2015-08-15
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេលបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ដើម្បីសាកសួរ។
RFA/Brach Chev
|
សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៥ ខែសីហា សម្រេចបញ្ជូនសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រឡប់ទៅឃុំខ្លួននៅអគ្គស្នងការដ្ឋាននគរបាលជាតិ វិញ ដើម្បីបន្តការសាកសួរនៅថ្ងៃស្អែក។ ការសម្រេចនេះបន្ទាប់ពីតុលាការបានសាកសួរលោក ហុង សុខហួរ អស់រយៈពេលជាង ៤ម៉ោងរួចមក។
សមត្ថកិច្ចបានបញ្ជូនសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ដោយមានដៃជាប់ខ្នោះ មកដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីម៉ោងជិត ៣រសៀលថ្ងៃទី១៥ សីហា ដើម្បីធ្វើការសាកសួររហូតដល់ម៉ោងជាង ៧ល្ងាច។
សូមស្ដាប់សេចក្ដីរាយការណ៍ចុងក្រោយរបស់លោក ប្រាជ្ញ ចេវ ពីសាលាដំបូងរាជធានីភ្នំពេញ តាមការសាកសួររបស់លោក យាង សុជាមេត្តា៖
សមាជិកព្រឹទ្ធសភាមកពីខាងគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែសីហា នាគេហដ្ឋានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យន្ត ថារូ ក្នុងរាជធានីភ្នំពេញ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានឲ្យដឹងថា លោក ហុង សុខហួរ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅអគ្គស្នងការដ្ឋាននគរបាលជាតិ មុនបញ្ជូនមកកាន់តុលាការ។ គណបក្សសង្គ្រោះជាតិ បានរៀបចំមេធាវីចំនួន ២នាក់ ដើម្បីកាន់រឿងក្ដីនេះ គឺលោកមេធាវី ជូង ជូងី និងមេធាវី ម៉េង សុធារី។
លោក អេង ឆៃអ៊ាង បានឲ្យដឹងទៀតថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលគ្រោងនឹងមកដល់កម្ពុជា ពីបរទេសនៅថ្ងៃអាទិត្យ នេះ បានទូរស័ព្ទទាក់ទងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិភាក្សារកដំណោះស្រាយជុំវិញបញ្ហានេះ ប៉ុន្តែពុំមានលទ្ធផលនោះទេ។ លោកបន្តថា ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា បានធានាចំពោះក្រុមគ្រួសារលោក ហុង សុខហួរ ថា ស្ថានទូតនឹងផ្ដល់ការការពារផ្លូវច្បាប់ចំពោះលោក ហុង សុខហួរ ដោយសារលោកមានសញ្ជាតិបារាំង។
លោក ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែសីហា បានចេញបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួន លោក ហុង សុខហួរ ចោទថា ក្បត់ជាតិ ដោយបានក្លែងឯកសារជាតិពាក់ព័ន្ធនឹងសន្ធិសញ្ញាសន្តិភាពមិត្តភាព និងសហប្រតិបត្តិការរវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ១៩៧៩។
បទសម្ភាសន៍ជាមួយលោក ហុង សុខហួរ មុនពេលចាប់ខ្លួន
សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ដែលមានសញ្ជាតិ២ បានប្រាប់វិទ្យុអាស៊ីសេរី មុនពេលចាប់ខ្លួនថា លោកនឹងប្រគល់ខ្លួនអោយសមត្ថកិច្ចនៅព្រឹកថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយនេះ ដើម្បីពន្យល់អំពីជំហររបស់លោកទៅនឹងការចោទប្រកាន់ថា លោកជាជនក្បត់ជាតិ។
No comments:
Post a Comment