A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 25 May 2015

Kem Sokha: The smaller parties are not our competitors លោក កឹម សុខា៖ បក្ស​តូចៗ​មិន​មែន​ជា​ដៃគូ​ប្រកួតប្រជែង​របស់​បក្ស​សង្គ្រោះ​ជាតិ

កឹម សុខា ៦២០
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០១៥។
RFA/Morm Moniroth
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រកាស​ថា គណបក្ស​តូចៗ​ដែល​បាន​បង្កើត​ឡើង​នោះ មិន​មែន​ជា​ដៃគូ​ប្រកួតប្រជែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។ លោក​អះអាង​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ទេ ជា​គណបក្ស​តែ​មួយ​គត់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ផ្ដួល​ក្នុង​ពេល​បោះឆ្នោត​អាណត្តិ​ទី​៦ ខាង​មុខ។ អ្នក​វិភាគ​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​យក​ជ័យជំនះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា បាន​នោះ លុះ​ត្រា​គណបក្ស​ប្រឆាំង​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់។
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ជា​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា បាន​ថ្លែង​នៅ​ចំពោះ​អ្នក​គាំទ្រ​ខ្លួន​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ដោយ​ជំរុញ​ឲ្យ​សមាជិក​របស់​ខ្លួន​ត្រូវ​រួបរួម​គ្នា​ដើម្បី​ផ្ដួល​ដៃគូ​ប្រកួត​នៅ​ពេល​បោះឆ្នោត​ខាង​មុខ គឺ​គណបក្ស​ប្រជាជន​កម្ពុជា។
លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​សុពលភាព​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​ថ្មគោល ខណ្ឌ​សែនសុខ ថា បើសិនជា​លោក សម រង្ស៊ី និង​រូប​លោក​នៅ​តែ​រួបរួម​គ្នា គ្មាន​គណបក្ស​តូចៗ​មិន​អាច​មក​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឡើយ លុះ​ត្រា​ណា​សម្ពន្ធភាព​រវាង​គណ​បក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ហែកហួរ​គ្នា​ទើប​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បរាជ័យ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា៖ «»។
ការ​ថ្លែង​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នេះ ជា​លើក​ទី​១​ហើយ បន្ទាប់​ពី​លោក​បាន​រក្សា​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​នៅ​ខណៈ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​បញ្ចប់​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នោះ។ ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន ថែម​ទាំង​ព្រមាន​ដក​កៅអី​អនុ​ប្រធាន​សភា​ដែល​លោក​កំពុង​អង្គុយ​ទៀត​ផង៖ «»។

ទោះ​ជា​បែប​នេះ​ក្ដី លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​លោក​ជាង ១​ពាន់​នាក់ លោក​ហាក់​ដូច​ជា​មិន​ខ្វល់​ពី​កៅអី​អនុប្រធាន​ទី​១​រដ្ឋ​សភា​ឡើយ។ លោក​បញ្ជាក់​ថា ទិសដៅ​របស់​លោក​សំខាន់ គឺ​ដណ្ដើម​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​ពេល​ខាង​មុខ៖ «»។
ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី គាំទ្រ​ការ​លើក​ឡើង​របស់​លោក កឹម សុខា ប៉ុន្តែ​បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ​នោះ លុះ​ត្រា​ណា​គណបក្ស​នេះ មាន​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ផ្ទៃក្នុង​ឲ្យ​បាន​ច្បាស់លាស់៖ «»។
លោក​បណ្ឌិត កែម ឡី បញ្ជាក់​ថា យុទ្ធសាស្ត្រ​ល្អ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​ត្រូវ​មាន​អភិបាលកិច្ច​ល្អ​ក្នុង​បក្ស មាន​គោលការណ៍​ប្រជាធិបតេយ្យ​ច្បាស់លាស់ មាន​គោលនយោបាយ​ដោះស្រាយ​សង្គម​ច្បាស់លាស់ និង​គោលការណ៍​ផ្សេងៗ​មួយ​ចំនួន​ទៀត។
សកម្មភាព​បន្ត​សារ​នយោបាយ​របស់​លោក កឹម សុខា ម្ដង​ហើយ​ម្ដង​ទៀត​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា គណបក្ស​ទាំង​ពីរ​នឹង​មិន​អាច​រក្សា​វប្បធម៌​សន្ទនា​បាន​យូរ​អង្វែង​នោះ​ឡើយ។ ម្យ៉ាង​ទៀត លោក កឹម សុខា ក៏​នឹង​មិន​អាច​រក្សា​តំណែង​អនុប្រធាន​សភា​បាន​ចប់​អាណត្តិ​ដែរ។
លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​លោក សម រង្ស៊ី ដែល​ជា​ដៃគូ​សន្ទនា ដើម្បី​បំបែកបំបាក់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ចង់​មិន​ចង់​លោក កឹម សុខា នឹង​អាច​ត្រូវ​សភា​បោះឆ្នោត​ទម្លាក់​ពី​តួនាទី មិន​ខុស​ពី​អ្វី​ដែល​លោក ហ៊ុន សែន ប្រើប្រាស់​សម្ដេច​ក្រុមព្រះ​ទម្លាក់​លោក សម រង្ស៊ី ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​មុន​ដែរ ប្រសិន​បើ​លោក កឹម សុខា នៅ​តែ​រឹង​ទទឹង​ថ្លែង​សារ​នយោបាយ​រិះគន់​រដ្ឋាភិបាល​អត់​ឈប់ឈរ​នោះ៕

No comments: