A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 13 August 2015

កម្ពុជា​តវ៉ា​ការ​សង់​ប្រាសាទ​អង្គរវត្ត​នៅ​ប្រទេស​ឥណ្ឌា

Mon, 8 June 2015 ppp
វង្ស សុខេង and Ethan Harfenist

ប្លង់​សង់​ប្រាសាទ​អង្គរវត្ត​ថ្មី​នៅ​ប្រទេស​ឥណ្ឌា ដែល​កម្ពុជា​បាន​ធ្វើការ​តវ៉ា​។ រូបថត ដក​ចេញពី​ហ្វេសប៊ុក


ភ្នំពេញៈ ក្រសួង​ការបរទេស​កម្ពុជា​​ជាថ្មី​ម្តង​ទៀត​បាន​ធ្វើការ​តវ៉ា ចំពោះ​​គម្រោង​​សាងសង់​ប្រាសាទ​អង្គរវត្ត​ចម្លង​តាម​កម្ពុជា ដែល​កំពុង​ដំណើរការ​សាងសង់​នៅក្នុង​រដ្ឋ Bihar ប្រទេស​ឥណ្ឌា ដោយ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​​ឥណ្ឌា​​អន្តរាគមន៍​បញ្ឈប់​​ការ​សាងសង់​នេះ​ដើម្បី​រក្សា​​​ទំនាក់ទំនង​​ការទូត ​«​ជា​ប្រវត្តិសាស្រ្ត​» ​រវាង​ប្រទេស​ទាំង​ពីរ។

លិខិត​មួយ​ចុះ​ថ្ងៃ​ទី​ ៦ ខែ​មិថុនា ពី​ក្រសួង​ការបរទេស​​កម្ពុជា ទៅ​ក្រសួង​​​ការបរទេស​ឥណ្ឌា បាន​​ឲ្យ​ដឹង​ថា​៖ «​​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ការ​ចម្លង​ប្រាសាទ​អង្គរវត្ត ដើម្បី​អត្ថប្រយោជន៍​ពាណិជ្ជកម្ម ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បេតិកភណ្ឌ​ពិភពលោក ដែល​មាន​តម្លៃ​​មនុស្ស​ជាតិ​ជា​សកល​​...​»។

លិខិត​នេះ​បន្ត​ថា​៖ «​រដ្ឋាភិបាល​កម្ពុជា ស្នើ​​សុំ​យ៉ាង​មុតមាំ​ឲ្យ​​​ក្រសួង​​​ការបរទេស​ឥណ្ឌា...ពិចារណា​ឡើង​វិញ អំពី​​គម្រោង​សាងសង់​ចម្លង​អង្គរវត្ត​ដើម្បី​រក្សា​ទំនាក់ទំនង​ប្រវត្តិសាស្រ្ត​​ជា​ប្រពៃណី រវាង​ប្រទេស​ទាំង​ពីរ និង​ប្រជាជន​​របស់​យើង​»។

លិខិត​នេះ​បន្ត​ទៀត​ថា​៖ «​ប្រាសាទ​អង្គវត្ត តែងតែ​តំណាង​ជា​និមិត្តរូប​នៃ​ប្រទេស​កម្ពុជា​នៅក្នុង​ទង់ជាតិ​របស់​ខ្លួន អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​មក​ហើយ​»។



លិខិត​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​របាយការណ៍​មួយ​ថា ក្រុមហ៊ុន Mahavir Mandir Trust កំពុង​ដំណើរការ​ទៅ​មុខ​តាម​ផែនការ​ដើម្បី​សាងសង់​ប្រាសាទ Viraat Ramayan Mandir ​ដែល​ជា​ប្រាសាទ​ហិណ្ឌូ ដែល​មាន​រចនាប័ទ្ម ស្រដៀង​នឹង​ប្រាសាទ​អង្គរវត្ត ដែល​ល្បី​បំផុត និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​បំផុត​​របស់​​កម្ពុជា​​។

លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​​វិចិត្រ​សិល្បៈ បាន​ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ​លោក​​មិន​ដឹង​ទេ ថា​តើ​ក្រុមហ៊ុន Mahavir Mandir Trust បាន​សុំ​សិទ្ធិ​​ចម្លង​ ឬ​អត់​ក្នុង​ការ​សាងសង់​ប្រាសាទ​ថ្មី នោះ​។

លោក​​ថ្លែង​បន្ត​ថា​៖ «​​ខ្ញុំ​គិត​ថា ការ​ចម្លង​ប្រាសាទ​អង្គរវត្ត​មិន​មាន​តម្លៃ​ដូច​ប្រាសាទ​អង្គរវត្ត​របស់​យើង​ទេ។ ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​ចុះ​បញ្ជី​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ចាប់​តាំងពី​ឆ្នាំ​ ១៩៩២ ​។ ​ប្រាសាទ​អង្គរវត្ត​ជា​របស់​ប្រជាជន​ទូទាំង​ពិភពលោក រួម​ទាំង​ឥណ្ឌា​ផង​ដែរ​»។​

លោក​បន្ត​ថា​៖ «​អ្វី​ដែល​បារម្ភ​គឺ​ផលប៉ះពាល់​ផ្នែក​ពាណិជ្ជកម្ម​។ ​ប្រជាជន​ដែល​មិន​​មាន​ប្រាក់​នឹង​ទៅ​មើល​ប្រាសាទ​​ចម្លង​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ប្រជាជន​ជាច្រើន​នឹង​នៅ​តែ​​មក​មើល​ប្រាសាទ​អង្គរវត្ត​ពិត​»។

ទន្ទឹម​នេះ​ លោក Kishore Kunal ​ដែល​ដឹកនាំ​ក្រុមហ៊ុន Mahavir Mandir Trust ​​បាន​អះអាង​ថា ក្រុមហ៊ុន​របស់​លោក មិន​បាន​​បង្កើត​ការ​ចម្លង​ប្រាសាទ​​អង្គរវត្ត​ទេ ដោយ​ថ្លែង​ថា ប្រាសាទ​ល្បី​របស់​កម្ពុជា​គឺជា​ប្រភព​នៃ​ការ​ជំរុញ​ឲ្យ​​មាន​ការ​សាងសង់​ប្រាសាទ​ថ្មី​នេះ​។

លោក​ថ្លែង​ថា​៖ «​យើង​គ្រាន់តែ​ប្រើ​ស្ថាបត្យកម្ម​នៃ​កំពូល​​ប្រាសាទ​​ប៉ុណ្ណោះ​។ ការ​ជំរុញ​ឲ្យ​មាន​ការ​សាងសង់​នេះ​ក៏​កើត​ចេញ​ពី​ប្រាសាទ​ដទៃៗ​ក្នុង​ប្រទេស​ឥណ្ឌា​ផង​ដែរ​»។

លោក Kunal បាន​ថ្លែង​បន្ត​ថា​៖ «​យើង​បាន​សុំ​ឲ្យ​កម្ពុជា​បញ្ជូន​ស្ថាបត្យករ​​មក​មើល​ប្លង់​ និង​សម្រេច​ថា​តើ​​វា​ជា​ការ​ចម្លង​ឬ​អត់​?»​។ «​​ពួកគេ​នឹង​ដឹង​ថា វា​ជា​ប្រាសាទ​ថ្មី ប្រសើរ​ជាង​មុន​​ដែល​ចេញ​ពី​ប្រាសាទ​ជាច្រើន រួមទាំង​អង្គរវត្ត ប្រាសាទ Hanuman នៅ​ប្រទេស​ឥណ្ឌា និង​ប្រាសាទ​ដទៃ​ទៀត​»។

លោក Kunal ថ្លែង​បន្ត​ថា ជា​លក្ខណៈ​បច្ចេកទេស​មិន​មាន​ច្បាប់​ណា​​ប្រឆាំង​នឹង​ការ​ចម្លង​​បេតិកភណ្ឌ​ពិភពលោក​ទេ ដោយ​លោក​លើក​ឡើង​ថា ប្រទេស​បង់ក្លាដែស ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ឥណ្ឌា បាន​ចម្លង​ប្រាសាទ Taj Mahal ដ៏ល្បី​របស់​ឥណ្ឌា។ ​

លោក​បន្ត​ថា​៖ «​ប្រាសាទ​អង្គរវត្ត​គឺជា​ប្រាសាទ​មួយ ដែល​ឧទ្ទិស​ទៅ​ដល់​​ព្រះវិស្ណុ ហិណ្ឌូ​»​។ លោក​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​ប្រាសាទ​របស់​យើង​នឹង​មាន​ព្រះហិណ្ឌូ​ជាច្រើន​លើស​ពី​នេះ​»​។

ទន្ទឹម​នេះ លោកស្រី Anne Lemaistre ប្រធាន​ការិយាល័យ​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា​៖ «​យើង​នឹង​សិក្សា​ករណី​នេះ​នៅ​អង្គការ​យូណេស្កូ ប៉ុន្តែ​តាម​ដែល​យើង​ដឹង នេះ​គឺជា​ការ​ទទួល​ស្គាល់​គុណភាព​ដ៏ខ្ពស់​បំផុត​នៃ​ប្រាសាទ​អង្គរវត្ត​។ ការ​ចម្លង​វា​មិន​មាន​គុណភាព​ដើម​ដូច​ប្រាសាទ​អង្គរវត្ត​ទេ​»។

ប្រាសាទ​អង្គរវត្ត គឺជា​ប្រាសាទ​​ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅក្នុង​សតវត្សរ៍​ទី​ ១២ ដែល​នា​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​បោះឆ្នោត​ថា ជា​ប្រាសាទ​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​នៅក្នុង​ពិភពលោក ដោយ​គេហទំព័រ​ទេសចរណ៍ Trip Advisor ហើយ​នៅ​តែ​ជា​ប្រភព​ចំណូល​ដ៏ធំ​របស់​កម្ពុជា​។

បន្ទាប់ពី​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​ ២៤ ​​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​ការពារ​ និង​អភិវឌ្ឍ​តំបន់​ប្រវត្តិសាស្រ្ត​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​ ៦ ខែ​មិថុនា ឧបនាយក​រដ្ឋមន្រ្តី លោក សុខ អាន បាន​ថ្លែង​ថា ប្រាសាទ​អង្គរវត្ត​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា ចំនួន​ ២ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។

នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ក៏​បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ផង​ដែរ ចំពោះ​គម្រោង​សង់​ប្រាសាទ​អង្គរវត្ត​ថ្មី​នៅ​ប្រទេស​ឥណ្ឌា​នេះ​៕ PS

No comments: