A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 22 August 2015

បក្ស​ប្រឆាំង​ប្ដេជ្ញា​បន្ត​ខ្វាយខ្វល់​រឿង​ព្រំដែន​បើ​ទោះ​ជា​មាន​ការ​ព្រមាន​ពី​លោក ហ៊ុន សែន

ដោយ យាង សុជាមេត្តា
2015-08-21 rfa
សមត្ថកិច្ច​ការពារ​ព្រំដែន​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល រារាំង​តំណាងរាស្ត្រ និង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​មើល​ព្រំដែន នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Rann Samnang

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​ប្រឆាំង​មួយ​នេះ នឹង​នៅ​តែ​បន្ត​ខ្វាយខ្វល់​ពី​បញ្ហា​ព្រំដែន។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅ​ឲ្យ​លោក សម រង្ស៊ី ជំរុញ​មេ​បក្ស​ប្រឆាំង​មួយ​នេះ អប់រំ​ផ្ទៃក្នុង​បក្ស​កុំ​ឲ្យ​ធ្វើ​សកម្មភាព​បំផ្លាញ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​លើ​ការងារ​ព្រំដែន​ដែល​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់។
លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ ខែ​សីហា បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ មាន​វិធានការ​ផ្លូវ​ច្បាប់​ភ្លាមៗ​ចំពោះ​ក្រុម ឬ​បុគ្គល​ណា​ដែល​និយាយ​បំភ្លៃ​ថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ក្នុង​ការងារ​បោះ​បង្គោល​ព្រំដែន និង​ចំពោះ​ការប្រមាថ​ស្ថាប័ន​ព្រះមហាក្សត្រ និង​ស្ថាប័ន​ជាតិ។
ការ​ដាក់​បញ្ជា​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ស្រប​ពេល​ដែល​លោក​បាន​ផ្ញើ​សារ​ទៅ​ឲ្យ​លោក សម រង្ស៊ី ដែរ។
នៅ​ក្នុង​សារ​របស់​លោក ហ៊ុន សែន ផ្ញើ​ទៅ​កាន់​លោក សម រង្ស៊ី ហើយ​ដែល​ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​បង្ហាញ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា លោក ហ៊ុន សែន បាន​ព្រមាន​មិន​ឲ្យ​មេ​បក្ស និង​មន្ត្រី​បក្ស​ប្រឆាំង យក​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម ធ្វើ​ជា​ល្បែង​នយោបាយ​ទៀត​នោះ​ទេ។
​ក្នុង​សារ​ដដែល​នោះ លោក ហ៊ុន សែន ឲ្យ​ដឹង​បន្ត​ថា លោក​បាន​ផ្ញើ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ និង​ច្បាប់​ទាក់ទង​ទៅ​នឹង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​វៀតណាម ទៅ​ឲ្យ​លោក សម រង្ស៊ី រួច​ហើយ។ លោក ហ៊ុន សែន ក៏​បាន​ទទូច​ឲ្យ​លោក សម រង្ស៊ី ណែនាំ​កូនចៅ​របស់​ខ្លួន​ឲ្យ​យល់​ដឹង​អំពី​ច្បាប់ និង​សន្ធិសញ្ញា​នានា រួម​ទាំង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ផង​ដែរ។
​លោក ហ៊ុន សែន ប្រកាស​ដែរ​ថា លោក​នឹង​ផ្សព្វផ្សាយ​នូវ​ឯកសារ​ទាំងអស់ រាប់​ទាំង​លិខិត​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ផ្ញើ​ទៅ​កាន់​​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​១៩៩៩ សុំ​យក​ខ្សែ​ប្រេវីយេ ជា​ខ្សែ​ព្រំដែន​ទឹក​រវាង​កម្ពុជា និង​វៀតណាម ផង​ដែរ។ លោក ហ៊ុន សែន សង្ឃឹម​ថា លោក សម រង្ស៊ី នឹង​អប់រំ​ផ្ទៃក្នុង​បក្ស​កុំ​ឲ្យ​ធ្វើ​សកម្មភាព​បំផ្លាញ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​លើ​ការងារ​ព្រំដែន។
​លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ប្រាប់​លោក សម រង្ស៊ី ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង និង​ពី​ការ​ខ្ចី​ផែនទី​ពី​អង្គការ​សហប្រជាជាតិ និង​ប្រទេស​នានា ដើម្បី​មក​ផ្ទៀងផ្ទាត់។ លោក ហ៊ុន សែន បាន​ចំអក​ឲ្យ​លោក សម រង្ស៊ី ដែល​យក​ផែនទី​ខ្វះ ២​ផ្ទាំង​ទៅ​ឲ្យ​ក្រុម​អ្នក​ស្រាវជ្រាវ ហើយ​ក៏​បាន​ទទូច​ឲ្យ​មេ​បក្ស​ប្រឆាំង​ស្វែង​រក​ផែនទី ២​ផ្ទាំង​បន្ថែម​ទៀត​មក​បង្គ្រប់​ឲ្យ​ក្រុម​ស្រាវជ្រាវ។
សារ​ព្រមាន​របស់​លោក ហ៊ុន សែន ទៅ​កាន់​លោក សម រង្ស៊ី នេះ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល បាន​ផ្ទៀងផ្ទាត់​ផែនទី​របស់​ខ្លួន​ជាមួយ​ផែនទី​ខ្ចី​ពី​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​២០ សីហា ហើយ​ដែល​រដ្ឋាភិបាល​អះអាង​ថា មិន​មាន​ភាព​ខុស​គ្នា​អ្វី​ឡើយ។ យ៉ាង​ណា​ក៏ដោយ បក្ស​ប្រឆាំង​មិន​ទាន់​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ជុំវិញ​រឿង​ផែន​ទីនេះ​ទេ យ៉ាង​ណា​នោះ​ទេ។
យឹម សុវណ្ណ ៦២០
លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​ភ្នំពេញ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។


ឆ្លើយ​តប​នឹង​សារ​ព្រមាន​របស់​លោក ហ៊ុន សែន អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ដែល​យក​បញ្ហា​ព្រំដែន​ធ្វើ​ជា​ល្បែង​នយោបាយ​នោះ​ទេ។ ប៉ុន្តែ​លោក​ថា អ្វី​ដែល​បក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​របស់​ខ្លួន​ធ្វើ គឺ​ជា​ការ​ព្រួយ​បារម្ភ​ពី​ប្រទេស​ជាតិ ហើយ​លោក​ថា រដ្ឋាភិបាល​គួរ​តែ​មាន​មោទនភាព​ចំពោះ​ការ​ខ្វាយខ្វល់​របស់​ពលរដ្ឋ​ទៅ​លើ​បញ្ហា​ទឹកដី​កម្ពុជា។
លោក យឹម សុវណ្ណ បញ្ជាក់​ថា គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​សង្គម​នានា មិន​ថា​តែ​ការងារ​ព្រំដែន​នោះ​ទេ ឲ្យ​តែ​បក្ស​ប្រឆាំង​មើល​ឃើញ​ថា​នៅ​មាន​បញ្ហា៖ «បញ្ហា​អ្វី​ក៏ដោយ បើ​រដ្ឋាភិបាល​ធ្វើ​ត្រូវ​យើង​គាំទ្រ តែ​បើ​រដ្ឋាភិបាល​ធ្វើ​មិន​ត្រឹមត្រូវ យើង​ផ្ដល់​យោបល់​ក្នុង​ន័យ​ស្ថាបនា​សង្គម​ប្រជាធិបតេយ្យ ទោះ​ជា​នៅ​ក្នុង​ប្រទេស​ណា​ក៏ដោយ ដែល​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​មួយ​ឆ្នាំ ៥-​៦​ម៉ឺន​ដុល្លារ​ក៏ដោយ ក៏​គេ​នៅ​តែ​មាន​រឿង​ដែល​ត្រូវ​មក​ជជែក​គ្នា ដោះស្រាយ​បញ្ហា​អត់​ចប់​ទេ ហើយ​គេ​ក៏​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ត្រូវ​ដោះស្រាយ​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង»
​ទាក់ទង​នឹង​ផែនទី ២​ផ្ទាំង​ដែល​ខ្វះ​វិញ លោក យឹម សុវណ្ណ ថា បក្ស​ប្រឆាំង​នឹង​ខិតខំ​ស្វែង​រក​បង្គ្រប់។ ចំណែក​រឿង​ពិនិត្យ​ផែនទី​ជា​ទូទៅ​នៅ​ពេល​កន្លង​មក​វិញ លោក​ថា គេ​មិន​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ភ្លាមៗ ថា​វា​យ៉ាង​ណា​នោះ​ទេ។
លោក យឹម សុវណ្ណ៖ «យើង​គ្រាន់តែ​មើល​មួយ​ក្រឡេក​មិន​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ទេ យើង​ត្រូវការ​ផែនទី​មក​ធ្វើការ​ពិនិត្យ​ដោយ​ប្រយ័ត្នប្រយែង យើង​ត្រូវការ​ប្រភព​ព័ត៌មាន ប្រភព​ផែនទី​ផ្សេង​ទៀត ដើម្បី​យក​មក​ធ្វើការ​វិភាគ។ ធម្មតា​ខុស​នៅ​ក្នុង​ផែនទី​តែ ១​មិល្លីម៉ែត្រ ឬ ២​មិល្លីម៉ែត្រ ការ​ជាក់ស្ដែង​ខាង​ក្រៅ​វា​ខុស​រាប់​គីឡូ។ យើង​ទាមទារ​ពេល​វេលា​ដើម្បី​យើង​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត ព្រោះ​បញ្ហា​ព្រំដែន​វា​ស្មុគស្មាញ»
លោក ហ៊ុន សែន បាន​ព្រមាន​ហើយ​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ លោក​នឹង​មិន​លើកលែង​ចំពោះ​ជន​ណា​ដែល​បន្ត​ដើរ​និយាយ​បរិហារ​រដ្ឋាភិបាល​ពី​រឿង​ផែនទី​នោះ​ទេ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ផ្ទៀងផ្ទាត់​ផែនទី​របស់​ខ្លួន​ជាមួយ​ផែនទី​ដែល​ខ្ចី​ពី​អង្គការ​សហប្រជាជាតិ​រួច។
​បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន ក៏​បាន​ប្រាប់​ឲ្យ​លោក សម រង្ស៊ី ដឹង​មុន​ដែរ​ថា លោក​នឹង​ចូល​រួម​កំដរ លោក សម រង្ស៊ី នូវ​គ្រប់​ទម្រង់​លេង គ្រប់​កាលៈទេសៈ គ្រប់​រដូវ​កាល និង​គ្រប់​រស់​ជាតិ​ទាំង​អស់ មិន​ថា ក្ដៅ ត្រជាក់ ផ្អែម ល្វីង ឬ​ជូរចត់ ឡើយ។ ប៉ុន្តែ​លោក យឹម សុវណ្ណ យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​ជៀសវាង​បង្ក​បរិយាកាស​តានតឹង និង​ភាព​អាប់អួ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ខ្វល់ខ្វាយ​គ្មាន​ទី​បញ្ចប់ ហើយ​ថា រដ្ឋាភិបាល​គួរ​បង្កើត ឲ្យ​មាន​បរិយាកាស​ដើម្បី​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​ខ្មែរ​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​ដឹង​ឮ និង​ដោះស្រាយ​បញ្ហា​របស់​ប្រទេស៕

No comments: