A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 3 October 2015

"មនុស្ស​ចាស់​នៅ​កម្ពុជា​នៅ​តែ​មិន​ទាន់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់"

"មនុស្ស​ចាស់​នៅ​កម្ពុជា​នៅ​តែ​មិន​ទាន់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់"
ដោយ ឡេង ម៉ាលី
2015-10-02 rfa
ស្ត្រី​វ័យ​ចំណាស់​មាន​ជំងឺ​រ៉ាំរ៉ៃ​នៅ​ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​២០១៥។
RFA/Uon Chhin

ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១៥ គឺ​ជា​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ដែល​ប្រទេស​នានា​លើក​ពិភពលោក​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ។ អ្នក​នយោបាយ​នៅ​ប្រទេស​ជា​ច្រើន និង​នៅ​ប្រទេស​កម្ពុជា តែង​ធ្វើ​សេចក្ដី​ថ្លែងការណ៍​បង្ហាញ​ពី​ការ​ដឹង​គុណ និង​លើក​ស្ទួយ​មនុស្ស​ចាស់។ ទោះ​ជា​បែប​នេះ​ក្ដី ក្រុម​មនុស្ស​ចាស់​នៅ​តែ​យល់​ថា មិន​ទាន់​​គ្រប់គ្រាន់​នៅ​ឡើយ។

មនុស្ស​ចាស់​នៅ​កម្ពុជា មួយ​ចំនួន​នៅ​តែ​យល់​ថា សង្គម និង​រដ្ឋ​នៅ​មិន​ទាន់​យក​ចិត្ត​ទុក​ដាក់​ពួក​គាត់​ឱ្យ​បាន​ប្រសើរ​នៅ​ឡើយ​ទេ។

ទីប្រឹក្សា ​សមាគម​សាមគ្គីធម៌​ជួយ​ចាស់​ជរា នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង លោក ពៅ ប៊ុនជី ថ្លែង​ថា មនុស្ស​ចាស់​នៅ​ក្នុង​សហគមន៍​របស់​លោក​នៅ​តែ​រង​ទុក្ខ​វេទនា និង​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ដិតដល់ ជា​ពិសេស មនុស្ស​ចាស់​ដែល​គ្មាន​អ្នក​ទីពឹង៖ «ដូច​ប្រទេស​ថៃ គេ​មិន​ត្រឹម​តែ​មាន​ទី​កន្លែង​ចិញ្ចឹម​មនុស្ស​ចាស់​ទេ គេ​មាន​ការ​ព្យាបាល​ដោយ​ត្រឹមត្រូវ ហើយ​មាន​ទីជម្រក​សម្រាប់​មនុស្ស​ចាស់​ណា​ដែល​គ្មាន​ទី​ពឹង។ ដល់​មក​ខ្មែរ​យើង​នេះ មនុស្ស​ចាស់​ហ្នឹង​គេ​មិន​សូវ​រវីរវល់​ទេ។ គេ​បោះបង់​មនុស្ស​ចាស់​តាំង​ពី​សម័យ​នេះ​ទៅ​ហើយ ទម្រាំ​ដល់​តំណ​ក្រោយ​ទៀត មិន​ដឹង​ជា​មនុស្ស​ចាស់​ល្ហេមល្ហាម​ប៉ុណ្ណា​ទេ បើ​គេ​អត់​យក​ចិត្ត​ទុក​ដាក់»។
មនុស្ស​ចាស់​ជរា​នៅ​ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​ក២០១៥។ RFA/Uon Chhin

ទោះ​បី​ជា​បែប​នេះ​ក្ដី លោក ប៊ុនជី នៅ​តែ​ខំ​ព្យាយាម​រំលឹក​ទិវា​មនុស្ស​ចាស់​អន្តរជាតិ នៅ​​ថ្ងៃ​ទី​១ តុលា នេះ ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ពី​សង្គម​ឱ្យ​គិតគូរ​ឧបត្ថម្ភ​ដល់​មនុស្ស​ ចាស់​កម្ពុជា ដែល​កំពុង​រស់​នៅ​ដោយ​លំបាកលំបិន។ លោក​មាន​ប្រសាសន៍​ថា មនុស្ស​ចាស់​ជា​អ្នក​ផ្ដើម​បង្កើត​អ្វី​ច្រើន​យ៉ាង​សម្រាប់​មនុស្ស​ជំនាន់​ ក្រោយ​រហូត​មក​ដល់​សព្វថ្ងៃ៖ «ធ្វើ​ឱ្យ​តែ​មាន​ទៅ ព្រោះ​សូម្បី​តែ​កូន​ក្មេង​វា​ចេះ​រៀបចំ​ទិវា​កុមារ​ទិវា​អី ហើយ​មនុស្ស​ចាស់​គាត់​មាន​គុណ​បំណាច់​លើ​ប្រទេស​ជាតិ​ដែរ គាត់​ជា​អ្នក​ថែរក្សា​វប្បធម៌​អក្សរសាស្ត្រ​បូរណភាព​ទឹកដី​អី​សព្វគ្រប់ បែរ​ទៅ​ជា​គាត់​ហ្នឹង អត់​គុណ​សម្បត្តិ​អ្វី​ទាំង​អស់ ដែល​គាត់​ខំ​ធ្វើ​ស្រែ​ចម្ការ ភ្ជួរ​រាស់​ដាំដុះ​បង្កបង្កើន​ផល​ឱ្យ​រដ្ឋ​មាន​ពិសា​បរិភោគ​ទាំង​អស់​គ្នា​ ហ្នឹង បែរ​ជា​ទៅ​បំភ្លេច​គាត់។ ម៉េចៗ ក៏​ឱ្យ​ឮ​សំឡេង​មនុស្ស​ចាស់​ខ្លះ ដែល​ត្អូញត្អែរ​ពី​រឿង​ក្រីក្រ​របស់​គាត់​ផង»។

លោក ​អំពាវនាវ​ដល់​សហគមន៍​ជាតិ និង​អន្តរជាតិ​ឱ្យ​រួម​គ្នា​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ប្រសើរ​ឡើង៖ «មិន​មែន​ខ្ញុំ​ អំពាវនាវ​នេះ​សម្រាប់​តែ​សមាគម​ថ្ម​គោល​ទេ គឺ​នរណា​នៅ​ខេត្ត​ណា​ស្រុក​ណា ជួយ​នៅ​តំបន់​រៀង​ខ្លួន ទីក្រុង ឃុំ ស្រុក ឬ​ខេត្ត​របស់​ខ្លួន​រស់​នៅ​អ៊ីចឹង​ទៅ ឱ្យ​ចាស់ៗ ហ្នឹង​មាន​សង្ឃឹម​ក្នុង​ការ​រស់នៅ​បាន​អាយុ​វែង​បន្តិច។ បើ​បណ្ដោយ​ដូច​សព្វ​ថ្ងៃ​នេះ កន្លែង​ខ្លះ​គាត់​សឹង​តែ​ថា​បាន​បាយ​ខ្វះ​ម្ហូប​ទេ។ ជួន​កាល​គាត់​ទិញ​ថ្នាំ​អស់​លុយ​ទៅ គាត់​សុខ​ចិត្ត​អត់​បាយ​ក៏​មាន​ដែរ ព្រោះ​ដូច​គាត់​លើស​ឈាម​អី ឈាម​កំពុង​ឡើង តែ​អត់​ថ្នាំ​លេប​មុខ​ជា​ស្លាប់​ហើយ ពី​ព្រោះ​ឈាម​វា​ចេះ​តែ​ឡើងៗ ដល់​កម្រិត​ទៅ ធ្វើ​ឱ្យ​គាំង​ស្លាប់​មួយ​ចំហៀង​ខ្លួន។ ខ្លះ​ទៅ​ពិការ​អវយវៈ​ទាំង​ពីរ ដេក​នៅ​នឹង​កន្ទេល​ស្លាប់​ទៅ»។

ទាក់ទង ​នឹង​បញ្ហា​មនុស្ស​ចាស់​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា លោក តូច ចាន់នី មាន​ប្រសាសន៍​ថា ក្នុង​ទិសដៅ​គិតគូរ​ដល់​មនុស្ស​នៅ​កម្ពុជា ក្រសួង​ជួយ​បង្កើត​សមាគម​ជួយ​មនុស្ស​ចាស់​បាន​ជាង ៣០០​សមាគម​ហើយ​រហូត​មក​ដល់​ពេល​នេះ ក៏ប៉ុន្តែ​ក្រសួងមិនទាន់ថវិកា ឬជំនួយអ្វីសម្រាប់ជួយដល់ពួកគាត់ទេ៖ «ដំបូង​យើង​ជួយ​គាត់​អ៊ីចឹង ហើយ​ទៅ​យើង​ឱ្យ​គាត់​ដើរ តែ​យើង​តាម​មើល​ថា គាត់​មាន​បញ្ហា​អី​យើង​អាច​ជួយ​បាន។ ដូច​សមាគម​ខ្លះ​គាត់​រាង​ទន់​ខ្សោយ យើង​ជួយ​មួយ​ខែ​ដប់​ម៉ឺន​តាម​លទ្ធភាព ព្រោះ​សមាគម​ច្រើន ហើយ​យើង​មិន​អាច​ជួយ​គ្រប់​ទេ។ សមាគម​ខ្លះ អ្នក​ដែល​ចូល​រួម​ហ្នឹង​មិន​មែន​មនុស្ស​ចាស់​ខ្លះ​ប្រាកដ​ថា​គាត់​ក្រ​ទេ។ អ៊ីចឹង​សមាគម​ខ្លះ​គាត់​មាន​ធនធាន​របស់​គាត់ មនុស្សា​ចាស់​ដែល​ចូល​ជា​សមាជិក​ហ្នឹង សុទ្ធតែ​មាន​ជីវភាព​ធូរធារ។ អ៊ីចឹង​គាត់​អាច​ជួយ​សមាគម​របស់​គាត់។ គាត់​ជួយ​គ្នា​គាត់​ក្នុង​សមាគម​ហ្នឹង។ តែ​សមាគម​នៅ​តាម​ជនបទ​ដាច់​ស្រយាល​ខ្លះ ភាគ​ច្រើន​គាត់​ក្រ យើង​ត្រូវ​ជួយ។ ដូច​សមាគម​ខ្លះ​នៅ​ខេត្ត​ត្បូង​ឃ្មុំ ខ្ញុំ​បាន​ជួយ​មួយ​ខែ​ដប់​ម៉ឺន​រៀល សម្រាប់​ឱ្យ​សមាគម​គាត់​ដំណើរ​ការ​ការងារ​រដ្ឋបាល​អី»។

ក្រៅ ​ពី​នេះ អង្គការ​ជួយ​មនុស្ស​ចាស់​មិន​មែន​រដ្ឋាភិបាល ដែល​មាន​ឈ្មោះ ហិលភ៍ អេជ កម្ពុជា (Help Age)  បាន​បង្កើត​សមាគម​ជួយ​មនុស្ស​ជាង ១៤០​សមាគម នៅ​ក្នុង​ខេត្ត​ពីរ គឺ​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ។

ឆ្លើយ ​តប​នឹង​ការ​លើក​ឡើង​របស់​លោក ពៅ ប៊ុនជី លោក​ តូច ចាន់នី បញ្ជាក់​ថា ក្រសួង​សង្គមកិច្ច​មិន​បាន​ជួយ​ដល់​សមាគម​មនុស្ស​ចាស់​នៅ​ខេត្ត​នោះ​ទេ ដោយសារ​មាន​អង្គការ​ ហិលភ៍ អេជ កម្ពុជា ធ្វើការ​នៅ​ខេត្ត​ទាំង​ពីរ​នោះ។ ទន្ទឹម​គ្នា​នេះ​ដែរ លោក​ថា​ក្រសួង​កំពុង​កែ​លម្អ​គោលនយោបាយ​មនុស្ស​ឱ្យ​ល្អ​ប្រសើរ។ ក្នុង​នោះ​ក្រសួង​គ្រោង​បង្កើត​សមាគម​មនុស្ស​ចំនួន ៣០០​ទៀត​នៅ​ឆ្នាំ​២០១៦ ដោយ​មាន​ថវិកា​ជួយ​ទំនុកបម្រុង​ផង៖ «១៤០​អង្គការ​ហ្នឹង គឺ ហិលភ៍ អេជ ធ្វើ​នៅ​បាត់ដំបង និង​បន្ទាយមានជ័យ។ អ៊ីចឹង​ខាង​ក្រសួង​ធ្វើ​នៅ​ខេត្ត​ផ្សេងៗ អង្គការ​ធ្វើ​នៅ​ខេត្ត​ពីរ​ហ្នឹង ១៤០។ អ៊ីចឹង​គាត់​និយាយ​អ៊ីចឹង​ក៏​ត្រូវ​ដែរ ព្រោះ​អី​ខ្ញុំ​អត់​បាន​ទៅ​ទេ ដោយសារ​មាន​អង្គការ ហិលភ៍ អេជ គាត់​នៅ​ទី​នោះ​ហើយ គាត់​បង្កើត​នៅ​ទី​នោះ​ហើយ។ អ៊ីចឹង​យើង​ទុក​លទ្ធភាព​ឱ្យ​គាត់​បង្កើត យើង​ទៅ​ខេត្ត​ផ្សេងៗ ដែល​អត់​ទាន់​មាន​អង្គការ​ណា​ទៅ​ដល់»។

ទន្ទឹមគ្នានេះដែរ លោកថា ក្រសួងកំពុងកែលម្អគោលនយោបាយមនុស្សឱ្យល្អប្រសើរ។ ក្នុង​នោះ​ក្រសួង​គ្រោង​បង្កើត​សមាគមមនុស្សចាស់ចំនួន ៣០០​ទៀត នៅឆ្នាំ​២០១៦ ដោយមានថវិកាជួយទំនុកបម្រុងផង៖ «២០១៦ ហ្នឹង​មាន​គម្រោង​មួយ​ធំ​ណាស់ សម្រាប់​ស្នើសុំ​ទៅ​ក្រសួង​ហិរញ្ញវត្ថុ ដើម្បី​ឱ្យ​គាត់​គាំទ្រ​ដូច​ខ្ញុំ​ថា ២០១៦ យើង​បង្កើត​សមាគម ៣០០ ទៀត ហើយ ៣០០​សមាគម​លើក​ក្រោយ​ហ្នឹង ពេល​ចាប់​ផ្ដើម​បង្កើត​យើង​ជួយ​ថវិកា​គាត់​បួន​លាន​រៀល ដើម្បី​ឱ្យ​គាត់​ដំណើរការ​តែ​ម្ដង។ អ៊ីចឹង​កម្មវិធី​សម្រាប់ ២០១៦ ច្រើន​ណាស់!»។

របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ ថា មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង​ទៅ មាន​ចំនួន​ប្រមាណ ៦០០​លាន​នាក់ នៅ​ទូទាំង​សកល​លោក​បច្ចុប្បន្ន​នេះ។ អង្គការ​នេះ​ប្រមើល​ឃើញ​ថា ចំនួន​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង​ទៅ នឹង​កើន​ដល់ ២​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០៥០។ ចំនួន​មនុស្ស​ចាស់​ភាគ​ច្រើន​លើសលប់ គឺ​រស់នៅ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍។

ស្ថិតិ ​របស់​ក្រសួង​ផែនការ ឆ្នាំ​២០០៨ បង្ហាញ​ថា ចំនួន​មនុស្ស​ចាស់​ដែល​មាន​អាយុ ៦០​ឆ្នាំ​ឡើង​ទៅ គឺ​មាន ៦,៣៤% ស្មើ​នឹង ៨៤៨,៩១១​នាក់។ នៅ​ឆ្នាំ​២០៣០ ចំនួន​មនុស្ស​ចាស់ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើង​ដល់ ១១,០១%  ស្មើ​នឹង ២.០២៤.១៧១​នាក់។

ការ​លើក​ឡើង​របស់​លោក ពៅ ប៊ុនជី អំពី​បញ្ហា​មនុស្ស​ចាស់ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​គោលនយោបាយ​របស់​គណបក្ស​នយោបាយ​នៅ​កម្ពុជា ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។

សេចក្ដី​ ប្រកាស​របស់​អង្គការ​សុខភាព​ពិភព​លោក​នៅ​ប្រទេស​ប្រេស៊ីល ឆ្នាំ​១៩៩៦ ចែង​ថា បញ្ហា​មនុស្ស​ចាស់ គឺ​ជា​បញ្ហា​អភិវឌ្ឍន៍។ មនុស្ស​ចាស់​ដែល​មាន​សុខភាព​ល្អ គឺ​ជា​ប្រភព​សម្រាប់​គ្រួសារ សហគមន៍ និង​សេដ្ឋកិច្ច​របស់​ពួក​គាត់។ បញ្ហា​នេះ​ហើយ ដែល​ទាមទារ​ឱ្យ​ប្រទេស​នានា នៅ​លើ​សកល​លោក យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវិត​រស់នៅ​ល្អ​ប្រសើរ​សម្រាប់​មនុស្ស​ចាស់។ ប្រទេស​កម្ពុជា ក៏​ជា​ហត្ថលេខី​មួយ នៃ​ផែនការ​សកម្មភាព​អន្តរជាតិ ឆ្នាំ​២០០២ ដើម្បី​ជួយ​មនុស្ស​ចាស់​ដែរ៕

No comments: