A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 8 August 2015

លោក កឹម សុខា នឹង​ជួប​ចរចា​នយោបាយ​ជាមួយ​លោក ស ខេង នៅ​ថ្ងៃ​ទី​១០​សីហា

ដោយ សេក បណ្ឌិត
2015-08-07 rfa

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុប្រធាន​ទី១ រដ្ឋសភា លោក កឹម សុខា (ឆ្វេង) និង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ស្ដាំ)។
 RFA


ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគ​ច្រើន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគ​ភាគ​តិច​ខាង​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ជួប​គ្នា​ជា​ថ្មី​ទៀត ដើម្បី​ពិភាក្សា​ពី​បញ្ហា​នយោបាយ​ដែល​នៅ​សេសសល់​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ។ ក្នុង​ជំនួប​នោះ ក្រៅ​តែ​ចង់​ពង្រឹង និង​បន្ត​វប្បធម៌​សន្ទនា តំណាង​គណបក្ស​ធំ​ទាំង​ពីរ ពុំ​បញ្ជាក់​ពី​របៀបវារៈ​ច្បាស់លាស់​ណា​មួយ​ផ្សេង​ទៀត​នោះ​ទេ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា លោក កឹម សុខា តំណាង​ឲ្យ លោក សម រង្ស៊ី ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគ​តិច នឹង​ជួប​ចរចា​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគ​ច្រើន នៅ​ថ្ងៃ​ច័ន្ទ ទី​១០ សីហា ខាង​មុខ។

ការ​ជួប​ទល់​មុខ​គ្នា​លើក​នេះ គឺ​ក្នុង​អំឡុង​ពេល​ស្ថានការណ៍​នយោបាយ​កំពុង​ឡើង​កម្ដៅ​ខ្លាំង ដូច​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម និង​ការ​តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ដាក់​គុក​ជា​បន្តបន្ទាប់ ប៉ុន្តែ​បញ្ហា​ទាំង​ពីរ​នេះ មិន​ប្រាកដ​ថា​នឹង​បាន​ជជែក​គ្នា ឬ​យ៉ាង​ណា​នោះ​ទេ។



អគ្គនាយក​រង​ទំនាក់ទំនង​កិច្ចការ​សាធារណៈ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ សីហា ថា ការ​ជួប​ចរចា​នេះ បើ​មាន​ឱកាស​អាច​នឹង​ពិភាក្សា​រឿង​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ចរចា​ក្នុង​នាម​ជា​ក្រុម​តំណាង​រាស្ត្រ​ភាគ​តិច និង​ភាគ​ច្រើន​ក្នុង​រដ្ឋសភា ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ៖ «ទី​ពីរ​ការ​ដោះស្រាយ​បញ្ចប់​ភាព​តានតឹង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ»។

លោក អ៊ូ ច័ន្ទឫទ្ធិ បន្ត​ថា ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង និង​បញ្ឈប់​ការ​តាម​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។

មក​ទល់​ពេល​នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១៤​នាក់​ហើយ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ និង​នៅ​សល់​ពីរ​នាក់​ទៀត កំពុង​មាន​ដីកា​តាម​ចាប់​ខ្លួន ទាក់ទង​នឹង​ការ​ផ្ទុះ​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត បាន​បង្ហាញ​ជំហរ​ដាច់​ណាត់​មួយ​នៅ​ថ្ងៃ​ទី​៧ សីហា ថា ជំនួប​ក្រុម​តំណាង​រាស្ត្រ​ទាំង​ពីរ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា នឹង​អាច​កើត​មាន​នៅ​ពេល​ឆាប់​ខាង​មុខ​នេះ ប៉ុន្តែ​នឹង​មិន​ជជែក​ពាក់ព័ន្ធ​នឹង​រឿង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​កំពុង​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នោះ​ទេ។ លោក​ពន្យល់​ថា បើ​ក្រុម​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ ជជែក​គ្នា​ពី​រឿង​សុំ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​តាម​រយៈ​វប្បធម៌​សន្ទនា​នោះ គឺ​មិន​អាច​ទៅ​រួច​ទេ ព្រោះ​ជា​ការ​លូក​ដៃ​ជ្រៅ​របស់​អ្នក​តំណាង​រាស្ត្រ ចូល​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ឬ​ជា​ការ​រំលោភ​លើ​យុត្តាធិការ​របស់​តុលាការ៖ «មេ​ដឹក​នាំ​គណបក្ស​ប្រជាជន បាន​ថ្លែង​សារ​ជា​ចំហ​រួច​ហើយ​ថា អត់​ត្រូវ​ជជែក​រឿង​ហ្នឹង​បាន​ទេ កាល​ណា​ជជែក​ទៅ​វា​រំលោភ​សិទ្ធិ​តុលាការ ហើយ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ»។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ជំហរ​បែប​នេះ លោក​ជឿ​ថា អ្នក​នយោបាយ​អាច​បត់បែន​បាន​លឿន​នៅ​ពេល​ជួប​ចរចា​ទល់​មុខ​គ្នា ហើយ​លោក​ជឿ​ថា វប្បធម៌​សន្ទនា​នៅ​តែ​មាន​ប្រយោជន៍​សម្រាប់​អ្នក​នយោបាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ៖ «ពី​មុន​ដូច​គ្នា​អ៊ីចឹង គឺ​មិន​មាន​ឲ្យ​និយាយ​ទេ ប៉ុន្តែ​នៅ​ពេល​ចរចា ឬ​សន្ទនា​គ្នា​ត្រូវ អ្នក​ទាំង​នោះ​ត្រូវ​បាន​ដោះ​លែង​វិញ​ជា​បន្ទាន់។ អ៊ីចឹង​បើ​យើង​មើល​លើ​ទិដ្ឋភាព​ទាំងអស់​នេះ គឺ​ជា​នយោបាយ​ច្រើន​ជាង។ អ្នក​ដែល​ជាប់​ឃុំ​ទាំងអស់ គឺ​ជាប់​ទាក់ទង​នឹង​ស្ថានភាព​វប្បធម៌​សន្ទនា​របស់​គណបក្ស​ទាំង​ពីរ វាសនា​របស់​លោក​ដែល​ត្រូវ​ពឹង​ផ្អែក​នោះ»។

លោក​គិត​ថា ច្រក​ដែល​អាច​ដោះស្រាយ​ចេញ​បាន​តាម​រយៈ​វប្បធម៌​សន្ទនា​នោះ គឺ​ការ​សម្រប​សម្រួល​គ្នា​លើ​បញ្ហា​ព្រំដែន និង​ក្នុង​ឱកាស​មួយ​ទៀត ដែល​កិច្ច​ប្រជុំ​ប្រទេស​ម្ចាស់​ជំនួយ​កម្ពុជា ជិត​ចូល​មក​ដល់ ហើយ​ប្រាកដ​ណាស់​ថា ប្រទេស​មហា​អំណាច​ទាំង​នោះ​មិន​ចង់​ឃើញ​មាន​អ្នក​នយោបាយ​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​នោះ​ទេ៕

No comments: