A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 1 October 2015

"កុមារ​បោះបង់​ការសិក្សា​នៅ​តែ​មាន​តួលេខ​ខ្ពស់​នៅ​កម្ពុជា"

"កុមារ​បោះបង់​ការសិក្សា​នៅ​តែ​មាន​តួលេខ​ខ្ពស់​នៅ​កម្ពុជា"
ដោយ ថា កិត្យា
2015-09-30 rfa
កុមារ​អនាថា​អង្គុយ​ចាំ​សុំ​ទាន​នៅ​តាម​ផ្លូវ​មួយ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Rann Samnang

ការ​សិក្សា​ស្រាវជ្រាវ​ របស់​អង្គការ​ដែល​កំពុង​ធ្វើការ​លើ​វិស័យ​អប់រំ រក​ឃើញ​ថា កុមារ​ដែល​បោះបង់​ការ​សិក្សា ឬ​នៅ​ក្រៅ​សាលារៀន នៅ​តែ​មាន​តួលេខ​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​កុមារ​ឈប់​រៀន​នោះ គឺ​ដោយសារ​ភាព​ក្រីក្រ សាលា​នៅ​ឆ្ងាយ កុមារ​រស់​នៅ​អនាថា កុមារ​ជនជាតិ​ភាគ​តិច និង​កុមារ​មាន​ពិការភាព​ជាដើម។

ការ​បោះបង់​ការ​សិក្សា​ របស់​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ជា​បញ្ហា​ដ៏​ស្រួចស្រាល់ ដែល​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើ​វិស័យ​អប់រំ ទទូច​អោយ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​អប់រំ ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល រួម​កម្លាំង​គ្នា​ដើម្បី​ផ្ដល់​ឱកាស​ដល់​កុមារ​បោះបង់​ការ​សិក្សា បាន​វិល​ចូល​សាលារៀន​ឡើង​វិញ។

ប្រធាន​អង្គការ អេដ អេ អាក់ស្យុង (Aide et Action) លោក វន សំភាស់ បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​រក​ឃើញ​កុមារ​ក្នុង​ចំណោម ៤​គ្រួសារ គឺ​មាន​កុមារ​ម្នាក់​ដែល​ប្រឈម​នឹង​ការ​បាត់បង់​ឱកាស​សិក្សា​រៀន​សូត្រ​នោះ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ក្មេងៗ​មិន​បាន​ចូល​រៀន​នោះ មក​ពី​ភាព​ក្រីក្រ​រស់​នៅ​តំបន់​ដាច់ស្រយាល ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ ហួស​អាយុ​ចូល​រៀន កុមារ​រស់​នៅ​អនាថា​តាម​ដង​ផ្លូវ កុមារ​ជនជាតិ​ភាគ​តិច​ដែល​មិន​ចេះ​ភាសា​ខ្មែរ ហើយ​កុមារ​មាន​ពិការភាព ខ្វះ​ឧបករណ៍​ជំនួយ និង​សម្ភារៈ​ស្តង់ដារ​ជាដើម។

ទោះ ​យ៉ាង​ណា ប្រធាន​អង្គការ អេដ អេ អាក់ស្យុង រូប​នេះ ប្ដេជ្ញា​ថា នឹង​រួម​កម្លាំង​គ្នា​បន្ថែម​ទៀត​ដើម្បី​បន្ត​អនុ​គម្រោង​ដៃគូ​រួម​គ្នា​ ផ្ដល់​ឱកាស​អប់រំ ដល់​កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា បាន​ចូល​រៀន​ឡើង​វិញ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន៖ «កសាង​សមត្ថភាព​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បី​ឲ្យ​មាន​លទ្ធភាព​បង្ក​លក្ខណៈ​ឲ្យ​គុណភាព​នៃ​ការ​រៀន និង​ការ​បង្រៀន​នៅ​គ្រប់​សាលា​គោលដៅ​របស់​យើង កាន់​តែ​ប្រសើរ។ យើង​ដើរ​តួនាទី​សំខាន់​ដើម្បី​តស៊ូ​មតិ​លើក​កម្ពស់​ការ​យល់​ដឹង​ទៅ​ដល់​ ស្ថាប័ន​រាជរដ្ឋាភិបាល ភាគី​ពាក់ព័ន្ធ​ឪពុក​ម្ដាយ សហគមន៍ អំពី​តម្លៃ​នៃ​ការ​អប់រំ នៃ​ការ​បញ្ជូន​កូន​ឲ្យ​មក​សាលារៀន»។


កុមារ ​ជា​ទំពាំង​ស្នង​ឫស្សី ដែល​ត្រូវ​ការ​អប់រំ ចាប់​ពី​ថ្នាក់​បឋម​សិក្សា​ជា​ថ្នាក់​មូលដ្ឋាន​សំខាន់​ក្នុង​ការ​កសាង​ធនធាន ​មនុស្ស ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ជាតិ​ទៅ​ថ្ងៃ​អនាគត។

នាយក​ប្រតិបត្តិ​អង្គការ​ សកម្មភាព​សម្រាប់​បឋមសិក្សា​នៅ​កម្ពុជា លោក សៅ វណ្ណា មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​អង្គការ​សង្គម​ស៊ីវិល​មាន​យុទ្ធនាការ​ធំ ដើម្បី​ផ្ដល់​ឱកាស​អោយ​កុមារ​បាន​សិក្សា​ឡើង​វិញ​តាមរយៈ​ការ​ផ្ដល់​ អាហារូបករណ៍​ក្ដី ប៉ុន្តែ​តួលេខ​កុមារ​បោះបង់​សាលា​នៅតែ​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដដែល។ បញ្ហា​នេះ លោក​ថា រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​ការ​អនុវត្ត​ គោលនយោបាយ​អប់រំ អោយ​មាន​ប្រសិទ្ធភាព៖ «រដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​ដែរ ប៉ុន្តែ​វា​នៅ​តែ​មាន​តម្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​ហ្នឹង​ទៀត។ ឧទាហរណ៍ នៅ​ក្នុង​អន្តរាគមន៍​មួយ​ដែល​គាត់​និយាយ​ថា កាត់​បន្ថយ​ការ​បោះបង់​ចោល​សាលា ក៏ប៉ុន្តែ​យើង​មើល​ទៅ​វា​អត់​មាន​សកម្មភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ទេ គ្រាន់​តែ​ជា​ផែនការ ប៉ុន្តែ​មើល​ទៅ​លើ​ការ​អនុវត្ត​វា​នៅ​តែ​មាន​បញ្ហា»។

ទាក់ទិន ​បញ្ហា​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​ត្រួត​ពិនិត្យ​ល្អិតល្អន់​ទៅ​លើ​គំហើញ​នានា នៃ​របាយការណ៍​ស្រាវជ្រាវ​បឋម និង​ការ​ស្រាវជ្រាវ​ថ្មីៗ​ពី​កុមារ​បាត់បង់​ឱកាស​ទទួល​បាន​ការ​អប់រំ និង​បន្ត​ធ្វើ​ការ​រួមគ្នា​ជាមួយ​អង្គការ​សមាជិក​ទាំង​អស់​នៃ​គម្រោង​ដៃគូ​ រួមគ្នា​ផ្ដល់​ឱកាស​អប់រំ ដល់​កុមារ។ ជាង​នេះ​ទៀត ក្រសួង​ថា​នឹង​ជួយ​ជំរុញ​ឲ្យ​កុមារ​យល់​ដឹង​អំពី​សិទ្ធិ​របស់​ពួកគេ​ក្នុង​ ការ​ទទួល​បាន​ការ​អប់រំ តាម​រយៈ​ការ​លុប​បំបាត់​ឧបសគ្គ​នានា​ដែល​ពួកគេ​ជួប​ប្រទះ។

​ គិត​ត្រឹម​មួយ​ឆ្នាំ​មាន​កុមារ​នៅ​ក្រៅ​សាលា​ចំនួន ១៥,០០០​នាក់ បាន​ចូល​រៀន​ឡើង​វិញ​តាម​រយៈ​គម្រោង​អនុវត្ត​រួម​គ្នា​ដោយ​អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន ២០ ដើម្បី​ផ្ដល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា។ សម្រាប់​គម្រោង ៣​ឆ្នាំ​កន្លះ​ចាប់​ពី ២០១៤ ដល់ ២០១៧ គម្រោង​មួយ​នេះ​នឹង​ជួយ​ឲ្យ​កុមារ ៥៧,០០០​នាក់ បាន​ទទួល​ការ​អប់រំ​ដោយ​គ្រប​ដណ្ដប់​ទាំង ២៥ រាជធានី ខេត្ត៕

No comments: