2015-08-07 rfa
ទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) RFA |
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា ថ្មីៗនេះ គ.ជ.ប បានស្នើសុំទិន្នន័យមួយចំនួនទាក់ទិននឹងព័ត៌មានរបស់ពលរដ្ឋកម្ពុជា ដែលមានសិទ្ធិបោះឆ្នោតពីក្រសួងមហាផ្ទៃ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការរៀបចំបញ្ជីបោះឆ្នោត។
ទន្ទឹមគ្នានេះ គ.ជ.ប រំពឹងថា ទិន្នន័យទាំងនេះ នឹងផ្តល់ភាពងាយស្រួលដល់ដំណើរការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦។
សំណើដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្នើទៅក្រសួងមហាផ្ទៃ កាលពីកន្លងទៅរួមមាន ទិន្នន័យព័ត៌មានរបស់ពលរដ្ឋកម្ពុជា ដែលមានសិទ្ធិបោះឆ្នោត ចំនួនអត្តសញ្ញាណប័ណ្ណដែលក្រសួងមហាផ្ទៃ ធ្វើបាន ស្នើសុំឲ្យរកដំណោះស្រាយរួមគ្នាជុំវិញករណីពលរដ្ឋដែលអត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ស្នើឲ្យជួយជំរុញពលរដ្ឋណាដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ត្រូវធ្វើឲ្យបានគ្រប់ៗគ្នា។
ជុំវិញការស្នើសុំទិន្នន័យទាំងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែសីហា ថា គ.ជ.ប យល់ថា ក្រសួងមហាផ្ទៃ ជាអ្នកដែលធ្វើអត្តសញ្ញាណប័ណ្ណ និងផ្ទុកទិន្នន័យរបស់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់។ លោកបន្តថា គ.ជ.ប ចាំបាច់ត្រូវមានទិន្នន័យទាំងនេះពីក្រសួងមហាផ្ទៃ ដើម្បីងាយស្រួលស្វែងរកព័ត៌មានជុំវិញលេខអត្តសញ្ញាណប័ណ្ណ ឈ្មោះ ភេទ ថ្ងៃ ខែ ឆ្នាំកំណើត និងអាសយដ្ឋានរបស់អ្នកមានសិទ្ធិបោះឆ្នោត ដែលនឹងបង្កភាពងាយស្រួលរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី ឲ្យមានភាពច្បាស់លាស់៖ «ក្រសួងមហាផ្ទៃ គាត់ជាអ្នកធ្វើអត្តសញ្ញាណប័ណ្ណ គាត់ប្រើប្រាស់ទិន្នន័យច្រើន ដូច្នេះហើយការចុះឈ្មោះបោះឆ្នោត គ.ជ.ប យល់ថា មានដំណើរការលឿនទៅបាន ត្រូវការមានទិន្នន័យពីក្រសួងមហាផ្ទៃ ដើម្បីកុំឲ្យមានភាពស្មុគស្មាញ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងទៀតថា ក្រសួងមហាផ្ទៃ ឯកភាពថានឹងផ្តល់ទិន្នន័យមួយចំនួនមក គ.ជ.ប ប៉ុន្តែក្រសួងមហាផ្ទៃ មិនទាន់អាចបញ្ជាក់ថា ទិន្នន័យនោះមានភាពសុក្រឹតកម្រិតណានៅឡើយ។ លោក ហង្ស ពុទ្ធា ថា ទោះជាយ៉ាងណា គ.ជ.ប និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ នឹងពិភាក្សារកដំណោះស្រាយរួមគ្នាបន្តទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ដើម្បីសាកសួរបន្ថែមជុំវិញការស្នើសុំរបស់ គ.ជ.ប លើទិន្នន័យទាំងនេះបាននៅឡើយនៅថ្ងៃទី៧ ខែសីហា។
ប៉ុន្តែនៅក្នុងសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលក្រោយកិច្ចប្រជុំ ដែលផ្ដោតលើការប្រើប្រាស់ទិន្នន័យនៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលគ្រប់គ្រងដោយក្រសួងមហាផ្ទៃ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំបញ្ជីបោះឆ្នោត ដែលបានចេញផ្សាយនៅថ្ងៃទី៦ ខែសីហា បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានស្នើឲ្យ គ.ជ.ប គួរតែស្នើសុំទិន្នន័យពីក្រសួងមហាផ្ទៃ ដោយបញ្ជាក់ឲ្យបានច្បាស់លាស់។ ជាងនេះទៀត ក្រសួងក៏បានស្នើសុំប្រព័ន្ធផ្ទុកទិន្នន័យបន្ថែម (Subserver) ដើម្បីចម្លងទិន្នន័យនេះមកឲ្យខាង គ.ជ.ប។
សេចក្តីប្រកាសនោះ បានឲ្យដឹងដែរថា គ.ជ.ប និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ព្រមទាំងក្រុមបេសកកម្មជប៉ុន គ្រោងនឹងជួបគ្នាម្តងទៀតនៅថ្ងៃច័ន្ទ ទី១០ សីហា ដើម្បីពិភាក្សាលើការប្រើប្រាស់ទិន្នន័យនៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលគ្រប់គ្រងដោយក្រសួងមហាផ្ទៃ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំបញ្ជីឈ្មោះបោះឆ្នោត៕
No comments:
Post a Comment