ដោយ ខែ សុណង
2015-08-10 rfa
បណ្ដាញសហគមន៍ព្រៃឡង់ ចំនួន ៤ខេត្ត រួមមានខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ បានបើកយុទ្ធនាការទប់ស្កាត់បទល្មើសព្រៃឈើជុំវិញតំបន់ព្រៃឡង់។ យុទ្ធនាការនេះ ធ្វើរយៈពេល ៥ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែសីហា ដោយធ្វើដំណើរតាមម៉ូតូប្រមាណ ២០០គ្រឿង មានអ្នកចូលរួមជាង ៣០០នាក់ ហើយមានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញក្នុងខេត្តមួយចំនួនចូលរួមផងដែរ។
បណ្ដាញសហគមន៍ការពារព្រៃឡង់គ្រោងនឹងដាក់របាយការណ៍បូកសរុបពីលទ្ធផលរកឃើញក្នុងបទល្មើសព្រៃឈើ និងដីធ្លី ទៅស្ថាប័នពាក់ព័ន្ធដើម្បីអន្តរាគមន៍ទប់ស្កាត់ និងបញ្ឈប់បទល្មើសព្រៃឈើដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យក្នុងតំបន់ព្រៃឡង់ ប្រព្រឹត្តដោយមន្ត្រីមានអំណាច និងអ្នកមានលុយកាក់។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញសហគមន៍ព្រៃឡង់ លោក សេង សុខហេង មានប្រសាសន៍នៅថ្ងៃទី១០ សីហា ថា ក្នុងសកម្មភាពល្បាតនេះ ពួកគាត់នឹងធ្វើរបាយការណ៍មួយដាក់ជូនទៅស្ថាប័នមួយចំនួនដូចជា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រដ្ឋបាលព្រៃឈើ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម ដើម្បីមានវិធានការផ្លូវច្បាប់។ លោកថា នៅពេលចាប់បានភស្តុតាងក្នុងយុទ្ធនាការលើកនេះ ពួកគាត់នឹងបញ្ជូនមកភ្នំពេញ ដល់ស្ថាប័នពាក់ព័ន្ធតែម្ដង។
លោក សេង សុខហេង បញ្ជាក់ទៀតថា បទល្មើសព្រៃឈើច្រើនកើតមានឡើង ដោយមន្ត្រីមានអំណាច និងមានទ្រព្យធន៖ «បើនៅខាងស្ទឹងត្រែង និងក្រចេះនោះ ទាក់ទងនឹងឧកញ៉ា អ៊ុល ឧកញ៉ា ខ្នា។ សួរពីអ្នកដែលកាប់ឈើ ឮពីអ្នកភូមិភាគច្រើន ឮពីអ្នកដែលកាប់គេថាឲ្យ ទ្រី ភាព ទាំងអស់។ សូម្បីតែអ្នកកាប់ឈើដែលយើងជួបដែលយើងចាប់បានដកម៉ាស៊ីន ដែលយើងឲ្យកាត់ធ្វើកិច្ចសន្យាជាមួយយើងហ្នឹងខាងកំពង់ធំ ព្រះវិហារ ក៏គាត់បាននិយាយថា គាត់កាប់ឲ្យឧកញ៉ា ទ្រី ភាព»។
របាយការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់ ចំនួន ៤ខេត្ត រាប់តាំងពីដើមឆ្នាំ២០១៥នេះ បានរកឃើញថា បទល្មើសកាប់ឈើមានប្រមាណ ១.៥០០ករណី កាប់រានដីមានជាង ១០០ករណី ចាប់បានម៉ាស៊ីនអារឈើជាង ៩០គ្រឿង និងជនប្រព្រឹត្តជាអ្នកកាប់ផ្ទាល់ និងជាកម្មករស៊ីឈ្នួលឲ្យឈ្មួញចាប់បាន ជិត ១ពាន់នាក់ បានធ្វើកិច្ចសន្យាហើយដោះលែងទៅវិញ។
បណ្ដាញសហគមន៍ដដែលអះអាងថា វត្ថុតាងនិងជនប្រព្រឹត្តនេះ ពួកគេបានធ្វើរបាយការណ៍បញ្ជូនទៅអាជ្ញាធរ និងមន្ត្រីជំនាញខេត្តអស់ហើយ។
ជាថ្មីម្ដងទៀត បណ្ដាញសហគមន៍ព្រៃឡង់ ទាំង ៤ខេត្ត រួមមានខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ បានបើកយុទ្ធនាការទប់ស្កាត់បទល្មើសព្រៃឈើជុំវិញតំបន់ព្រៃឡង់ ៥ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែសីហា ដោយធ្វើដំណើរតាមម៉ូតូប្រមាណ ២០០គ្រឿង មានអ្នកចូលរួមជាង ៣០០នាក់ ហើយមានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញក្នុងខេត្តមួយចំនួនចូលរួមផងដែរ។
សមាជិកបណ្ដាញព្រៃឡង់ ខេត្តស្ទឹងត្រែង លោក ជា សុខហឿន ថ្លែងថា ជាគោលការណ៍របស់បណ្ដាញសហគមន៍ ដើម្បីធ្វើការគ្រប់គ្រងព្រៃដែលនៅសេសសល់ចុងក្រោយ ពួកគាត់ចង់បានការចូលរួមសហការពីអាជ្ញាធរ និងមន្ត្រីជំនាញ។ ប៉ុន្តែជាញឹកញយរាល់សកម្មភាពនៃការចូលរួមពិតប្រាកដតែងមានការខកខាន និងបានចូលរួមតែមន្ត្រីអាជ្ញាធរមូលដ្ឋានតិចតួចប៉ុណ្ណោះ។
លោក ជា សុខហឿន៖ «ពីមុនមកគេអះអាងថា យើងការពារតែយើងអ៊ីចឹង គេអត់ដឹងឮ អ៊ីចឹងគេអត់ទទួលស្គាល់ អត់ពេញចិត្តនឹងសកម្មភាពរបស់យើង។ ប៉ុន្តែឥឡូវនេះ បន្ទាប់ពីខ្ញុំបានជួបជាមួយអាជ្ញាធរស្រុកអីម្ដងមកគាត់ថា បើមានព័ត៌មាន ឬសកម្មភាពអី ផ្ដល់ឲ្យគេផង គេនឹងសហការ។ ប៉ុន្តែលើកនេះជារដូវវស្សា គាត់មានការងារច្រើនខាងរដ្ឋបាលព្រៃឈើ ខាងអាជ្ញាធរគាត់អត់បានចូលរួមទេ»។
ជំទប់ទី២ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក រស់ ឡាច ដែលបានចុះល្បាតព្រៃជាមួយសហគមន៍ថ្លែងថា អ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើភាគច្រើនទាក់ទងនឹងមន្ត្រីមានបុណ្យស័ក្ដិ អ្នកមានលុយកាក់ និងមានខ្នងបង្អែក ដែលទាមទារឲ្យមានការចូលរួមពីមន្ត្រីជំនាញឲ្យបានខ្លាំងក្លា ហ៊ានអារកាត់ដោយមិនខ្លាចញញើតទើបអាចទប់ស្កាត់បទល្មើសទាំងនេះបាន។
នៅរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ ព្រៃឡង់កំពុងរងនូវការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ និងរងការគំរាមកំហែងពីគម្រោងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ច សម្បទានរ៉ែ និងអ្នកកាប់រានយកដីធ្វើកម្មសិទ្ធិ កាប់ឈើធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ បើទោះជាមានគោលការណ៍ច្បាប់ជាច្រើនបានចែងក្នុងកិច្ចការពារព្រៃឈើ ហើយប្រមុខរដ្ឋាភិបាលបានព្រមាន និងបានដកមន្ត្រីទាំងឡាយដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើក៏ដោយ៕
No comments:
Post a Comment