops which were grown inside Cambodian territory ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ថា​អាជ្ញាធរ​វៀតណាម​មក​បំផ្លាញ​ដំណាំ​ពួកគាត់​ជា​ថ្មី​ទៀត

ថ្នាំ​ពុល វៀតណាម ៦២០
ប៊ីដុង​ថ្នាំ​ពុល​ដែល​អាជ្ញាធរ​វៀតណាម ប្រើ​បាញ់​លើ​ដំណាំ​ស្រូវ ដំឡូងមី របស់​ពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ឆ្នាំ​២០១៥។
RFA/Saut Sokprathna
ពលរដ្ឋ​នៅ​ភូមិជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ អះអាង​ថា អាជ្ញាធរ​វៀតណាម មក​ហាមឃាត់ និង​ជាន់​ដំណាំ​ស្រូវ​របស់​ពួកគាត់​ជា​ថ្មី​ទៀត កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា។ ការ​អះអាង​នេះ ក្រោយ​ពេល​ពលរដ្ឋ​ចូល​ទៅ​ដក​ស្មៅ​ស្រូវ​ដែល​សេស​សល់​ពី​ការ​បាញ់​ថ្នាំ​ពុល​របស់​អាជ្ញាធរ​វៀតណាម កាល​ពី​ខែ​មេសា។
បើ​ទោះ​បី​ជា​អាជ្ញាធរ​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មាន​ដី​នៅ​តំបន់​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម នៅ​ឃុំ​ជាំ បញ្ឈប់​ការ​ចូល​ទៅ​ដាំ​ដំណាំ​លើ​ដី​ជម្លោះ​នោះ​ក៏ដោយ ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មិនទាន់​អស់​ចិត្ត។
ពលរដ្ឋ​បញ្ជាក់​ថា ពួកគេ​នៅ​តែ​ស្តាយ​ដំណាំ​​ដែល​នៅ​សេស​សល់ ​ម្យ៉ាង​ពួក​គាត់​មិន​មាន​ដី​ផ្សេង​សម្រាប់​ធ្វើ​កសិកម្ម​ផង ទើប​ជំរុញ​ឱ្យ​ពួកគាត់​ចូល​ទៅ​តំបន់​ដី​ជម្លោះ​នោះ​បន្ត​ទៀត។
ពលរដ្ឋ​នៅ​ភូមិ​ជើង ម្នាក់ លោក អ៊ឹម ឃ្លោក ឱ្យ​ដឹង​ថា អាជ្ញាធរ​ព្រំដែន​វៀតណាម បី​នាក់ មក​ចាប់​យក​កាំបិត​ពី​លោក ខណៈ​ដែល​ពួកគាត់​កំពុង​ដក​ស្មៅ​ស្រូវ​លើ​ដី​ចំណុច​ ១៦​ហិកតារ ព្រម​ទាំង​គំរាម​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​តំបន់​នោះ​ទៀត​ឡើយ។
លោក​បន្ត​ថា អាជ្ញាធរ​វៀតណាម មិន​ត្រឹមតែ​ដក​ហូត​យក​កាំបិត​ពលរដ្ឋ​ទេ ពួកគេ​ថែម​ទាំង​បាន​ជាន់​ស្រូវ​របស់​ពួកគាត់​ដែល​នៅ​សេសសល់​ទៀត​ផង ទើប​បណ្ដាល​ឱ្យ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​មួយ​សន្ទុះ ក៏​ខាង​ភាគី​វៀតណាម ព្រម​ប្រគល់​កាំបិត​ឱ្យ​ពលរដ្ឋ​ខ្មែរ​វិញ៖ «មិន​ដឹង​យល់​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​យើង យើង​មិន​អស់​ចិត្ត អាជ្ញាធរ​យើង​មិន​ព្រម​សួរ​ដោះស្រាយ​ជូន​ប្រជាជន​ដូច​ថា​យ៉ាង​ម៉េច​យ៉ាង​ម៉ា។ ដោះស្រាយ​តែ​គ្នា​គេ​អី​គ្នា​គេ ពលរដ្ឋ​អត់​ដឹង យើង​ចេះ​តែ​ធ្វើ​ទៅ»
កន្លង​មក​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ដោយ​មាន​ទាំង​ស្នងការ​នគរបាល​ខេត្ត លោក ម៉ៅ ពៅ ផង បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បញ្ឈប់​សកម្មភាព​ចូល​ដាំដំណាំ​លើ​ដី​ជម្លោះ​នោះ​ត​ទៅ​ទៀត ដើម្បី​ជៀសវាង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ភាគី​វៀតណាម ពីព្រោះ​ដី​នោះ​ត្រូវ​បាន​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ និង​បង្ហាញ​ផែនទី​បញ្ជាក់​ថា ជា​ដី​របស់​វៀតណាម។ តែ​យ៉ាង​ណា​ស្នងការ​ខេត្ត​ត្បូងឃ្មុំ ធ្លាប់​បញ្ជាក់​ថា ខាង​អាជ្ញាធរ​កម្ពុជា និង​វៀតណាម បាន​សម្រេច​គ្នា​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាច​ចូល​ប្រមូល​ផល​ដំណាំ​លើ​ដី​នោះ​រហូត​រួចរាល់ ប្រសិន​បើ​មាន​ដំណាំ​សេស​សល់ លើកលែង​តែ​ការ​ចូល​ទៅ​ដាំ​ដំណាំ​ថ្មី​តែ​ប៉ុណ្ណោះ។ ក្រៅ​តែ​ជាន់​ដំណាំ​ពលរដ្ឋ​ហើយ លោក អ៊ឹម ឃ្លោក ឱ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​វៀតណាម ទាំង​នោះ ក៏​បាន​ទៅ​ដក​ជន្លង់​ម្រេច​របស់​ពលរដ្ឋ​នៅ​ក្បែរ​នោះ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​ភ្លាមៗ ក្រោយ​ពេល​ម្ចាស់​ចម្ការ​ម្រេច​បាន​ទៅ​ជួប។
ទាក់ទង​ការ​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​ជា​ថ្មី​ទៀត​នេះ មន្ត្រី​ប៉ុស្តិ៍​ព្រំដែន​នៅ​ឃុំ​ជាំ ម្នាក់ លោក ថេង ចិន្តា បញ្ជាក់​ថា ខាង​លោក​មិន​ទាន់​ដឹង​បញ្ហា​នេះ​ទេ។ ដោយ​ឡែក​មេ​ឃុំ​ជាំ លោក ប្រាក់ វន្នី មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ព័ត៌មាន​នេះ ប៉ុន្តែ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។ តែ​យ៉ាងណា​លោក​នឹង​ចុះ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​បន្ថែម​ទៀត ហើយ​បើ​រក​ឃើញ​ថា ពិត​ជា​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​មែន ខាង​លោក​នឹង​អនុវត្ត​តាម​នីតិវិធី៖ «អា​នេះ​ខ្ញុំ​ធ្វើ​ទៅ​តាម​គោលការណ៍​ច្បាប់។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ពី​ច្បាប់​ទេ។ បញ្ហា​រដ្ឋាភិបាល​សម្រេច​ចិត្ត​ប៉ុណ្ណា​អី​ប៉ុណ្ណា គឺ​ខ្ញុំ​ឱ្យ​គាត់​គោរព​ប៉ុណ្ណឹង​សិន​ទៅ»

ទាក់ទង​នឹង​បញ្ហា​ជម្លោះ​ដី​នៅ​ព្រំដែន​រវាង​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​នេះ ប្រជាពលរដ្ឋ​ជនជាតិ​ចាម ដែល​ដឹកនាំ​ដោយ​លោក អ៊ីសា អូស្មាន ជា​អ្នក​ស្រាវជ្រាវ​អំពី​ជនជាតិ​ចាម គ្រោង​នឹង​ដឹកនាំ​ពលរដ្ឋ​ជនជាតិ​ចាម ជាង ១០០​នាក់ ទៅ​ទស្សនកិច្ច​នៅ​តំបន់​ជម្លោះ​នេះ។
លោក អ៊ីសា អូស្មាន លើក​ឡើង​ថា គម្រោង​ចុះ​ទៅ​ពិនិត្យ​មើល​បញ្ហា​ព្រំដែន​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ខាង​មុខ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​សើរើ​រឿង​ព្រំដែន​ឡើង​វិញ ប្រសិន​បើ​រក​ឃើញ​ថា ​ដី​នោះ​ពិត​ជា​ដី​របស់​ខ្មែរ ព្រោះ​ពលរដ្ឋ​ចាម ​មិន​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​បាត់បង់​ទឹក​ដី និង​មិន​ចង់​ឃើញ​ដី​ខ្មែរ​ចេះ​តែ​រួម​តូច​ទៅៗ នោះ​ឡើយ។ លើស​ពី​នេះ​ទៀត ពួកគេ​រឹតតែ​មិន​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​វាសនា​ដូច​ប្រទេស​ចម្ប៉ា និង​ខ្មែរ​កម្ពុជា​ក្រោម​ឡើយ៖ «ទី​ពីរ ដើម្បី​រំលឹក​ពី​ប្រវត្តិសាស្ត្រ​របស់​នគរ​ចម្ប៉ា​បាត់បង់​កាល​ពី ២០០​ឆ្នាំ​កន្លង​ទៅ ដោយសារ​វៀតណាម ឈ្លាន​ពាន​យក។ នេះ​ក៏​ជា​សារ​ដាស់​រំលឹក​ស្មារតី​ដល់​ពលរដ្ឋ​ខ្មែរ​រៀន​ពី​ប្រវត្តិសាស្ត្រ​ជូរចត់​របស់​នគរ​ចម្ប៉ា​នេះ»
បញ្ហា​ព្រំដែន​នៅ​ចំណុច​​ជាំប្រាំល្វែង ចន្លោះ​បង្គោល​ព្រំដែន​លេខ ៩៤ និង ៩៥ ក្នុង​ភូមិជើង ឃុំ​ជាំ គឺ​ជា​បញ្ហា​រសើប​រវាង​ពលរដ្ឋ​និង​រាជ​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​អាជ្ញាធរ​វៀតណាម​ផង។ បញ្ហា​ក្ដៅ​ទាំង​នោះ កើត​ឡើង​បន្ទាប់​ពី​អាជ្ញាធរ និង​ពលរដ្ឋ​វៀតណាម យក​ថ្នាំ​ពុល​មក​បាញ់​លើ​ដំណាំ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ហិកតារ​កាល​ពី​ថ្ងៃ​ទី​១៩ មេសា។ ក្រោយ​មក​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ផ្ញើ​លិខិត​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ចាត់​វិធានការ​លើ​បញ្ហា​នេះ​ បន្ទាប់​ពី​ពួកគេ​បាន​ចុះ​ទៅ​ដល់​ទីតាំង​ជម្លោះ។ បន្ទាប់​ពី​ទទួល​បាន​លិខិត​ពី​មន្ត្រី​គណបក្ស​ប្រឆាំង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ព្រមទាំង​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ​ក៏​បាន​ចេញ​លិខិត​និង​បកស្រាយ​ជា​សាធារណៈ​បញ្ជាក់​ថា ដី​ជាង ១៦​ហិកតារ​ដែល​កំពុង​មាន​ជម្លោះ គឺ​ស្ថិត​នៅ​ក្នុង​បូរណភាព​ដែន​ដី​​របស់​ប្រទេស​វៀតណាម។ ពួកគេ​ថែម​ទាំង​អះអាង​ថា ការ​កំណត់​ខ្សែ​បន្ទាត់ និង​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​កន្លង​មក គឺ​ធ្វើតាម​ផែនទី​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ទៀត​ផង។ ប៉ុន្តែ​ខាង​មន្ត្រី​ខាង​គណបក្ស​ប្រឆាំង​បាន​ទាត់ចោល​ការ​លើក​ឡើង​នេះ។
ការ​បក​ស្រាយ ពី​សំណាក់​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្វើ​ឱ្យ​ពលរដ្ឋ​ស្ទើរ​ទូទាំង​នគរ​នាំ​គ្នា​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​រំលោភ​លើ​ដី​វៀតណាម ទៅ​វិញ? ភាព​​ងឿងឆ្ងល់​​ទាំងនោះ ​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ ពិសេស​ក្រុម​យុវជន​កាន់​តែ​ចង់​ដឹង​ពី​បញ្ហា​ដែល​កើត​ឡើង ហើយ​ថ្មីៗ​នេះ ក៏​មាន​យុវជន​ជាង ១០០​នាក់​នាំ​គ្នា​ទៅ​ដល់​តំបន់​ដី​ជម្លោះ​ទៀត​ផង។
បញ្ហា​ព្រំដែន​នៅ​ស្រុក​មេមត់ កាន់​តែ​មាន​ភាព​ចម្រូងចម្រាស នាំ​ឱ្យ​ពលរដ្ឋ យុវជន សមាជិក​គណបក្ស​ប្រឆាំង ស្នើ​ឱ្យ​សើរើ​ឡើង​វិញ​ចំពោះ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ម្ដង​ហើយ​ម្ដង​ទៀត បើ​ទោះបីជា​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ជំហរ​ថា មិន​អាច​ទៅ​រួច​ក៏ដោយ៕

No comments: