A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 11 August 2015

យុវជន​សំណូមពរ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ឲ្យ​ពួកគេ​ចូល​ក្នុង​នយោបាយ​និង​សង្គម


ដោយ យ៉ង ចាន់តារា
2015-08-09 rfa
ក្រុម​យុវជន​កំពុង​សម្ដែង​រឿង​ខ្លី​ក្នុង​ទិវា​យុវជន​អន្តរជាតិ​លើក​ទី​១៦ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-​ជប៉ុន កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Yang Chandara


យុវជន​មួយ​ចំនួន​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ភាគី​ពាក់ព័ន្ធ ឱ្យ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​យុវជន​ក្នុង​ជីវិត​នយោបាយ និង​ជីវិត​សាធារណៈ។ ការ​អំពាវនាវ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ខួប​ទី​១៦ នៃ​ទិវា​យុវជន​អន្តរជាតិ ១២ សីហា ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-​ជប៉ុន ក្រោម​ប្រធានបទ "ការ​ចូលរួម​របស់​យុវជន​ក្នុង​នាម​ជា​ពលរដ្ឋ"។

យុវជន​ដែល​ចូល​រួម​ក្នុង​ខួប​ទី​១៦ នៃ​ទិវា​យុវជន​អន្តរជាតិ បាន​បង្ហាញ​ពី​យោបល់​ប្រហាក់ប្រហែល​គ្នា​ថា ពួកគេ​ហាក់​មិន​សូវ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ច្រើន​ទេ នៅ​ពេល​ពួក​គេ​ចូល​រួម​ក្នុង​កិច្ច​ការងារ​សង្គម។ ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​ទាមទារ​ចង់​បាន​អំណោយ អាជ្ញាធរ​ខ្លះ​នៅ​មិន​ទាន់​សហការ​ជាមួយ​យុវជន ប្រព័ន្ធ​ផ្សព្វផ្សាយ​ហាក់​មើល​រំលង​សកម្មភាព​របស់​យុវជន ហើយ​ជាពិសេស​យុវជន​ខ្លះ​នៅ​មិន​ទាន់​ភ្ជាប់​ខ្លួន​ទៅ​នឹង​កិច្ច​ការងារ​សង្គម​នៅ​ឡើយ។ ទាំង​នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ចូល​រួម។

យ៉ាងណាមិញ យុវជន​ខ្លះ​នៅ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​សកម្មភាព​របស់​ខ្លួន​ដដែល ហើយ​ពួកគេ​រំពឹង​ថា នឹង​នាំ​យក​នូវ​ការ​ផ្លាស់ប្ដូរ​ដ៏​សំខាន់​សម្រាប់​អនាគត​ផ្ទាល់​ខ្លួន និង​ប្រទេស​ជាតិ ជា​ពិសេស ពួកគេ​បាន​លើក​ឡើង​ពី​សំណូមពរ​ផ្សេងៗ​ពី​គ្នា៖ «សំណូមពរ​ដល់​រដ្ឋាភិបាល ចូល​រួម​លើក​កម្ពស់​ដល់​យុវជន ដូច​ថា បង្កើត​ជា​សិក្ខាសាលា​ឱ្យ​បាន​ច្រើន​ជាង​នេះ​ទៀត ដើម្បី​ផ្ដល់​ចំណេះ​ដឹង និង​អ្វីៗ​ផ្សេងៗ​ទៀត ដែល​យុវជន​មិន​ទាន់​បាន។ សំណូមពរ​ទៅ​ខាង​រដ្ឋាភិបាល សុំ​ឱ្យ​មាន​ការ​លើក​ទឹក​ចិត្ត ឬ​ក៏​ការ​ឱ្យ​តម្លៃ​លើ​ការ​ចូល​រួម ឬ​ការ​សម្រេចចិត្ត​របស់​យុវជន​ឱ្យ​បាន​ច្រើន ចូល​ក្នុង​កម្មវិធី​របស់​ជាតិ។ ខ្ញុំ​សំណូមពរ​ដល់​រដ្ឋាភិបាល ឬ​អង្គការ​លើក​ទឹក​ចិត្ត​ដល់​យុវជន​ថែម​ទៀត នៅ​ពេល​ដែល​យុវជន​កំពុងតែ​ឈាន​ទៅ​រក​ភាព​ជោគជ័យ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​ដូច​គ្នា​ដែរ បើសិនជា​ប្រធាន​អង្គការ​ចាស់ ប៉ុន្តែ​គាត់​កាន់​ខាង​អង្គការ​យុវជន​នេះ ក៏​ដូចជា​មិន​សូវ​ត្រូវ​ដែរ។ គួរ​ណាស់​តែ​បង្រៀន​យុវជន​ឱ្យ​រៀន​ដើរ​ខ្លួន​ឯង។ ខាង​ព័ត៌មាន​ក៏​អ៊ីចឹង​ដែរ ចង់​ឱ្យ​បង្កើន​ចំនួន​កម្មវិធី​អ្វី​សម្រាប់​យុវជន​ផ្ទាល់​មួយ សម្រាប់​សំឡេង​ជា​យុវជន​ដើម្បី​ចូល​រួម»។



ជំរឿន​ទូទៅ​ប្រជារាស្ត្រ​កម្ពុជា ឆ្នាំ​២០០៨ បង្ហាញ​ថា យុវជន​កម្ពុជា មាន​ចំនួន ៣៣​ភាគរយ ឬ​ស្មើ​នឹង​ជាង ៤​លាន​នាក់​នៃ​ចំនួន​ប្រជាជន​សរុប​ទាំង ១៣​លាន​នាក់។

ថ្លែង​ពី​ចំណាប់​អារម្មណ៍​នៅ​ចំពោះ​មុខ​យុវជន និង​ភ្ញៀវ​កិត្តិយស​ប្រមាណ ៤០០​នាក់ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បាន​គូស​បញ្ជាក់​ថា ការ​ចូល​រួម​​របស់​យុវជន ចាំបាច់​ត្រូវ​តែ​សកម្ម និង​មាន​ភាព​ពេញលេញ។ លោក​ពន្យល់​ថា ការ​ចូលរួម​ដោយ​សកម្ម គឺ​ជា​ការ​ចូលរួម​ដែល​ប្រកប​ដោយ​សមត្ថភាព ចំណេះដឹង និង​ព័ត៌មាន​គ្រប់គ្រាន់ ហើយ​ពេញលេញ គឺ​សំដៅ​ដល់​ការ​ចូលរួម​ក្នុង​ការ​សម្រេច​ចិត្ត​លើ​ជោគវាសនា​ខ្លួន​ឯង និង​សង្គម​ជាតិ។ យ៉ាង​នេះ​ក្តី លោក​ហាក់​មិន​ទាន់​ជឿជាក់​ថា យុវជន​កម្ពុជា អាច​ចូលរួម​ដោយ​ពេញលេញ​នៅ​ឡើយ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​វិស័យ​នយោបាយ និង​វិស័យ​សាធារណៈ។

លោក កែម ឡី៖ «យុវជន​មាន​សមត្ថភាព មាន​ជំនាញ មាន​ចំណេះដឹង ប៉ុន្តែ​បើ​មិន​ជឿ​ដាក់​ថា យុវជន​អាច​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បាន​ទេ តំណាងរាស្ត្រ​បាន​ទេ? គេ​ថា មិន​ទាន់​មាន​សមត្ថភាព​ទេ លទ្ធភាព​នៅ​ខ្សោយ។ ជួនកាល​បាន​តែ​និយាយ​ទេ ប៉ុន្តែ​ដល់​ពេល​ដាក់ អត់​យក»។

ដើម្បី​អភិវឌ្ឍ​យុវជន​ឱ្យ​មាន​បុគ្គលិក​លក្ខណៈ​ពេញលេញ​លើ​ផ្នែក​រាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និង​បំណិន ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ថ្នាក់​ជាតិ​មួយ ស្ដីពី​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា។ យុទ្ធសាស្ត្រ ១២​ចំណុច ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​សម្រេច​គោលបំណង​នេះ រួម​មាន ១. អភិវឌ្ឍ​ក្របខ័ណ្ឌ​ច្បាប់ និង​យន្តការ ២. លើក​កម្ពស់​ការ​អប់រំ ការ​បណ្ដុះបណ្ដាល និង​ការ​អភិវឌ្ឍ​សមត្ថភាព ៣. បង្កើន​ការ​អប់រំ ការ​ថែទាំ និង​ការ​ផ្ដល់​សេវា​សុខភាព ៤. បណ្ដុះ​ស្មារតី​សហគ្រិនភាព និង​ទីផ្សារ​ការងារ ៥. លើក​កម្ពស់​កិច្ច​ការពារ សុវត្ថិភាព សន្តិសុខ និង​យុត្តិធម៌ ៦. បង្កើន​ការ​ចូល​រួម​របស់​យុវជន ៧. លើក​កម្ពស់​ការ​សម្រាក ការ​កម្សាន្ត និង​កីឡា ៨. លើក​កម្ពស់​សិល្បៈ និង​វប្បធម៌ ៩. លើក​កម្ពស់​ការ​យល់​ដឹង​ពី​បរិស្ថាន កសិកម្ម ទេសចរណ៍ និង​ធុរកិច្ច ១០. បង្កើន​ការងារ​ស្ម័គ្រ​ចិត្ត ១១. លើក​កម្ពស់​សមភាព​យេនឌ័រ និង ១២. ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿង​ញៀន និង​ស្តារ​យុវនីតិ​សម្បទា៕

No comments: