A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 25 August 2015

ពលរដ្ឋ​ខេត្ត​កំពង់ចាម​ស្នើ​អាជ្ញាធរ​ចាត់​វិធាន​ការ​លើ​បទ​ល្មើស​នេសាទ​ឲ្យ​មាន​តម្លាភាព

ដោយ សូត សុខប្រាថ្នា
2015-08-25rfa

៩-កុម្ភៈ-២០១២៖ អ្នកនេសាទ​កំពុង​​ចត​ទូក នៅ​ក្នុង​បឹង​ធំ ឃុំ​មៀន ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់ចាម។
RFA/Tin Zakariya

សកម្មភាព​របស់​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ធំ ក្នុង​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សាទរ ក៏ប៉ុន្តែ​ពលរដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ​គប្បី​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​តម្លាភាព ដើម្បី​ធានា​ថា ធនធាន​មច្ឆជាតិ​អាច​នៅ​គង់វង្ស​ជា​និរន្តរ​បាន។

ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​កាល​ពី​ចុង​សប្ដាហ៍​មុន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ រីករាយ។ សកម្មភាព​បង្ក្រាប​នោះ អាជ្ញាធរ​រឹប​អូស​បាន​ស្បៃ​មុង​រាប់​រយ​ម៉ែត្រ និង​ព្រួល​ដែល​ដាក់​បាំង​មុខ​ព្រែក​មាន​ប្រវែង​រាប់​សិប​ម៉ែត្រ។ យ៉ាង​ណា ពលរដ្ឋ​សង្ឃឹម​ថា សកម្មភាព​បែប​នេះ​នឹង​បន្ត​ធ្វើ​រហូត ដោយ​មិន​ចាំបាច់​ទាល់​តែ​មាន​ប្រជាពលរដ្ឋ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចាក់​ចង្កេះ​នោះ​ទេ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់សំរឹទ្ធ ឃុំ​មៀន លោក រ៉ែន រ៉ាន់ មាន​ប្រសាសន៍​ថា បទល្មើស​នេសាទ​ខុស​ច្បាប់​នៅ​បឹង​ធំ ដែល​ជា​បឹង​ជង្រុក​ត្រី​យ៉ាង​ធំ​សម្រាប់​ពលរដ្ឋ​រស់នៅ​ជុំវិញ​ចំនួន​បី​ស្រុក គឺ​ស្រុក​កងមាស ស្រុក​ព្រៃឈរ និង​ស្រុក​កំពង់សៀម គឺ​នៅ​តែ​កើត​មាន​ឡើង។ លោក​បន្ត​ថា បទល្មើស​ទាំង​នោះ​រួម​មាន​អួន ត្រជាក់ លូ​ស្បៃ​មុង និង​ឧបករណ៍​ឆក់ ជាដើម។ លោក​សាទរ​នៅ​ពេល​ដឹង​ថា បទល្មើស​ខុស​ជាច្រើន ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប ប៉ុន្តែ​កន្លង​មក ការ​បង្ក្រាប​បែប​នេះ គឺ​កើត​មាន​ជា​រឿយៗ តែ​សកម្មភាព​នេសាទ​ខុស​ច្បាប់​នៅ​កើត​មាន​ឡើង​ដដែល រហូត​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ថា អាច​មាន​អំពើ​ពុក​រលួយ​ទៀត​ផង៖ «កន្លង​មក​អាការៈ​រក​ស៊ី​ខុស​ច្បាប់​ហ្នឹង គឺ​មាន​តែ​អ្នក​មាន​លុយ​ដែល​គេ​រក​ស៊ី​ធំៗ​អ៊ីចឹង វា​អាច​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ខ្លះ»។



យ៉ាង​ណា ពលរដ្ឋ​ដដែល​យល់​ថា ដើម្បី​ឲ្យ​ការ​បង្ក្រាប​មាន​ប្រសិទ្ធភាព មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​គប្បី​អនុវត្ត​ទៅ​តាម​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ និង​ជៀសវាង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ពេល​បំពេញ​បេសកកម្ម​របស់​ខ្លួន។

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ឃុំ​មៀន សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា នៅ​ភូមិ​អ្នកស្រី​រស់នៅ​មាន​ពលរដ្ឋ​ប្រមាណ ៧០​ភាគរយ​ទៅ​ហើយ​ដែល​នាំ​គ្នា​រក​របរ​នេសាទ​ខុស​ច្បាប់ ហើយ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ គឺ​ប្រជាពលរដ្ឋ​ដែល​ពឹង​អាស្រ័យ​លើ​របរ​នេសាទ​ស្រប​ច្បាប់​ជា​លក្ខណៈ​គ្រួសារ។ អ្នកស្រី​ថា ពេល​ខ្លះ​ពលរដ្ឋ​ស្ទើរ​តែ​លែង​មាន​ជំនឿ​លើ​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ទៅ​ហើយ ព្រោះ​បញ្ហា​នេះ​នៅ​តែ​ដដែលៗ ចំណែក​ធនធាន​មច្ឆជាតិ​ចេះ​តែ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ រហូត​ធ្វើ​ឲ្យ​ពូជ​ត្រី​ខ្លះ​ត្រូវ​ផុត​ពូជ​ក៏​មាន៖ «ខ្ញុំ​ចង់​ឲ្យ​មន្ត្រី​ជំនាញ​ក៏ដោយ អាជ្ញាធរ​ក៏ដោយ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ទទួល​ផល​ខ្លះ​ផង ព្រោះ​ក្មេង​ជំនាន់​ក្រោយ​ខ្លះ​មិន​នឹង​ស្គាល់​ត្រី​លេញ​ផង»។

ធនធាន​មច្ឆជាតិ​ចេះ​តែ​ថយ​ចុះ​ជា​លំដាប់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ បច្ចុប្បន្ន ប្រភេទ​ត្រី​មួយ​ចំនួន​ស្ទើរ​តែ​ផុត​ពូជ និង​ខ្លះ​ទៀត​ផុត​ពូជ​តែ​ម្តង ព្រោះ​ឧបករណ៍​ខុស​ច្បាប់​ខ្លះ គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត​របស់​ត្រី។ លើស​ពី​នេះ​ទៀត តម្រូវ​ការ​កូន​ត្រី​តូចៗ​សម្រាប់​ចិញ្ចឹម​ត្រី​ឆ្ដោរ​ខុស​ច្បាប់​ចេះ​តែ​កើន​ឡើង ម្យ៉ាង ការ​នេសាទ​នៅ​ក្នុង​រដូវ​ត្រី​ពង​កូន​ដោយ​ប្រើ​ឧបករណ៍​ដែល​ច្បាប់​មិន​អនុញ្ញាត​ជាដើម។

នៅ​ក្នុង​រដូវ​ត្រី​ពង​កូន គឺ​ជា​រដូវ​ដែល​ច្បាប់​ហាម​ឃាត់ ឬ​រដូវ​បិទ​នេសាទ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​១ មិថុនា រហូត​ដល់​ថ្ងៃ​ទី​៣១ កញ្ញា។ រដូវ​នេះ គឺ​ច្បាប់​អនុញ្ញាត​ឲ្យ​នេសាទ​នូវ​រាល់​ឧបករណ៍ ឬ​សម្ភារៈ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូចតាច ដូចជា មង សន្ទូច របាំង​ព្រួល ឬ​លប ប្រវែង​ក្រោម ៥០​ម៉ែត្រ ប៉ុន្តែ​មិន​ត្រូវ​ដាក់​បាំង​ព្រែក ឬ​ផ្លូវ​ទឹក​សម្រាប់​ត្រី​ចូល​ទៅ​រក​កន្លែង​ពង​កូន​នោះ​ឡើយ។

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម លោក អ៊ុក ណារិន មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​បាន​ខិតខំ​ណាស់​ជុំវិញ​បញ្ហា​នេះ ធ្វើ​យ៉ាង​ណា​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​នៃ​ពូជ​ត្រី ដោយ​មិន​បាន​ព្រងើយ​កន្តើយ​ទេ។ លើស​ពី​នេះ​ទៀត មន្ត្រី​របស់​លោក​ក៏​មិន​បាន​ពាក់ព័ន្ធ​ជាមួយ​ជនល្មើស​នោះ​ដែរ តែ​ដោយសារ​ប្រជាពលរដ្ឋ​នេសាទ​ខុស​ច្បាប់​មាន​ច្រើន​ជាង​សមត្ថកិច្ច ហើយ​ពួក​គេ​នេសាទ​ដោយ​លួច​លាក់​ទៀត​ផង។ លោក​បន្ត​ថា សកម្មភាព​ទប់ស្កាត់​បទល្មើស គឺ​អាជ្ញាធរ​នឹង​បន្ត​ធ្វើ​ជា​ដរាប៖ «មិន​ថា​ភ្លៀង​មិន​ថា​ក្តៅ​យ៉ាង​ម៉េច​ទេ ខំ​ប្រឹង​ទប់ស្កាត់​បទល្មើស​ហ្នឹង ប៉ុន្តែ​មាន​ពលរដ្ឋ​ខ្លះ​យើង​ទៅ​បំផ្លាញ ឬ​បង្ក្រាប​ក៏​ចំ​របស់​គាត់​ទៅ អា​កន្លែង​ខ្លះ​ក៏​មិន​ចំ​កន្លែង​គាត់​ទៅ»។

របាយការណ៍​បង្ក្រាប​បទល្មើស​របស់​មន្ត្រី​ជលផល​កំពង់ចាម ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៥ គឺ​បង្ក្រាប​បាន​ជិត ៣០០​ករណី (២៧៦​ករណី) ហើយ​ក្នុង​រដូវ​បិទ​នេសាទ​នេះ គឺ​បង្ក្រាប​បាន​ជិត ២០០ ករណី (១៩៨​ករណី) ដោយ​ភាគ​ច្រើន​បទល្មើស​ជា​ប្រភេទ​ស្បៃ​មុង​ក្រឡា​ញឹក អួន ឬ​ដៃ ជាដើម។ ក្រៅ​តែ​ពី​បង្ក្រាប​ហើយ លោក អ៊ុក ណារិន បញ្ជាក់​ថា ខាង​លោក​ក៏​បាន​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ពួក​គាត់​យល់​ច្បាស់​ពី​សារសំខាន់​នៃ​មច្ឆជាតិ។ លើស​ពី​នេះ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំងអស់ គប្បី​ងាក​មក​នេសាទ​ត្រី​ដោយ​ប្រើប្រាស់​ឧបករណ៍​ស្រប​ច្បាប់​វិញ។

យ៉ាង​ណា ច្បាប់​ជលផល​ឆ្នាំ​២០០៦ មាត្រា​៩៨ ចែង​ពី​ការ​ផ្ដន្ទាទោស​ថ្នាក់​ទី​១ គឺ​ត្រូវ​ដាក់​ពន្ធនាគារ​ពី ៣ ទៅ ៥​ឆ្នាំ និង​រឹប​អូស​វត្ថុ​តាង​ទាំងអស់​ដាក់​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល។ បទល្មើស​ទាំង​នោះ​រួម​មាន នេសាទ​ដោយ​ឧបករណ៍​ទំនើប ឬ​ថ្មី ដោយ​មិន​មាន​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង ដែល​នាំ​ឲ្យ​បំផ្លាញ​មច្ឆជាតិ ធនធាន​ជលផល ប្រព័ន្ធ​អេកូឡូស៊ី​ជលផល នេសាទ​ដោយ​ឧបករណ៍​ឆក់ គ្រឿង​ផ្ទុះ សារធាតុ​ពុល​គ្រប់​ប្រភេទ និង​ការ​នេសាទ​ជា​លក្ខណៈ​ឧស្សាហកម្ម​ក្នុង​រដូវ​បិទ​នេសាទ ជាដើម។

បន្ថែម​លើ​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​យុវជន​ខ្មែរ​ខេត្ត​កំពង់ចាម ដែល​តែង​តែ​ធ្វើ​ការងារ​លើ​បញ្ហា​នេសាទ​នេះ លោក សុក ស៊ីបូណេ យល់​ថា ដើម្បី​ឲ្យ​ការ​បង្ក្រាប​បទល្មើស​នេសាទ​ថយ​ចុះ គប្បី​អាជ្ញាធរ​ពាក់ព័ន្ធ បើក​សកម្មភាព​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​តែ​ម្តង ព្រោះ​កន្លង​មក លោក​មើល​ឃើញ​តែ​ការ​បង្ក្រាប​ទ្រង់ទ្រាយ​តូចតាច។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​ខ្លួន​ឯង​ក៏​ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ច្រើន​អំពី​អត្ថប្រយោជន៍​របស់​ត្រី ព្រោះ​កាល​ណា​ពលរដ្ឋ​យល់​ច្បាស់​ហើយ ពួក​គេ​នឹង​ចូលរួម​ថែ​រក្សា​ធនធាន​មច្ឆជាតិ​ដោយ​ខ្លួន​ឯង៕

No comments: