A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 4 August 2015

Hun Sen calls on people in possession of the correct maps to compare withthe goverment's maps ហ៊ុន សែន ផ្ដាំ​ទៅ​អ្នក​មាន​ផែនទី​ពិត​ឲ្យ​យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​រដ្ឋាភិបាល

ដោយ ឡេង ម៉ាលី

2015-08-03

ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្តុប​តិចណូ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ២០១៤។
Photo: RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ដាំ​ទៅ​អ្នក​មាន​ផែនទី​ពិត​ឲ្យ​បញ្ជូន​មក​ផ្ទៀងផ្ទាត់ ហើយ​ព្រមាន​ជា​មុន​ថា នឹង​មិន​លើក​លែង​ឲ្យ​អ្នក​ដែល​មួលបង្កាច់​រាជ​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម ឡើយ។
ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​៣ សីហា ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ៖ «ឥឡូវ​ប្រាប់​ទៅ​ផ្ដាំ​ទៅ អ្នក​ណា​មាន​ផែនទី​ពិត បើ​មិន​បញ្ជូន​ឲ្យ​រាជ​រដ្ឋាភិបាល​បញ្ជូន​ថ្វាយ​ព្រះមហាក្សត្រ ឬ​បញ្ជូន​ឲ្យ​រាជបណ្ឌិត្យសភា​ដែល​គេ​កំពុង​សិក្សា ហើយ​ពេល​ដែល​រាជ​រដ្ឋាភិបាល​អញ្ជើញ សុំ​កុំ​គេច​មុខ​ក្នុង​ផ្ទៀងផ្ទាត់​ផែនទី។ បើ​អ្នក​ឯង​គេច​មុខ គឺ​មាន​ន័យ​ស្មើ​អ្នក​ឯង​បោះបង់​ចោល​សិទ្ធិ ហើយ​អ្នក​ឯង​មួលបង្កាច់​គេ ដែល​មិន​ត្រូវ​លើក​លែង​ឲ្យ​ទោះ​ដោយ​តម្លៃ​ណា​ក៏ដោយ»
ការ​សង្ស័យ​ពី​រឿង​ផែនទី​ក្លែងក្លាយ ត្រូវ​បាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ជា​រឿយៗ​ក្នុង​ពេល​ដែល​រាជ​រដ្ឋាភិបាល​ដោះស្រាយ និង​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ផែនទី​ដែល​ត្រឹមត្រូវ គឺ​ផែនទី​ដែល​កម្ពុជា យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ។ លើស​ពី​នេះ​ទៀត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី អះអាង​ថា ក្នុង​ពេល​នេះ​លោក​មាន​ផែនទី​ដែល​ដូច​គ្នា​នឹង​ផែនទី​ទុក​នៅ​អង្គការ​សហប្រជាជាតិ ដែល​លោក​បាន​ថត​ចម្លង​ពី​វិទ្យាស្ថាន​ជាតិ​ភូមិសាស្ត្រ​នៃ​ប្រទេស​បារាំង។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហៅ​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​ប្រឆាំង ថា​ជា​ការ​អស់​សន្លឹក​បៀ​លេង​ក្នុង​រឿង​នយោបាយ។ ស្រប​ពេល​ដែល​លោក​កំពុង​ស្វែងរក​ផែនទី​កម្ពុជា ពិត​ពី​ប្រទេស​មហា​អំណាច និង​អង្គការ​សហប្រជាជាតិ លោក​ចាត់​ទុក​ផែនទី​ដែល លោក សម រង្ស៊ី យក​ពី​ប្រទេស​បារាំង នោះ​ថា ជា​ផែនទី​ខ្ចប់​មមីស​មាន់៖ «ឥឡូវ​ផែនទី បើ​ថា​អា​នេះ​ក្លែងក្លាយ អា​ណា​មួយ​ទៅ​ពិត? រួច​ហើយ​ទៅ​ជា​ផែនទី​ទិញ​តាម​ផ្សារ​បាន​នេះ។ អា​ផែនទី​ទិញ​តាម​ផ្សារ​វា​មាន​អី​ពិបាក អា​ហ្នឹង​គេ​ខ្ចប់​មមីស​មាន់​ណា៎!»

ឆ្លើយ​តប​បញ្ហា​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ថ្លែង​ថា ផែនទី​ដែល លោក សម រង្ស៊ី យក​ពី​ប្រទេស​បារាំង នោះ គឺ​ដូច​គ្នា​នឹង​ផែនទី​សម្ដេច​ព្រះ​នរោត្ដម សីហនុ ចម្លង​ចេញ​ទៅ​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៦៤ ដែរ។ ខាង​លោក​ត្រៀម​ខ្លួន​គ្រប់​ពេល​សម្រាប់​ចូលរួម​ផ្ទៀងផ្ទាត់​ផែនទី ប៉ុន្តែ​ផែនទី​ដែល​អាច​ទុក​ចិត្ត​បាន គឺ​ផែនទី​ពី​អង្គការ​សហប្រជាជាតិ៖ «មិន​ព្រម​យក​ផែនទី​ពី​អង្គការ​សហប្រជាជាតិ​មក​ផ្ទៀងផ្ទាត់​ឲ្យ​ខ្មែរ​អស់​ចិត្ត បែរ​ជា​បង្ខំ​ឲ្យ​យក​ផែនទី​មក​ផ្ទៀងផ្ទាត់ ហើយ​មិន​ទាន់​មាន​ផែនទី​គោល​ដើម្បី​ផ្ទៀងផ្ទាត់​ផង​ហ្នឹង។ អ៊ីចឹង​ទោះ​បី​ជា​ផ្ទៀងផ្ទាត់​ក៏​នៅ​តែ​ចោទ​គ្នា​ដដែល​ហ្នឹង បើ​ផែនទី​លោក​ប្រធាន សម រង្ស៊ី ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី លោក វ៉ា គឹមហុង ផ្សេង​គ្នា ពេល​ហ្នឹង​ចោទ​គ្នា​ដដែល​ថា ផែនទី លោក វ៉ា គឹមហុង ក្លែងក្លាយ គណបក្ស​ប្រឆាំង​ថា​អ៊ីចឹង ឬ​ផែនទី​លោក​ប្រធាន សម រង្ស៊ី ក្លែងក្លាយ ចោទ​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​សិន​ជា​គាត់​ចង់​ឲ្យ​ខ្មែរ​អស់​ចិត្ត លែង​ចោទ​រដ្ឋាភិបាល​ថា​ប្រើ​ផែនទី​មិន​ត្រឹមត្រូវ គួរ​តែ​យក​ផែនទី​ពី​អង្គការ​សហប្រជាជាតិ មក​ហើយ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​លោក​ប្រធាន សម រង្ស៊ី និង​ផែនទី លោក វ៉ា គឹមហុង»
ទោះ​ជា​យ៉ាង​ណា​ក្ដី ខាង​រាជ​រដ្ឋាភិបាល​នៅ​មិន​ទទួល​បាន​ផែនទី​កម្ពុជា ដែល​ស្វែងរក​ពី​ប្រទេស​មហា​អំណាច​នៅ​ឡើយ​ទេ។ ទន្ទឹម​គ្នា​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​អ្នក​ដែល​មាន​ផែនទី​ត្រឹមត្រូវ ឲ្យ​បញ្ជូន​មក​រាជ​រដ្ឋាភិបាល ឬ​រាជបណ្ឌិត្យសភា ដែល​លោក​បណ្ឌិត សុខ ទូច កំពុង​តែ​ដឹក​នាំ​ធ្វើ​ការ​ស្រាវជ្រាវ។ លោក​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​ផ្ដល់​ជូន​ទៅ​រាជបណ្ឌិត្យសភា​អស់​ហើយ ក្នុង​ឋានៈ​ជា​អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ការ​ស្រាវជ្រាវ​ដោយ​ឯករាជ្យ៕

No comments: