A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 19 August 2015

ជនជាតិ​ភាគ​តិច​ឡាវ​នៅ​ខេត្ត​ស្ទឹងត្រែង​មាន​ទំនៀមទម្លាប់​ប្រពៃណី​ស្ទើរ​ដូច​ខ្មែរ​ទាំង​ស្រុង

ដោយ ម៉ែន សុធីរ
2015-08-18 rfa

ស្ត្រី​ជនជាតិ​ឡាវ ស្ពាយ​កាផា​មក​ពី​ចម្ការ រស់នៅ​ឃុំ​កំភុន ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Men Sothyr


ពលរដ្ឋ​ជនជាតិ​ភាគ​តិច​ឡាវ ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ទំនៀមទម្លាប់​ប្រពៃណី វប្បធម៌​របស់​ពួក​គាត់ ត្រូវ​បាន​ប្ដូរ​ដូច​ខ្មែរ​ស្ទើរ​ទាំង​ស្រុង ដូចជា​ការ​ប្រើប្រាស់​ភាសា ការ​ប្រារព្ធ​ពិធី​បុណ្យ​ទាន និង​មង្គលការ ជាដើម។ ការ​ផ្លាស់ប្ដូរ​នេះ ពួក​គេ​អះអាង​ថា ដោយសារ​តែ​ការ​ទំនាក់ទំនង​គ្នា​ជា​ភាសា​ឡាវ តាម​តំបន់​មិន​មាន​ភាព​ទូលំទូលាយ។

តើ​មាន​មូលហេតុ​អ្វី​ខ្លះ ដែល​បណ្ដាល​ឲ្យ​ការ​ប្រើប្រាស់​ភាសា និង​ទំនៀមទម្លាប់​ជនជាតិ​ភាគ​តិច​មួយ​នេះ ត្រូវ​បាន​ផ្លាស់ប្ដូរ​ស្ទើរ​ដូច​ខ្មែរ​ទាំង​ស្រុង?

អ្នក​ភូមិ​ជនជាតិ​ភាគ​តិច​ឡាវ រស់នៅ​តាម​ដង​ទន្លេ​ក្នុង​ឃុំ​ភ្លុក ឃុំ​សាមឃួយ និង​ឃុំ​កំភុន ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ការ​និយាយ​ភាសា​ឡាវ នៅ​តំបន់​ដែល​គាត់​រស់នៅ​បច្ចុប្បន្ន និង​ភាសា​ឡាវ នៅ​ឯ​ប្រទេស​ឡាវ មិន​អាច​ទំនាក់ទំនង​រួម​គ្នា​បាន​នោះ​ទេ ត្បិត​ជា​ឈ្មោះ​ភាសា​ឡាវ ដូច​គ្នា​ក៏ដោយ។ មូលហេតុ​ដែល​មិន​អាច​ប្រើប្រាស់​បាន ដោយសារ​តែ​ភាសា​ជនជាតិ​ភាគ​តិច​ឡាវ ដែល​គាត់​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​ជា​គ្រាម​ភាសា ឬ​ជា​ភាសា​នៅ​តាម​តំបន់​ដែល​មាន​លក្ខណៈ​ខុស​គ្នា​ដាច់​ស្រឡះ​នឹង​ភាសា​ឡាវ នៅ​ក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ។ តែ​យ៉ាង​ណា ការ​ប្រើប្រាស់​ភាសា​តំបន់ ក៏​កំពុង​ធ្លាក់​ចុះ​បណ្ដើរៗ​ដែរ។

ទាក់ទិន​បញ្ហា​នេះ អង្គការ​សង្គម​ស៊ីវិល ព្យាករ​ថា អាច​ក្មេង​ជំនាន់​ក្រោយ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទំនាក់ទំនង​គ្នា​ឡើយ។ អ្នក​ភូមិ​បារម្ភ​ថា ភាសា​តំបន់​ដែល​គាត់​ប្រើប្រាស់​សព្វថ្ងៃ នឹង​ត្រូវ​បាត់បង់​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ ព្រោះ​ជា​ប្រពៃណី​វប្បធម៌ ដូចជា​ការ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​បុណ្យ​ផ្សេងៗ អ្នក​ភូមិ​បាន​ប្ដូរ​ឥរិយាបថ​តាម​ខ្មែរ​ស្ទើរ​ទាំង​ស្រុង។ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​បាត់បង់ ព្រោះ​តែ​ការ​ប្រើប្រាស់​ជាទូទៅ​ជា​ភាសា​ខ្មែរ មាន​ភាព​ទូលំទូលាយ​ជាង និង​ងាយ​ស្រួល​ទំនាក់ទំនង ព្រម​ទាំង​ការ​អប់រំ​តាម​មូលដ្ឋាន​នៅ​តំបន់​នោះ សិស្សានុសិស្ស​ក៏​កំពុង​សិក្សា​ភាសា​ខ្មែរ​ចាប់​ពី​ថ្នាក់​បឋម ដល់​អនុវិទ្យាល័យ។



ស្ត្រី​ចំណាស់​ម្នាក់​ដែល​មាន​វ័យ​ជាង ៦០​ឆ្នាំ កំពុង​ស្ពាយ​កាផា ឬ​ភាសា​ខ្មែរ​ហៅ​ថា កញ្ជើ នៅ​ខាង​ក្រោយ​ខ្នង សម្បុរ​ខ្មៅ​ស្រអែម ដែល​កំពុង​ធ្វើ​ដំណើរ​ពី​ចម្ការ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ​ប្រហែល​ជាង ៣​គីឡូ​ម៉ែត្រ រស់នៅ​ឃុំ​ភ្លុក ស្រុក​សេសាន គឺ​អ្នកស្រី ឃី ស៊ីម៉ា។ អ្នកស្រី​និយាយ​ថា កាល​ពី ១០​ឆ្នាំ​មុន នៅ​តំបន់​នេះ​ពលរដ្ឋ​និយាយ​ភាសា​ឡាវ ប្រហែល ៩៥​ភាគរយ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន កាន់​តែ​ធ្លាក់​ចុះ​បន្តិច​ម្តងៗ ព្រោះ​តែ​មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​មក​រស់នៅ​តំបន់​នេះ និង​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​យក​ប្រពន្ធ​ជនជាតិ​ភាគ​តិច​ឡាវ។ អ្នកស្រី​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រើប្រាស់​ភាសា​ឡាវ ហើយ​ប្ដូរ​ប្រើ​ភាសា​ខ្មែរ ក៏​ជា​ការ​ប្រសើរ​ដែរ ព្រោះ​កំពុង​រស់នៅ​ក្នុង​ប្រទេស​ខ្មែរ។ មួយ​វិញ​ទៀត ភាសា​នៅ​តំបន់​របស់​ពួក​គេ មិន​អាច​ប្រើប្រាស់​នៅ​តំបន់​ឆ្ងាយ​ពី​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​មួយ​ចំនួន កម្រ​មាន​ជនជាតិ​ភាគ​តិច​ឡាវ ព្រោះ​មិន​សូវ​មាន​អ្នក​ដែល​ចេះ​និយាយ ទាំង​នេះ​ក៏​ជា​គុណ​វិបត្តិ​បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ទំនាក់ទំនង​រក​ស៊ី​ផ្សេងៗ ប្រសិន​ពលរដ្ឋ​នៅ​តំបន់​នោះ​ពុំ​ចេះ​ខ្មែរ។ អ្នកស្រី​បញ្ជាក់​ថា នៅ​ឃុំ​ភ្លុក នៅ​មាន​ពលរដ្ឋ​ដែល​មាន​វ័យ​ចាប់​ពី ៥០​ឆ្នាំ​ឡើង​ទៅ មួយ​ចំនួន​មិន​ទាន់​ចេះ​ប្រើប្រាស់​ភាសា​ខ្មែរ និង​មាន​មួយ​ចំនួន​ចេះ​តិចតួច៖ «ហ្នឹង​ហើយ​កែ​បន្តិចៗ ឥឡូវ​ដូច​ខ្មែរ​វិញ​អស់​ហើយ ប្រាំពីរ​យប់​ប្រាំពីរ​ថ្ងៃ ឥឡូវ​ពីរ​ថ្ងៃ​ហើយៗ ពីរ​ថ្ងៃ​ហើយ កាប់​គោ​កាប់​ក្របី​មែន​ហ្នឹង​ហើយ​ឥឡូវ បើ​រឿង​ខ្មោច​អី​នៅ​សែន​ធម្មតា​រហូត​ខ្មោច​ក៏​ចូល​មក​ហ្នឹង​ហើយ ហើយ​ក៏​អារក្ស​ចូល​មក​ក៏​រាំ គេ​ក៏​ចង​ក្បាល​ក្រហម ហើយ​ក៏​ស្លៀក​ក្រហម សំពត់​ក្រហម ក៏​ក្រោក​ចូល​មក​រាំ​រែក​លេង»។

ទំនៀមទម្លាប់​ប្រពៃណី​រៀបការ ពិធី​បុណ្យ​របស់​ជនជាតិ​ឡាវ នៅ​តំបន់​នោះ បច្ចុប្បន្ន​កំពុង​ប្រែ​ក្លាយ​ទាំង​ស្រុង​ទៅ​ជា​ប្រពៃណី​ខ្មែរ ដូចជា​ពិធី​បុណ្យ​ចូល​ឆ្នាំ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ និង​ពិធី​បុណ្យ​អុំ​ទូក ជាដើម ប៉ុន្តែ​នៅ​មាន​ប្រពៃណី​មួយ​ចំនួន​នៅ​មិន​ទាន់​ប្រែ​ក្លាយ​ទាំង​ស្រុង​ដូច​ខ្មែរ​នោះ​ទេ ដូចជា​ពិធី​រៀប​អាពាហ៍ពិពាហ៍ ដោយ​ពួក​គេ​មិន​ប្រារព្ធ​ពិធី​ហែ​ជំនូន ហាម​មិន​ឲ្យ​កូន​កំលោះ​ឡើង​ដើម​ឈើ ចូល​ព្រៃ​កាប់​ឈើ​មុន​រៀបការ ថែម​ទាំង​តម្រូវ​ឲ្យ​មាន​អារក្ស​ចូល​ខ្លួន​ដើម្បី​រាំ​រែក ជូន​ពរ​ដល់​កូន​កំលោះ​កូន​ក្រមុំ​ក្នុង​ថ្ងៃ​មង្គល​ការ។

ស្ត្រី​វ័យ ៤០​ឆ្នាំ​ជា​ជនជាតិ​ភាគ​តិច​ឡាវ រស់នៅ​ឃុំ​សាមឃួយ ស្រុក​សេសាន អ្នកស្រី ទី ឡា ឲ្យ​ដឹង​ថា ក្នុង​ភូមិ​សាមឃួយ ភាគ​ច្រើន​ស្ទើរ​តែ ១០០​ភាគរយ សុទ្ធសឹងតែ​ជនជាតិ​ភាគ​តិច​ឡាវ រស់នៅ​ច្រើន​តែ​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ នេសាទ​ត្រី កម្មករ និង​មួយ​ចំនួន​តូច ចូល​ព្រៃ​កាប់​ឈើ​លក់ ជាដើម។ អ្នកស្រី​បន្ត​ថា ពី​ដើម ជនជាតិ​ភាគ​តិច​ឡាវ បាន​ប្រារព្ធ​ពិធី​បុណ្យ​ទាន​ផ្សេងៗ​នៅ​តំបន់​នោះ ពុំ​សូវ​មាន​នោះ​ទេ តែ​ប្រហែល​ជាង ១០​ឆ្នាំ​មក​នេះ ពិធី​បុណ្យ​ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ កំពុង​ត្រូវ​បាន​ពលរដ្ឋ​ជនជាតិ​ឡាវ គោរព និង​ប្រតិបត្តិ​មិន​ចាញ់​ជនជាតិ​ខ្មែរ​ឡើយ ព្រោះ​តែ​មាន​វត្ត​អារាម​ខ្មែរ​នៅ​ក្នុង​ភូមិ​ស្រាប់៖ «អត់​មាន​ពី​ណា​ចេះ​អក្សរ​ទេ​អក្សរ​ឡាវ គេ​និយាយ​ស្តាប់​គេ​បាន​តិចតួច និយាយ​ឡាវ នៅ​នេះ​មាន​តែ​ធ្វើ​ស្រែ​ចម្ការ»។

ទាក់ទិន​ករណី​នេះ មេ​ឃុំ​ភ្លុក លោក ទួន ថាំង មាន​ប្រសាសន៍​ថា ហេតុ​ដែល​ប្រពៃណី​វប្បធម៌​ជនជាតិ​ភាគ​តិច​ឡាវ នៅ​ពេល​បច្ចុប្បន្ន កំពុង​ប្រែ​ក្លាយ​ស្ទើរ​តែ​ទាំង​ស្រុង​ដូចជា​ខ្មែរ ដោយសារ​តែ​វិស័យ​អប់រំ​តាម​មូលដ្ឋាន ការ​ទំនាក់ទំនង​គ្នា​ក្នុង​របរ​រក​ស៊ី និង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ជាដើម មាន​ការ​លំបាក ប្រសិន​បើ​ជនជាតិ​ភាគ​តិច​ឡាវ ទាំង​នោះ ពុំ​ចេះ​ភាសា​ខ្មែរ​នោះ​ទេ។ លោក​កត់​សម្គាល់​ថា កាល​ពី​ជាង ១០​ឆ្នាំ​មុន នៅ​ក្នុង​ឃុំ​ភ្លុក នេះ ពលរដ្ឋ​ជនជាតិ​ភាគ​តិច​ឡាវ ស្ទើរ​តែ​ជិត ១០០​ភាគរយ​និយាយ​ភាសា​ឡាវ ហើយ​នៅ​ពេល​បច្ចុប្បន្ន ការ​ប្រើប្រាស់​ភាសា​នេះ​ក៏​កាន់​តែ​ធ្លាក់​ចុះ​យ៉ាង​គំហុក។ លោក ទួន ថាំង បញ្ជាក់​ថា អ្វី​ដែល​លោក​បារម្ភ​ប្រពៃណី​លែង​គោ​ក្របី​របស់​ជនជាតិ​នេះ ត្រូវ​ជួប​បញ្ហា​ច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​នេះ ដោយសារ​តែ​មាន​ជន​ខិលខូច​លួច​កាប់​វះ​យក​សាច់​នៅ​ក្នុង​ព្រៃ។ លោក​កត់​សម្គាល់​ថា ឃុំ​ភ្លុក ក្នុង​មួយ​ឆ្នាំ គោ​ក្របី​ត្រូវ​បាន​បាត់​ដោយសារ​តែ​ជន​ខិលខូច​លួច ចាប់​ពី​ជាង ២០​ក្បាល​ទៅ​ជាង ៣០​ក្បាល ព្រោះ​តែ​អ្នក​ភូមិ​មាន​ប្រពៃណី​លែង​គោ​ក្របី​ចូល​ព្រៃ​នៅ​រដូវ​ធ្វើ​ស្រែ​រួច ហើយ​ដល់​ខែ​ធ្វើ​ស្រែ​វិញ អ្នក​ភូមិ​ក៏​ចូល​ព្រៃ​ចាប់​គោ​ក្របី​មក៖ «កាល​មុន​វា​អត់​សូវ​បាត់​ទេ វា​ព្រៃ​ច្រើន កាល​មុន​វា​អត់​សូវ​មាន​ក្រុមហ៊ុន ហើយ​អត់​សូវ​មាន​អ្នក​ដែល​ធ្វើ​ចម្ការ​តាម​ឆ្ងាយៗ ហើយ​វា​អត់​មាន​អ្នក​ដែល​មាន​គោ​យន្ត​បរបាញ់​អី គេ​លួច​បាញ់​លួច​ដាក់​អន្ទាក់​យក»។

ឃុំ​ដែល​នៅ​ជាប់​តាម​ដង​ទន្លេ​សេកុង ខេត្ត​ស្ទឹងត្រែង មាន​ដូចជា​ឃុំ​សាមឃួយ ឃុំ​កំភុន និង​ឃុំ​ភ្លុក ស្រុក​សេសាន មាន​ពលរដ្ឋ​ភាគ​ច្រើន​ជា​ជនជាតិ​ភាគ​តិច​ឡាវ រស់នៅ​អម​សង​ខាង​ផ្លូវ​តាម​បណ្តោយ​មាត់​ទន្លេ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ជាង ១០​គីឡូ​ម៉ែត្រ តាម​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​បណ្តុះបណ្តាល​ពលរដ្ឋ​តាម​មូលដ្ឋាន ឲ្យ​យល់​ពី​ចំណេះ​ដឹង​មូលដ្ឋាន ផ្នែក​ច្បាប់ សុខភាព និង​កសិកម្ម​ជាដើម ព្រម​ទាំង​វប្បធម៌​ទំនៀមទម្លាប់​ខ្មែរ​ផង។ លោក​រក​ឃើញ​ថា ពលរដ្ឋ​នៅ​តំបន់​នោះ​ខ្វះ​ការ​អប់រំ​ផ្នែក​សុខភាព និង​អនាម័យ ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់។ ចំណែក​ការ​រស់នៅ​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជនជាតិ​ភាគ​តិច​ឡាវ ត្រូវ​បាន​ផ្លាស់ប្ដូរ។ លោក​យល់​ថា គឺ​ជា​ការ​ប្រសើរ​ដែល​អ្នក​ភូមិ​នៅ​តំបន់​នោះ ក៏​ពុំ​ធ្លាប់​មាន​វប្បធម៌​ដូចជា​ខ្មែរ​ដែរ​កន្លង​មក។ លោក​ថា ការ​ផ្លាស់ប្ដូរ​នេះ ក៏​ជា​ចំណុច​វិជ្ជមាន​មួយ​ដែល​អាច​ឲ្យ​ពួក​គេ​ជឿ​លើ​ពុទ្ធសាសនា អាច​ប្រែប្រួល​ផ្នត់​គំនិត​របស់​អ្នក​ភូមិ​ឲ្យ​ធ្វើ​អំពើ​ល្អ​ក្នុង​សង្គម ជា​មូលដ្ឋាន​សំខាន់​ដើម្បី​លើក​ស្ទួយ​ការ​អភិវឌ្ឍ​ប្រទេស៖ «ខ្មែរ-ឡាវ តាំង​ពី​ដើម​មក ប៉ុន្តែ​ឥឡូវ​ក៏​គាត់​នៅ​តែ​កាន់​បន្តិចបន្តួច ដែល​គាត់​បែរ​មក​ព្រះពុទ្ធ​សាសនា​ខ្លះ ទោះ​បី​ជា​គាត់​កាន់ ឬ​មួយ​កាន់​វប្បធម៌​របស់​គាត់​ក៏ដោយ អាជ្ញាធរ​មូលដ្ឋាន ឬ​រដ្ឋាភិបាល គាត់​ត្រូវ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ មិន​ត្រូវ​មាន​ការ​រើសអើង»។

សមាគម​អាដហុក ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ខេត្ត​ស្ទឹងត្រែង មាន​ជនជាតិ​ភាគ​តិច​ឡាវ រស់នៅ​ចាប់​ពី ២០% ទៅ ៦០% រស់នៅ​ស្រុក​ទាំង​៥ នៃ​ខេត្ត​នេះ ហើយ​ស្រុក​ដែល​មាន​ជនជាតិ​ឡាវ រស់នៅ​ច្រើន​ជាង​គេ គឺ​ស្រុក​សេសាន ស្រុក​សៀមប៉ាង និង​ស្រុក​សៀមបូក។ ដោយឡែក​នៅ​ខេត្ត​រតនគិរី វិញ ក៏​មាន​ជនជាតិ​ភាគ​តិច​ឡាវ រស់នៅ​ច្រើន​ដូច​គ្នា​ដែរ ដូចជា​ស្រុក​វ៉ឺនសៃ និង​ស្រុក​លំផាត់៕

No comments: