A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 May 2015

Residents say border has moved សភា​ស្នើ​រដ្ឋាភិបាល​បំភ្លឺ​ការ​បោះ​បង្គោល​ព្រំដែន​នៅ​កំពត

Thu, 14 May 2015
The Phnom Penh Post
Residents in southern Cambodia have backed opposition claims that Vietnamese officials have moved border markers deep into Cambodian territory, though the minister in charge of border issues has denied the accusation.
Asking to remain anonymous, residents near the Ton Hon Cambodia-Vietnam border checkpoint in Kampot province yesterday said some farmers’ crops had been destroyed by the planting of border posts.
That claim was made following confirmation yesterday that National Assembly President Heng Samrin had asked Prime Minister Hun Sen to investigate the situation, following a written request from opposition lawmaker Um Sam An on May 4.
The Cambodia National Rescue Party MP had previously visited the area and met with residents in mid-April.
He claims the border is currently marked along a canal dug by the Vietnamese in 1979, 1 kilometre from the correct frontier bisecting Prey Tameng creek. However, according to a May 11 letter sent to Samrin by the minister in charge of border affairs, Va Kimhong, not only has the border not been moved, but Prey Tameng creek is entirely within Vietnamese territory.

សភា​ស្នើ​រដ្ឋាភិបាល​បំភ្លឺ​ការ​បោះ​បង្គោល​ព្រំដែន​នៅ​កំពត
Thu, 14 May 2015
មាស សុខជា ភ្នំពេញ ​ប៉ុស្តិ៍
http://www.postkhmer.com/sites/default/files/styles/full-screen/public/field/image/6_12.jpg?itok=0MT0yQj-

លោក អ៊ុំ សំអាន ​(ស្តាំ)​ឈរ​នៅ​មាត់​ព្រែក​ជីកព្រៃ​តាមែង​​​​។ រូបថត ហ្វេកប៊ុក​ អ៊ុំ សំអាន

ភ្នំពេញៈ លោក ហេង សំរិន ប្រធាន​រដ្ឋសភា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​លើ​ការ​បោះ​បង្គោល​​ព្រំដែន​កម្ពុជា វៀតណាម នៅ​ខេត្ត​កំពត បន្ទាប់ពី​មាន​ការ​ចោទប្រកាន់​ពី​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​​ថា បង្គោល​ព្រំដែន​ត្រូវ​បាន​បោះ​ចូល​ក្នុង​ទឹកដី​កម្ពុជា​ជម្រៅ​ប្រហែល​មួយ​គីឡូម៉ែត្រ​។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បាន​សរសេរ​លិខិត​ទៅ​លោក អ៊ុំ សំអាន តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃ​អង្គារ ដោយ​ធ្វើការ​បញ្ជាក់​ថា លោក ហេង សំរិន បាន​ស្នើ​ទៅ​រដ្ឋាភិបាល​រួច​ហើយ ឲ្យ​សិក្សា​ឡើង​វិញ ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ច្រក​ទាន់ហន់ ក្នុង​​ស្រុក​កំពង់ត្រាច ខេត្ដ​កំពត បន្ទាប់ពី​លោក អ៊ុំ សំអាន តាមរយៈ​ប្រធាន​រដ្ឋសភា បាន​សុំ​ឱ្យ​លោក​នាយករដ្ឋមន្រ្តី ឲ្យ​ពិនិត្យ​​ពី​ការ​បោះ​បង្គោល​ព្រំដែន​ចូល​ក្នុង​​ទឹកដី​កម្ពុជា​ ដោយ​ភាគី​វៀតណាម​។
លិខិត​របស់​លោក ឡេង ប៉េងឡុង សរសេរ​​ថា៖ «លេខាធិការដ្ឋាន​រដ្ឋសភា​មាន​កិត្ដិយស​សូម​ជម្រាប​ឯកឧត្ដម​ថា បន្ទាប់ពី​បាន​ទទួល​លិខិត​របស់​ឯកឧត្ដម​ថ្ងៃ​ទី ៤ ខែ​ឧសភា ឆ្នាំ ២០១៥ សម្តេច​ប្រធាន​រដ្ឋសភា បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល ធ្វើការ​សិក្សា​ពី​ករណី​នេះ​ឡើង​វិញ​ហើយ»
នៅក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ៤ ខែ​ឧសភា ដែល​បាន​ផ្ញើ​ជូន លោក ហ៊ុន សែន លោក អ៊ុំ សំអាន តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ បាន​ស្នើ​លោក​នាយករដ្ឋមន្ត្រី​ ពិនិត្យ​ឡើង​វិញ លើ​ការ​បោះ​​បង្គោល​ព្រំដែន​ចូល​ក្នុង​ទឹកដី​កម្ពុជា បន្ទាប់ពី​លោក​បាន​ចុះ​ទៅ​ពិនិត្យ នៅ​ច្រក​ព្រំដែន​ទាន់ហន់ នៅ​ឃុំ​ព្រែកគ្រួស​ស្រុក​កំពង់ត្រាច​ខេត្ត​កំពត កាលពី​ថ្ងៃ​ទី ១៦ ខែ​មេសា។
លោក សំអាន បាន​ប្រាប់​លោក​ ហ៊ុន សែន ថា ព្រំដែន​កម្ពុជា-វៀតណាម​​នៅក្នុង​តំបន់​នោះ នា​បច្ចុប្បន្ន ត្រូវ​បាន​កំណត់​ដោយ​ប្រឡាយ ៧៩ (​ប្រឡាយ​ជីក​ដោយ​វៀតណាម​នៅ​ឆ្នាំ ១៩៧៩) ប៉ុន្តែ លោក​​បាន​បន្ថែម​ថា​ ប្រសិន​បើ​គ្មាន​ការ​រំកឹល​​​​​​បង្គោល​ព្រំដែន នោះ​ខ្សែបន្ទាត់​ព្រំដែន​ពិតប្រាកដ ស្ថិត​នៅ​កណ្តាល​ព្រែក​ព្រៃ​តាមែង​ (ព្រែក​ជីកវិញតេ​) ហើយ​​ពី​ព្រែក​ព្រៃតាមែង​មក​ប្រឡាយ ៧៩ គឺ​មាន​ចម្ងាយ​ប្រហែល ១ គីឡូម៉ែត្រ។
លិខិត​របស់​លោក អ៊ុំ សំអាន​បន្ត​ថា៖ «យោងតាម​ច្បាប់​អន្តរជាតិ​​ស្តីពី​​ព្រំដែន​​ការ​កំណត់​បង្គោល​ព្រំដែន​ត្រូវ​កំណត់​នៅ​ចំ​កណ្តាល​ប្រឡាយ និង​ព្រែក​។ ដូច្នេះ​វៀតណាម​បាន​រំកិល​ព្រំដែន ចូល​ទឹកដី​កម្ពុជា​ ប្រហែល ១ គីឡូម៉ែត្រ»

លោក បាន​បន្ថែម​ទៀត​ថា ការ​បោះ​បង្គោល​​​​ព្រំដែន​ត្រូវ​​ធ្វើ​​តាម​ផែនទី​ដែល​បាន​ធ្វើ​ក្នុង​ចន្លោះ​ឆ្នាំ ១៩៣៣‑១៩៥៣ ​ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ក្នុង​ឆ្នាំ ១៩៦៣‑១៩៦៩។ ដូច្នេះ ការ​ប្រើប្រាស់​ប្រឡាយ ៧៩ ជា​ខ្សែបន្ទាត់​ព្រំដែន រវាង កម្ពុជា​ និង​វៀតណាម វា​មិនមែន​ជា​ខ្សែ​​បន្ទាត់​ព្រំដែន​ ដែល​បាន​បញ្ជាក់​ក្នុង​ផែនទី ដែល​បាន​ធ្វើ​នៅ​ឆ្នាំ ១៩៣៣‑១៩៥៣ ទេ ព្រោះ​ថា ប្រឡាយ​​​នោះ​ទើប​តែ​ត្រូវ​បាន​ជីក​ដោយ​វៀតណាម​នៅ​ឆ្នាំ ១៩៧៩ ​។
ជា​ការ​ឆ្លើយតប លោក វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី ទទួល​​បន្ទុក​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​បាន​ចេញ​លិខិត​មួយ​​នៅ​ថ្ងៃ​ចន្ទ​ទី ១១ ខែ​ឧសភា ដែល​​បំភ្លឺ​ចំពោះ​​លោក ហេង សំរិន អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​នោះ ដោយ​​បាន​ប្រាប់​លោក ហេង សំរិន ថា វៀតណាម មិន​បាន​​​រំកិល​បង្គោល​ព្រំដែន ចូល​ក្នុង​ទឹកដី​កម្ពុជា​​ទេ ដោយ​​អះអាង​ថា ​ការ​​លើក​ឡើង​​របស់​លោក អ៊ុំ សំអាន មិន​ពិត​ទេ​។
លិខិត​​លោក វ៉ា គឹមហុង បាន​ឲ្យ​ដឹង​ថា៖ «ការ​ចោទប្រកាន់​នេះ​គឺ​មិន​ពិត ព្រោះ​ព្រែក​ព្រៃតាមែង ដែល​លោក អ៊ុំ សំអាន បាន​ចោទប្រកាន់​ថា​ ជា​ព្រែក​ព្រំដែន គឺ​ស្ថិត​​យ៉ាង​ជ្រៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​មិន​មាន​ឯកសារ​ផ្លូវការ​ណា​មួយ បញ្ជាក់ថា ព្រែក​ព្រៃតាមែង ជា​​ព្រែក​ព្រំដែន​ទេ»។ លោក​​​បន្ថែម​ថា ដោយ​ផ្អែកលើ​ផែនទី Bonne 1/100,000 របស់​ក្រុម​ភូមិសាស្ដ្រ​ឥណ្ឌូ​ចិន មិន​មាន​​ព្រែក​ព្រៃតាមែង ក្នុង​​ផែន​ទី​នេះ​ទេ។
ដោយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ លោក អ៊ុំ សំអាន បាន​ច្រាន​ចោល​នូវ​ការ​បំភ្លឺ​របស់​លោក គឹមហុង ដោយ​អះអាង​ថា អ្វី​ដែល​​លោក វ៉ា គឹមហុង ​លើក​ឡើង គឺ​​ដើម្បី​ប្រើ​ប្រឡាយ ៧៩ ប៉ុន្តែ​តាម​ការពិត ប្រឡាយ ៧៩ គឺជា​ប្រឡាយ​តូច​មួយ ដែល​​ជីក​ដោយ​វៀតណាម ក្នុង​ឆ្នាំ ១៩៧៩ ​ហើយ​ការ​បំភ្លឺ​របស់​គាត់ គឺ​គ្រាន់តែ​​​យក​តាម​ផែនទី 1/100,000 ដែល​បាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ ១៩៦៤ ដោយ​​សម្តេច សីហនុ ប៉ុណ្ណោះ។
លោក​​ថ្លែង​ថា៖ «គាត់​មិន​អាច​បន្លំ​ខ្ញុំ​បាន​ទេ។ គាត់​ចង់​បន្លំ​ភ្នែក​យើង មិន​ឱ្យ​ធ្វើការ​តវ៉ា។ [ការតវ៉ា] គឺ​មិន​ខុស​ទេ​ ខ្ញុំ​បាន​សិក្សា​ជាង ១០ ឆ្នាំ លើ​​បញ្ហា​ព្រំដែន ព្រោះ​វា​​ជា​​ជំនាញ​របស់​ខ្ញុំ»
ប្រជាជន​ដែល​រស់​នៅក្នុង​តំបន់​​​​ទាន់ហន់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា ពិតជា​មាន​ការ​រំកិល​បង្គោល​ព្រំដែន​ចូល​ក្នុង​ទឹកដី​កម្ពុជា​​មែន ហើយ​ថា ដំណាំ​របស់​ប្រជាជន​កម្ពុជា​មួយ​ចំនួន ត្រូវ​បាន​​បំផ្លាញ​ដោយ​បង្គោល​ព្រំដែន​នោះ​។
ទោះ​យ៉ាងណា លោក​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត ពី​បញ្ហា​ព្រំដែន​នេះ​ទេ ប៉ុន្តែ​លោក​បាន​ស្នើ​ឲ្យ​រង់ចាំ លោក​ដើរ​ពិនិត្យ​តំបន់​នោះ​ជា​មុន​សិន​ហើយ​សន្យា​ថា​នឹង​ផ្តល់​​សេចក្តី​លម្អិត​ភ្លាមៗ​បន្ទាប់ពី​លោក​បាន​ពិនិត្យ​​ព្រំដែន​នៅ​តំបន់​នោះ​រួច៕ TK

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​រដ្ឋាភិបាល​ពិនិត្យ​ការ​រំលោភ​ព្រំដែន​ពី​សំណាក់​វៀតណាម
ដោយ ថា កិត្យា
2015-05-13 RFA

វ៉ា គឹមហុង ព្រំដែន ៣០៥

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បង្ហាញ​ផែនទី​ប្រទេស​កម្ពុជា។
RFA/Uon Chhin
តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ស្នើ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ និង​ដោះស្រាយ​ការ​រំលោភ​ព្រំដែន​ពី​សំណាក់​ប្រទេស​វៀតណាម នៅ​ច្រក​ព្រំដែន​តន់​ហន់ ខេត្ត​កំពត បន្ទាប់​ពី​រក​ឃើញ​ថា វៀតណាម បាន​រំកិល​ព្រំដែន​ចូល​ដី​ខ្មែរ ១​គីឡូម៉ែត្រ។ ប៉ុន្តែ​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។
ទឹក​ដី​ទល់​ដែន​ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន កំពុង​ចោទ​ថា បាត់បង់​ទៅ​ប្រទេស​វៀតណាម នោះ គឺ​លោក​សំអាង​ទៅ​លើ​ហេតុផល​ថា ការ​កំណត់​ព្រំដែន​បច្ចុប្បន្ន​រំលោភ​ទៅ​នឹង​ផែនទី​ចាស់​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។ ព្រំដែន​នៅ​តំបន់​នោះ បច្ចុប្បន្ន​កំណត់​យក​ប្រឡាយ​៧៩ ដែល​ជីក​ដោយ​វៀតណាម នៅ​ឆ្នាំ​១៩៧៩ មាន​ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ​ពី​ព្រែក​ព្រៃ​តា​មែង ឬ​ព្រែក​វិញតេ ដែល លោក អ៊ុំ សំអាន អះអាង​ថា ជា​ខ្សែ​បន្ទាត់​ព្រំដែន​ចាស់​ឋិត​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត។
លោក​ថា ដូច្នេះ​ប្រឡាយ​៧៩ មិន​មែន​ជា​បន្ទាត់​ព្រំដែន​ដែល​មាន​នៅ​ក្នុង​ផែនទី​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ ដែល​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៥៤ នោះ​ទេ។ បញ្ហា​រំលោភ​ព្រំដែន​ពី​សំណាក់​វៀតណាម នេះ លោក អ៊ុំ សំអាន ស្នើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ លោក ហេង សំរិន ប្រធាន​រដ្ឋសភា ឲ្យ​ចុះ​ទៅ​ពិនិត្យ និង​ដោះស្រាយ៖ «ព្រំដែន​នៅ​ច្រក​តន់​ហន់ នេះ គាត់ (លោក វ៉ា គឹមហុង) យក​ទៅ​តាម​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ហើយ​សន្ធិសញ្ញា​នេះ​យក​តាម​សន្ធិសញ្ញា​ព្រំដែន​គោក​ខុស​ច្បាប់​ឆ្នាំ​១៩៨៥ ហើយ​ពេល​នោះ​ជា​សម័យ​យួន គ្រប់គ្រង​កម្ពុជា។ ដូច្នេះ​យួន ហៅ​ខ្មែរ​យើង​ស៊ីញេ គេ​មិន​ដែល​ឲ្យ​យើង​ចំណេញ​ទេ។ ម្យ៉ាង​វិញ​ទៀត សន្ធិសញ្ញា​ព្រំដែន​គោក​ឆ្នាំ​១៩៨៥ ហ្នឹង វា​ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ផ្ទុយ​ទៅ​នឹង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ ដែល​ទុក​ជា​មោឃភាព​នៃ​សន្ធិសញ្ញា​ទាំងអស់​ក្នុង​ទសវត្សរ៍​៨០»
មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ។
ប៉ុន្តែ​ទាក់ទិន​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​នេះ​គ្មាន​ការ​ពិត​ទាល់​តែ​សោះ ព្រោះ​ថា ព្រែក​តា​មែង ដែល លោក អ៊ុំ សំអាន អះអាង​ថា​ជា​ព្រែក​ព្រំដែន​នោះ ឋិត​នៅ​យ៉ាង​ជ្រៅ​ក្នុង​ដី​វៀតណាម ហើយ​គ្មាន​ឯកសារ​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​ថា ព្រែក​ព្រៃ​តា​មែង នោះ​ជា​ព្រែក​ព្រំដែន​នោះ​ទេ៖ «ខ្ញុំ​មិន​ស្គាល់​ព្រែក​តា​មែង​អី​ទេ ប៉ុន្តែ​ព្រែក​តា​មែង មែន​ទែន​នៅ​ក្នុង​ផែនទី ១/៥០០០០ គឺ​វា​នៅ​ឆ្ងាយ​ក្នុង​ដី​វៀតណាម ប៉ុន្តែ​ខ្ញុំ​សារភាព​ថា ខ្ញុំ​មិន​ដែល​ស្គាល់​ព្រែក​វិញតេ ឬ​តា​មែង​អី​ទេ។ សូម​ឲ្យ​គាត់ (លោក អ៊ុំ សំអាន) សួរ​សំណួរ​គេ​ត្រូវ​យក​ផែនទី​ណា​ដែល​មាន​ឈ្មោះ​ត្រឹមត្រូវ​ផ្លូវ​ការ កុំ​ទៅ​យក​ពាក្យ​អ្នក​បុរាណ ឬ​ចាស់​ទុំ​គាត់​និយាយ ហើយ​យក​មក​ប្រើ​ក្នុង​ផ្លូវ​ការ វា​មិន​បាន​ទេ»
យ៉ាង​ណា​ក៏ដោយ លោក អ៊ុំ សំអាន ចាត់​ទុក​ការ​ឆ្លើយ​របស់ លោក វ៉ា គឹមហុង ថា​កំពុង​បំភ្លៃ​ប្រវត្តិសាស្ត្រ ហើយ​គាត់​នឹង​ក្លាយ​ជា​អ្នក​ទោស​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។ ការ​លេច​ឮ​ឡើង​វិញ​ពី​ការ​បាត់បង់​ទឹក​ដី​នេះ គឺ​បន្ទាប់​ពី​លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​ព្រំដែន​នោះ​កាល​ពី​ខែ​មេសា កន្លង​ទៅ​ថ្មីៗ​នេះ។ កាល​នោះ លោក​បាន​ជួប​សម្ភាស​ជាមួយ​អ្នក​ស្រុក​នៅ​ទីនោះ​ជាច្រើន សុទ្ធតែ​អះអាង​ថា វៀតណាម ពិត​ជា​បាន​រំកិល​ព្រំដែន​ចូល​ដី​ខ្មែរ។
បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នៅ​តំបន់​តន់​ហន់ នេះ គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​កោះ​ហៅ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា និង​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ចូល​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា ប៉ុន្តែ​រង់ចាំ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ជា​មុន​សិន ដើម្បី​ជៀសវាង​ការ​ឆ្លើយ​បំភ្លឺ​មិន​ផ្តល់​ឱកាស​សាកសួរ​ដេញដោល​ចំណុច​សង្ស័យ​មួយ​ចំនួន ដូច​កាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំណាយ​រយៈពេល ៦​ម៉ោង​នៅ​ក្នុង​សភា​ជាតិ​កាល​ពី​ឆ្នាំ​២០១២៕

ចុះផ្សាយ​នៅ​ថ្ងៃ 13/05/2015
លោក​វ៉ា គឹមហុង ទាត់​ចោល​ការ​អះអាង​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ អំពី​ករណី​វៀតណាម​រំកិល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា​ នៅ​ច្រក​ព្រំដែន​តន់ហន់
media

លោក ​វ៉ា ​គឹមហុង​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​ព្រំដែន​RFI/Siv Channa
រឿង​រ៉ាវ​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​នៅ​តែ​បន្ត​។ ដោយ​លើក​នេះ តប​តាម​សំណើ​របស់​លោក អ៊ុំ សំអាន​ តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប​របស់​បក្ស​ប្រឆាំង លោក វ៉ា គឹមហុង ដែល​ជា​ទេសរដ្ឋមន្ដ្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន បាន​ស្រាយ​បំភ្លឺ​អំពី​ព្រំដែន​កម្ពុជា​វៀតណាម​ នៅ​ច្រក​តន់ហន់។ ការ​លើក​ឡើង​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដែល​ថា ​វៀតណាម​រំកិល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា​នៅ​ច្រក​ព្រំដែន​តន់ហន់​នោះ​ ត្រូវ​បាន ​លោក ​វ៉ា គឹមហុង ​ទាត់​ចោល។ និង​ថា ​ការ​លើក​ឡើង​នោះ ​គ្មាន​ការពិត​ទាល់​តែ​សោះ​។
អគ្គលេខាធិការដ្ឋាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​១២​ខែ​ឧសភា ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​ អ៊ុំ សំអាន តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​សៀមរាប​កូតា​គណបក្ស​ប្រឆាំង​។ ជា​លិខិត​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​លោក អ៊ុំ សំអាន ដែល​ស្នើ​សុំ​ឲ្យ​ពិនិត្យ​មើល​ការ​រំកិល​ព្រំ​ដែន​ចូល​មក​ទឹក​ដី​កម្ពុជា​ នៅ​ច្រក​ព្រំ​ដែន​កម្ពុជា​វៀតណាម តន់ហន់​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពត​។ ភ្ជាប់​ជាមួយ​លិខិត​នោះ​ ក៏​មាន​ផង​ដែរ ឯកសារ​ជំនួយ​ស្មារតី​បំភ្លឺ​ពី​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំ​ដែន ចុះ​ថ្ងៃ​ទី​១១​ខែ​ឧសភា​។

បើ​តាម​ឯកសារ​ជំនួយ​ស្មារតី​របស់​លោក វ៉ា គឹម ហុង ការ​លើក​ឡើង​​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដែល​ថា វៀតណាម​រំកិល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា​នៅ​ច្រក​ព្រំដែន​តន់ហន់​នោះ ​គឺ​គ្មាន​ការ​ពិត​ទាល់​តែ​សោះ​។ គ្មាន​ការ​ពិត​ព្រោះ​ ព្រែក​ព្រៃ​តាមែង ដែល​លោក អ៊ុំ សំអាន​ អះអាង​ថា​ជា​ព្រែក​ព្រំដែន​នោះ គឺ​ស្ថិត​នៅ​យ៉ាង​ជ្រៅ​ក្នុង​ដី​វៀតណាម​ ហើយ​គ្មាន​ឯកសារ​ផ្លូវ​ការ​ណា​មួយ​បាន​បញ្ជាក់​ថា ព្រែក​ព្រៃ​តាមែង​នោះ ជា​ព្រែក​ព្រំ​ដែន​នោះ​ទេ​។ លោក វ៉ា គឹមហុង បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា ផែនទី បោន ខ្នាត ១/១០០ ០០០ របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ពុំ​មាន​ឈ្មោះ​ព្រែក​ព្រៃ​តាមែង​នេះ​នៅ​ក្នុង​ផែនទី​ទេ។ ឈ្មោះ​ព្រែក​ព្រៃ​តាមែង​នេះ គឺ​មាន​តែ​នៅ​លើ​ផែនទី UTM ខ្នាត ១/៥០ ០០០ ប៉ុណ្ណោះ​។ ហើយ បើ​ផ្អែក​តាម​ផែនទី UTM ខ្នាត ១/៥០ ០០០ ព្រែក​ព្រៃ​តាមែង ស្ថិត​នៅ​យ៉ាង​ជ្រៅ​ក្នុង​ទឹក​ដី​វៀតណាម​។
 
គួរ​ជម្រាប​ជូន​ថា ការ​បំភ្លឺ​របស់​លោក វ៉ា គឹមហុង នេះ ធ្វើ​ឡើង​ក្រោយ​ពី​ទទួល​បាន​សំណើ​របស់​លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប​មក​ពី​គណបក្ស​ប្រឆាំង​។ លោក អ៊ុំ សំអាន ដែល​កាល​ពី​ថ្ងៃ​ទី​១៦​មេសា បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​តំបន់​ព្រំដែន នៅ​ច្រក​ព្រំដែន​កម្ពុជា​វៀតណាម តន់ហន់ ស្ថិត​នៅ​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ នៅ​ត្រង់​ចំណុច​ព្រំដែន​តន់ហន់ នោះ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បាន​ចោទ​ថា វៀតណាម​បាន​រំកិល​ព្រំដែន​ចូល​ទឹក​ដី​កម្ពុជា​ប្រមាណ​១​គីឡូម៉ែត្រ​។ និង​ថា ខ្សែ​ព្រំដែន​ពិត​ប្រាកដ​គឺ​ស្ថិត​នៅ​ពាក់​កណ្ដាល​ព្រែក​ព្រៃ​តាមែង​ មិន​មែន​នៅ​ត្រង់​ប្រឡាយ​៧៩ ដូច​សព្វ​ថ្ងៃ​នេះ​ទេ​៕

No comments: