2015-08-10 rfa
វាគ្មិនកិត្តិយសដែលចូលរួមក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី លោក ស៊ាន ប៉េងសែ (ភ្ជាប់ទូរស័ព្ទពីប្រទេសបារាំង) កាលពីយប់ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១២។
Photo: RFA
|
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង និងក្នុងពិភពលោក លោក ស៊ាន ប៉េងសែ បដិសេធថា លោកមិនដែលបានផ្ញើផែនទីកម្ពុជា ដែលគណៈកម្មាធិការលោកមានតាំងពីឆ្នាំ១៩៦៣ ទៅឲ្យលោកបណ្ឌិត សុខ ទូច នៃរាជបណ្ឌិត្យសភា ដូចការអះអាងនោះទេ។
លោក ស៊ាន ប៉េងសែ បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃទី១០ សីហា ថា រូបលោកផ្ទាល់ និងសមាជិកគណៈកម្មាធិការរបស់លោកមិនដែលបានទទួលការស្នើសុំផែនទីណាមួយពីរាជបណ្ឌិត្យសភា ដើម្បីយកទៅប្រើប្រាស់ផ្ទៀងផ្ទាត់ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម នោះឡើយ។
លោកបន្តថា គណៈកម្មាធិការលោកបានប្រគល់កិច្ចការនានាដល់អគ្គហិរញ្ញិកលោក ហម ប៊ុនឆាយ ដើម្បីទទួលខុសត្រូវរឿងផ្ញើផែនទីនោះ៖ «ខ្ញុំមិនដែលបានជូនផែនទីនេះទៅលោក សុខ ទូច ទេ។ ការចែកចាយផែនទីនេះ គឺចាត់ចែងដោយលោក ហម ប៊ុនឆាយ ហើយបើតាមខ្ញុំដឹង ផែនទីនេះអាចផ្ញើជូនទៅអ្នកណាដែលបានសរសេរសំបុត្រសុំ ឬទាក់ទងមកគាត់ ហើយខ្ញុំអត់បានដែលស្គាល់លោក សុខ ទូច ពីមុន ឬក្រោយនេះមិនដែលស្គាល់ទេ»។
លោក ស៊ាន ប៉េងសែ ក៏បានគូសបញ្ជាក់ថា ផែនទីរបស់លោកមាននោះ គឺជាផែនទីកម្ពុជា ខ្នាត ១/១០០.០០០ ចំនួន ១២៦ផ្ទាំង ដែលបានរៀបចំដោយប្រទេសបារាំង ចន្លោះពីឆ្នាំ១៩៣៣ និងឆ្នាំ១៩៥៣ ហើយបានវិទ្យាស្ថានភូមិសាស្ត្របារាំង បោះពុម្ពផ្សាយ ហើយថា គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង និងក្នុងពិភពលោក គ្មានទំនាក់ទំនង និងការទទួលខុសត្រូវបែបណាមួយជាមួយភ្នាក់ងារណា ឬក្រុមណាឡើយ៕
No comments:
Post a Comment