អាជ្ញាធរគ្រោងរៀបចំតំបន់ចម្ការឈើនិងវាលផ្កាព្រៃជាកន្លែងទេសចរណ៍មួយទៀតនៅសៀមរាប
ដោយ ហង្ស សាវយុត
2015-09-30 rfa
អ្នកជំនាញផ្នែកទេសចរណ៍បានសម្លឹងឃើញតំបន់ចំការឈើគ្រញូង និងវាលផ្កាព្រៃ ទំហំជិត ២ពាន់ហិកតារ នៅជាប់ព្រំប្រទល់ស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ខេត្តសៀមរាប ថាជាកន្លែងទេសចរណ៍ធម្មជាតិថ្មីមួយទៀត ដែលអាចមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរនៅពេលអនាគត។
មន្ត្រីមន្ទីរទេសចរណ៍ និងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប កំពុងសហការគ្នាជំរុញឱ្យតំបន់ចម្ការឈើគ្រញូង និងវាលផ្កាព្រៃធម្មជាតិមួយ ទំហំជិត ២ពាន់ហិកតារ ព្រមទាំងមានសត្វព្រៃជាច្រើនប្រភេទរស់នៅផង អាចក្លាយទៅជាតំបន់អេកូទេសចរណ៍ថ្មី និងមានសក្ដានុពលអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
ចម្ការឈើគ្រញូងនិងវាលផ្កាព្រៃធម្មជាតិ ដែលស្ថិតនៅភូមិខ្នារង្វះ ឃុំឃុនរាម ស្រុកបន្ទាយស្រី ចម្ងាយជិត ៧០គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តសៀមរាប នោះ កំពុងការពារនិងគ្រប់គ្រងដោយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប គឺលោក ង៉ូវ សេងកាក់។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ថា តំបន់ចម្ការឈើគ្រញូង និងធ្នង់ ដែលស្ថិតនៅជាប់ព្រំប្រទល់គ្នារវាងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ នោះ ក្រៅតែពីមានដើមឈើកម្រដ៏ស្រស់ស្អាតរាប់ម៉ឺនដើម គឺនៅខែកក្កដា រហូតដល់ខែកញ្ញា ជារៀងរាល់ឆ្នាំ ក៏មានផ្កាព្រៃប្រភេទត្រថុក និងផ្កាចាហួយ រីកស្គុះស្គាយ ហើយកន្លែងខ្លះទៀត មានទេសភាពត្រពាំងទឹក និងវាលស្មៅស្រស់ស្អាតដែលអាចនឹងធ្វើឱ្យអ្នកទេសចរណ៍ចង់គយគន់។
លោក ង៉ូវ សេងកាក់ បញ្ជាក់ថា មន្ទីរទេសចរណ៍ជាមួយនឹងខណ្ឌរដ្ឋបាលព្រៃឈើ កំពុងសហការគ្នារៀបចំតំបន់នោះ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរបន្ថែមពីលើប្រាសាទបុរាណ និងបឹងទន្លេសាប ដែលកំពុងទាក់ទាញភ្ញៀវទេសចរនេះ៖ «យើងនឹងរៀបចំកម្មវិធីមួយ ហើយយើងនឹងផ្សាយឱ្យគ្រប់បណ្ដាទីភ្នាក់ងារទេសចរណ៍ រៀបចំកញ្ចប់ទស្សនា ដើម្បីលក់ឱ្យភ្ញៀវទេសចរបរទេសទៅកម្សាន្តទីនោះ»។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប មានបំណងពង្រីកការដាំដើមឈើជាច្រើនប្រភេទនៅទីនោះនៅលើផ្ទៃដីធំទូលាយថែមទៀត ហើយក៏មានគម្រោងរៀបចំឱ្យក្លាយទៅជាសួនចម្ការឈើ អនុស្សាវរីយ៍នៃគូអាពាហ៍ពិពាហ៍ថ្មោងថ្មីណាដែលចង់ទៅដាំដែរ។
នាយកខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោក ទា គឹមសុទ្ធ ជឿថា ចំការឈើគ្រញូងនេះគឺតំបន់តែមួយគត់ដែលមាននៅក្នុងខេត្តសៀមរាប ហើយក៏ប្រហែលជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ លោក ទា គឹមសុទ្ធ យល់ថា ប្រសិនបើភ្ញៀវទេសចរបរទេសចង់ទៅទស្សនាចម្ការឈើគ្រញូងនោះ គឺមិនត្រឹមតែបានឃើញប្រភេទឈើដ៏មានតម្លៃបំផុតប៉ុណ្ណោះទេ ពេលខ្លះ ពួកគេក៏អាចទស្សនាសត្វព្រៃជាច្រើនប្រភេទ ដូចជាក្ងោក ឈ្លូស ដែលរស់នៅជុំវិញដែរ៖ «នៅក្នុងព្រៃវាមានភាពទាក់ទាញជាមួយជីវចម្រុះ ដុះលូតលាស់ដោយធម្មជាតិ អ៊ីចឹងវាអាចមានផ្កាព្រៃ ជាពិសេសសត្វព្រៃនៅតំបន់នេះ គឺឃើញមានច្រើន»។
ពេលបច្ចុប្បន្ន ការរៀបចំដំណើរកម្សាន្តទៅកាន់ចម្ការឈើគ្រញូងនោះ គឺទីភ្នាក់ងារអាចដឹកជញ្ជូនភ្ញៀវរបស់ខ្លួនតាមរថយន្តបាន ប៉ុន្តែនៅពេលទៅដល់គឺអ្នកទេសចរណ៍ត្រូវចំណាយពេលជិះកង់ដោយមានអ្នកជូនដើរទស្សនាធម្មជាតិជាច្រើនប្រភេទ។
កាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅ មន្ត្រីមន្ទីរទេសចរណ៍ និងខណ្ឌរដ្ឋបាលព្រៃឈើ បានដឹកនាំទីភ្នាក់ងារទេសចរណ៍ឯកជនមួយចំនួនទៅកាន់ចម្ការឈើគ្រញូងនោះ ដើម្បីនាំគ្នាប្រារព្ធពិធីអបអរទិវាទេសចរណ៍ពិភពលោក ហើយមានទីភ្នាក់ងារទេសចរណ៍ខ្លះបានចាប់អារម្មណ៍លើការនាំភ្ញៀវទៅទស្សនាតំបន់ធម្មជាតិនោះ៕
No comments:
Post a Comment