2015-08-13 rfa
សកម្មភាពអនាធិបតេយ្យ ទូកភ្លើងរបស់អ្នកនេសាទជនជាតិវៀតណាម ប្រើឧបករណ៍ល្មើសច្បាប់ នៅក្នុងដែនសមុទ្រ ខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤។
Photo/Provided
|
មន្ត្រីសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋានឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អះអាងថា បទល្មើសនេសាទសមុទ្រ ពិសេសបទល្មើសនេសាទគ្រែងឈាម បានបន្តកើតមាន ហើយគ្មានមន្ត្រីពាក់ព័ន្ធស្ថាប័នជំនាញណាមួយ ចេញមុខទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ។
ពលរដ្ឋចោទថា មន្ត្រីជំនាញស្ថាប័នជលផល និងមន្ត្រីជំនាញស្ថាប័នបង្ក្រាបបទល្មើសនៅលើលំហសមុទ្រជាដើម ទំនងជាមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើសនេសាទ ពិសេសបទល្មើសគ្រែងឈាម ទើបគ្មានសកម្មភាពបង្ក្រាប ឬទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
ប្រជាពលរដ្ឋ ឬអាជ្ញាធរមូលដ្ឋានតំបន់កោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ និងមន្ត្រីសង្គមស៊ីវិលខេត្តព្រះសីហនុ ជាថ្មីម្តងទៀតបង្ហាញក្តីព្រួយបារម្ភខ្លាចបាត់បង់ធនធានជលផលសមុទ្រ ពិសេសគ្រែងឈាមក្នុងមូលដ្ឋាននេះ ដោយសារបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតមានអនាធិបតេយ្យ និងគ្មានការទប់ស្កាត់ពីសមត្ថកិច្ចជំនាញ។
បញ្ហានេះ អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (adhoc) ប្រចាំខេត្តព្រះសីហនុ ដែលបានចុះដល់តំបន់កោះខ្យង មានប្រសាសន៍ថា ពលរដ្ឋរស់នៅតំបន់នេះបានបង្ហាញកង្វល់ជុំវិញបទល្មើសជលផលសមុទ្រ ពិសេសគ្រែងឈាម កំពុងធ្វើសកម្មភាពរាល់ថ្ងៃ និងឈានដល់រលាយផុតពូជនាថ្ងៃអនាគត ព្រោះបទល្មើសគ្រែងឈាមដែលឈ្មួញល្មើសប្រើឧបករណ៍ខុសច្បាប់ គឺបានចាប់យកទាំងកូនគ្រែងឈាមទាំងតូចទាំងធំ និងលក់បន្តទៅឲ្យឈ្មួញវៀតណាម៖ «ឧបករណ៍រនាស់កៀរ ឬអូសកូនគ្រែង គឺចាប់យកកូនគ្រែងទាំងតូចធំគ្មានសល់ទេ។ ហើយកូនគ្រែងតូចៗ គឺគេលក់ទៅឲ្យឈ្មួញវៀតណាម។ ខ្ញុំមិនដឹងថា ខាងមន្ត្រីជំនាញមិនអាចបង្ក្រាបបទល្មើសនេះមិនបាន ឬមិនមានប្រសិទ្ធភាព ហើយបទល្មើសនេះមិនមែនសមត្ថកិច្ចមិនដឹងទេ គឺដឹងគ្រប់គ្នានៅទូទាំងស្រុកព្រៃនប់»។
អ្នកស្រី ជៀប សុធារី ឲ្យដឹងទៀតថា បទល្មើសជលផលសមុទ្រ ពិសេសគ្រែងឈាមនាតំបន់កោះខ្យង ស្រុកព្រៃនប់ រាល់ថ្ងៃនេះ មានទាំងអ្នកនេសាទជនជាតិខ្មែរ និងជនជាតិវៀតណាម។ អ្នកស្រីបន្ថែមថា បទល្មើសគ្រែងឈាមដែលកើតមានរ៉ាំរ៉ៃ និងគ្មានមន្ត្រីជំនាញទប់ស្កាត់នាតំបន់កោះខ្យង នឹងអាចឈានដល់ផុតពូជពីតំបន់កោះខ្យង នៃដែនសមុទ្រខេត្តព្រះសីហនុ ក្នុងពេលដ៏ឆាប់ បើអាជ្ញាធរគ្មានការទប់ស្កាត់។
ទាក់ទងបញ្ហានេះ លោក យន់ ឆេង មេឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទទួលស្គាល់ថា បទល្មើសនេសាទសមុទ្រ ពិសេសគ្រែងឈាម ពិតជាកំពុងធ្វើសកម្មភាពរាល់ថ្ងៃ និងគ្មានមន្ត្រីជំនាញស្ថាប័នណាមួយចេញមុខទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ។ លោកថា បទល្មើសទាំងនេះ រូបលោក និងប្រជាពលរដ្ឋមូលដ្ឋាននេះ បារម្ភខ្លាចបាត់បង់ធនធានជលផលសមុទ្រ ពិសេសគ្រែងឈាម ត្រូវផុតពូជ ព្រោះបទល្មើសនេះឈ្មួញបានចាប់យកទាំងតូចទាំងធំ ដោយប្រើឧបករណ៍ខុសច្បាប់៖ «នៅតំបន់កោះខ្យងមានមន្ត្រីជំនាញជាច្រើនស្ថាប័នប្រចាំការនៅទីនោះ គឺមានមន្ត្រីបរិស្ថាន មានមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ និងមន្ត្រីស្ថាប័នពាក់ព័ន្ធច្រើនទៀត ប៉ុន្តែមិនដឹងថា មន្ត្រីជំនាញទាំងនោះគាំទ្រជនបង្កបទល្មើសនេសាទ ឬគាំទ្រខាងណាទេ ទើបឈ្មួញល្មើសនេសាទសមុទ្រ បានបន្តធ្វើសកម្មភាពជារៀងរាល់ថ្ងៃ និងមិនញញើតកម្លាំងសមត្ថកិច្ចមូលដ្ឋាននេះទេ»។
លោក យន់ ឆេង មេឃុំអូរជ្រៅ បញ្ជាក់បន្ថែមថា បទល្មើសនេសាទដែលកើតមានយូរឆ្នាំនាតំបន់កោះខ្យង រូបលោកធ្លាប់រាយការណ៍ជូនមន្ត្រីជំនាញពាក់ព័ន្ធ រហូតដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ជាបន្តបន្ទាប់ ប៉ុន្តែបទល្មើសនៅតែបន្តកើតមាន។
ឆ្លើយតបបញ្ហានេះ លោក នេន ចំរើន ប្រធានខណ្ឌជលផលខេត្តព្រះសីហនុ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា ស្ថាប័ននេះបានធ្វើសកម្មភាពចុះបង្ក្រាបបទល្មើសនេសាទសមុទ្រជាបន្តបន្ទាប់ និងបង្ក្រាបបទល្មើសនេសាទសមុទ្រទទួលបានលទ្ធផលជាច្រើនករណី។ យ៉ាងណា មន្ត្រីជលផលរូបនេះ បដិសេធមិនឆ្លើយបំភ្លឺឲ្យបានច្បាស់លាស់ជុំវិញបទល្មើសគ្រែងឈាម ដែលកំពុងធ្វើសកម្មភាពអនាធិបតេយ្យនាតំបន់កោះខ្យងនោះទេ៖ «មន្ត្រីជំនាញជលផលខេត្ត បានចុះអនុវត្តច្បាប់ និងបង្ក្រាបបទល្មើសនេសាទ ឬបទល្មើសនេសាទសមុទ្រជាបន្តបន្ទាប់»។
ទោះជាបែបនេះក្តី ទាំងមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋនាមូលដ្ឋានតំបន់កោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ បានចោទមន្ត្រីជលផលខេត្តព្រះសីហនុ ជាពិសេសអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ថាអាចជាប់ពាក់ព័ន្ធបទល្មើសនេសាទសមុទ្រ ជាថ្នូរទទួលបានសំណូកពុករលួយ ទើបបើកដៃឲ្យឈ្មួញ អាចធ្វើសកម្មភាពដោយគ្មានការហាមឃាត់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក តេង សួន ប្រធាននាយកដ្ឋានព្រំដែនទឹក ដើម្បីបំភ្លឺជុំវិញកង្វល់ពលរដ្ឋទៅលើបទល្មើសនេសាទសមុទ្រ ពិសេសគ្រែងឈាមនៅតំបន់កោះខ្យងបានទេ។
ប៉ុន្តែ មន្ត្រីក្រោមឱវាទរបស់លោក គឺលោក ឌឹម សំបូរ អនុប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ធ្លាប់ឲ្យដឹងថា ស្ថាប័នខ្លួនបានចុះបង្ក្រាបបទល្មើសផ្សេងៗជាបន្តបន្ទាប់ នៅពេលមានសំណើសុំកិច្ចសហការពីស្ថាប័នជំនាញនានា ពិសេសនៅពេលមានបណ្ដឹងពីប្រជាពលរដ្ឋ។
ត្រង់ចំណុចនេះ លោក យន់ ឆេង មេឃុំអូរជ្រៅ និងប្រជាពលរដ្ឋមូលដ្ឋាននេះបញ្ជាក់ថា ធ្លាប់លើកយកបទល្មើសនេសាទសមុទ្រអនាធិបតេយ្យនៅតំបន់កោះខ្យង ដាក់ជូនស្ថាប័នពាក់ព័ន្ធថ្នាក់ខេត្ត មានស្ថាប័នខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ ជាដើម ដើម្បីជួយមានវិធានការទប់ស្កាត់ ប៉ុន្តែមកដល់ពេលនេះ បទល្មើសនេសាទបានបន្តកើតមានរាល់ថ្ងៃ ពិសេសបទល្មើសគ្រែងឈាម៕
No comments:
Post a Comment