ដោយ ច័ន្ទថុនា
2015-08-15
ក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី នៅថ្ងៃទី១៥ ខែសីហា នេះ ចេញសេចក្ដីថ្លែងការណ៍មួយសម្ដែងការសោកស្ដាយចំពោះការចាប់ខ្លួនសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ដោយសមត្ថកិច្ចរបស់រដ្ឋាភិបាល ទាំងមិនទាន់មានការដកអភ័យឯកសិទ្ធិនៅឡើយ។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា តាមស្មារតីរដ្ឋធម្មនុញ្ញនៃបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា សមត្ថកិច្ចត្រូវធ្វើរបាយការណ៍ជូនព្រឹទ្ធសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាដើម្បីសម្រេច។ ក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី មានការសោកស្ដាយជាខ្លាំងចំពោះរូបភាពទទួលឥទ្ធិពល និងសម្ពាធនីតិប្រតិបត្តិមកលើនីតិប្បញ្ញត្តិ ហើយយល់ថា ការចាប់ឃុំខ្លួនលោក ហុង សុខហួរ មុនកាលបរិច្ឆេទដែលសាមីខ្លួនកំណត់ចូលបំភ្លឺចំពោះសមត្ថកិច្ចនោះ គឺជានីតិវិធីមិនអនុលោមទៅតាមគតិច្បាប់ឡើយ។
ក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ក៏បានអំពាវនាវឲ្យមជ្ឈដ្ឋានជាតិ អន្តរជាតិ ពិសេសថ្នាក់ដឹកនាំកំពូលព្រឹទ្ធសភា ជួយធានាដំណើរការនីតិវិធីរបបប្រជាធិបតេយ្យ និងវប្បធម៌សន្ទនា ដើម្បីកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ព្រមទាំងទាមទារឲ្យមានការដោះលែង លោក ហុង សុខហួរ ដោយឥតលក្ខខណ្ឌ។
សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ កាលពីថ្ងៃទី១៤ ខែសីហា ប្រកាសសម្រេចចិត្តចូលបំភ្លឺចំពោះមុខសមត្ថកិច្ចនៅថ្ងៃច័ន្ទ ទី១៧ ខែសីហា ចំពោះរឿងចោទប្រកាន់ថា លោកបានក្លែងឯកសារសន្ធិសញ្ញាកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ និងការបកស្រាយចំពោះការចោទថា លោកមានទោសក្បត់ជាតិនោះ។ ប៉ុន្តែសមត្ថកិច្ចរដ្ឋាភិបាលបានចាប់ខ្លួនលោកកាលពីព្រឹកថ្ងៃទី១៥ សីហា នេះ៕
No comments:
Post a Comment