A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 23 November 2015

លោក សម រង្ស៊ី ប្រាប់​ពី​មូលហេតុ​ដែល​ពន្យារ​ពេល​ត្រឡប់​មក​កម្ពុជា​វិញ

លោក សម រង្ស៊ី ប្រាប់​ពី​មូលហេតុ​ដែល​ពន្យារ​ពេល​ត្រឡប់​មក​កម្ពុជា​វិញ
ដោយ ទីន ហ្សាការីយ៉ា
rfa 2015-11-22

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​កិច្ច​ប្រជុំ​សភា ស្ដីពី​ការ​ត្រួត​ពិនិត្យ និង​អនុម័ត​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Brach Chev

លោក សម រង្ស៊ី បាន​បង្ហើប​ឲ្យ​ដឹង​ជា​លើក​ដំបូង​របស់​ខ្លួន​អំពី​ការ​ពន្យារ​ពេល​ត្រឡប់​មក​ស្រុក​ខ្មែរ​របស់​លោក។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (facebook) របស់​លោក នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា អំពី​មូលហេតុ​ដែល​លោក​ពន្យារ​ពេល​មក​កម្ពុជា ចំនួន​បី​ចំណុច​សំខាន់ៗ គឺ​ទី​១ នៅ​រសៀល​ថ្ងៃ​ទី​១៦ វិច្ឆិកា ដែល​ជា​ថ្ងៃ​លោក​ត្រូវ​វិល​ត្រឡប់​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង នោះ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​តំណាង​រាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ផង បាន​ជួប​ជុំ​គ្នា ហើយ​សម្រេច​ជា​ឯកច្ឆន្ទ​ស្នើ​ឲ្យ​លោក​លើក​ពេល​វិល​ត្រឡប់​មក​កម្ពុជា មួយ​រយៈ​សិន ដោយសារ​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អំពើ​ហិង្សា ដែល​អាច​កើត​ឡើង​ពេល​លោក​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា នោះ។

លោក​បញ្ជាក់​ថា អំពើ​ហិង្សា​នោះ​អាច​ប៉ះពាល់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​នាក់ ដែល​ត្រៀម​ទៅ​ទទួល​លោក​នៅ​ព្រលាន​យន្តហោះ។ លោក​បន្ថែម​ថា លោក​បាន​ទទួល​សំណើ​នេះ​តាម​ទូរស័ព្ទ​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក អេង ឆៃអ៊ាង នៅ​ពេល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រលាន​យន្តហោះ​ទីក្រុង​អ៊ីនឆុន (Incheon) ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​ឡើង​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​អ៊ែរ (Korean Air) វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ។

ចំណុច​ទី​២ នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ដដែល​នោះ​មាន​តំណាង​ជាន់​ខ្ពស់​នៃ​ប្រទេស​ធំៗ​ពីរ​ជា​មិត្ត បាន​ស្នើ​ឲ្យ​លោក​ពន្យារ​ការ​វិល​ត្រឡប់​របស់​លោក​មួយ​រយៈពេល​ដូច​គ្នា​ដែរ ពីព្រោះ​គេ​កំពុង​តែ​ខិតខំ​ជួយ​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​សភាព​កាន់​តែ​តានតឹង។ លោក សម រង្ស៊ី មិន​បាន​បញ្ជាក់​ថា តំណាង​ជាន់​ខ្ពស់​នៃ​ប្រទេស​ធំៗ​នោះ ថា​ជា​តំណាង​ប្រទេស​ណា​ពិត​ប្រាកដ​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា តំណាង​ប្រទេស​ទាំង​ពីរ​នោះ​បាន​ពន្យល់​លោក​ថា បើ​លោក​វិល​ទៅ​ប្រទេស​កម្ពុជា វិញ កាល​ពី​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា នោះ សភាពការណ៍​ច្បាស់​ជា​កាន់​តែ​ស្មុគស្មាញ​ថែម​ទៀត ហើយ​គេ​នឹង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង មាន​ន័យ​ថា បើ​លោក​នៅ​ក្រៅ​ប្រទេស គេ​ងាយ​ស្រួល​ជួយ​លោក​ជាង។

ចំណុច​ទី​៣ គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដែល​មាន​តែ​សមាជិក​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម បាន​សម្រេច​បណ្ដេញ​លោក​ចេញ​ពី​រដ្ឋសភា​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ដដែល​នោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​បាត់បង់​នូវ​អភ័យ​ឯកសិទ្ធិ​សភា។ លោក សម រង្ស៊ី ពន្យល់​ថា ហេតុការណ៍​ចុង​ក្រោយ​នេះ នាំ​មក​នូវ​អតុល្យភាព​កាន់​តែ​ខ្លាំង​ក្នុង​ការ​ត​ទល់​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ហើយ​ជា​អំពើ​អយុត្តិធម៌​មួយ​ទៀត​ចំពោះ​លោក ដែល​ធ្វើ​ឲ្យ​លោក​បាត់បង់​ទាំង​ស្រុង​នូវ​លទ្ធភាព​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់។ ក្នុង​ការ​ប្រយុទ្ធ​តស៊ូ​នីមួយៗ លោក សម រង្ស៊ី សង្កត់​ធ្ងន់​ថា មិន​ត្រូវ​ឲ្យ​គូបដិបក្ខ​ជា​អ្នក​ជ្រើសរើស​សមរភូមិ និង​ជា​អ្នក​កំណត់​លក្ខខណ្ឌ​នៃ​ការ​ត​ទល់​គ្នា​តាម​តែ​អំពើ​ចិត្ត​របស់​គេ​នោះ​ទេ។

ការ​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​ពន្យារ​ពេល​វិល​ត្រឡប់​មក​កម្ពុជា វិញ​របស់ លោក សម រង្ស៊ី នេះ នៅ​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ថ្មី​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា បង្គាប់​ឲ្យ លោក សម រង្ស៊ី ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ខាង​មុខ ក្រោម​បទ​ចោទ សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ដីកា​កោះ​ហៅ​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ឆ្លើយ​តប​ភ្លាមៗ​ថា លោក សម រង្ស៊ី មិន​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ​តាម​ការ​កោះ​ហៅ​នេះ​ទេ៕

1 comment:

Anonymous said...

ទោះជាអ្នកនិយាយរបៀបណា អ្នកដែលគេចាំតែប្រទោស គឺគេរករឿងបន្ទោសទាល់តែបាន គឺដូចហ៊ុន ហ៊ុន សែន រករឿងអ្នកអញ្ចឹង ទោះជាយ៉ាងណាក៍គេរករឿងយកទៅដាក់គុកទាល់តែបាន ល្អហើយ មិនបានទៅជាប់គុកនោះ កុំគិតថាជាប់គុក ហ៊ុន សែន វា គ្រាន់បើនោះ កុំជោយួនណា គេសម្លាប់ខ្មែររាប់លានហើយ គេមិនខ្វលទេ គេនឹងសម្លាប់់ថែមទៀត ព្រោះគេយក ហ៊ុន សែន ជាកូនងុករបស់គេ ហើយ ហ៊ុន សែនត្រូវតែអុកតាមគេបញ្ជា គឺដូចល្ខោនអញ្ចឹង នៅពីក្រោយវាំងនន គ្មានអ្នកណាឃើញយួនជាអ្នកនាំរឿងទេ បើដឹងក៍គ្មានអ្នកណាហ៊ានថាយួនដែរ។