A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 23 November 2015

តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ថា​អាជ្ញាធរ​គ្មាន​ឆន្ទៈ​ចាប់​ជន​ដៃ​ដល់​បន្ថែម​ទៀត

តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ថា​អាជ្ញាធរ​គ្មាន​ឆន្ទៈ​ចាប់​ជន​ដៃ​ដល់​បន្ថែម​ទៀត
ដោយ ថា កិត្យា
rfa 2015-11-22
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា (កណ្ដាល) ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥។
RFA/Brach Chev

តំណាង​រាស្ត្រ​បក្ស​ ប្រឆាំង​ដែល​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា រិះគន់​តុលាការ និង​អាជ្ញាធរ ថា​គ្មាន​ឆន្ទៈ​ចាប់​ជន​ដៃ​ដល់​បន្ថែម​ទៀត មុន​ពេល​ពួក​គាត់​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា វិញ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ទន្ទឹម​នេះ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ដើម្បី​លាង​ជម្រះ​ការ​រិះគន់​នោះ ប្រព័ន្ធ​តុលាការ និង​អាជ្ញាធរ ត្រូវ​តែ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។

តំណាង​រាស្ត្រ​គណបក្ស​ សង្គ្រោះ​ជាតិ ចំនួន ២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ នោះ ប្រកាស​ថា នឹង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា វិញ​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា នៅ​បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ថា មុខ​របួស​បង្ក​ឡើង​ដោយ​ក្រុម​បាតុករ​គាំទ្រ​បក្ស​កាន់​អំណាច បាន​ធូរ​ស្បើយ ហើយ​អាច​ចេញ​ពី​មន្ទីរពេទ្យ​បាន។

លោក ញ៉យ ចំរើន ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ ថា ចំណាត់​ការ​របស់​អាជ្ញាធរ និង​តុលាការ មិន​ទាន់​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ពួក​លោក​ជា​ជន​រងគ្រោះ​នៅ​ឡើយ។ លោក​បន្ថែម​ថា តាម​ពិត​មិន​មែន​អាជ្ញាធរ និង​តុលាការ​គ្មាន​សមត្ថភាព​ចាប់​ជន​ដល់​បន្ថែម​ទៀត​នោះ ប៉ុន្តែ​ដោយសារ​គ្មាន​ឆន្ទៈ ព្រោះ​រឿង​នេះ​ទាក់ទង​នឹង​និន្នាការ​នយោបាយ៖ «ចង់​ឲ្យ​អាជ្ញាធរ​បន្ត​ចាប់​អ្នក​ដែល​ដៃ​ដល់​ដែល​មិន​ទាន់​ចាប់​បាន​នៅ​ឡើយ ហើយ​ស៊ើប​អង្កេត​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​វាយ​ប្រហារ​នេះ»។

លោក ញ៉យ ចំរើន រៀបរាប់​ថា ថ្វីត្បិតតែ​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ក្តី ប៉ុន្តែ​មុខ​របួស​របស់​លោក ដូចជា​បាក់​ខ្ទង់​ច្រមុះ និង​ភ្នែក​ដែល​វះ​កាត់ ព្រម​ទាំង​ដៃ​ដែល​បាក់ នៅ​តែ​ត្រូវ​ការ​ពិនិត្យ​តាម​ដាន​ដដែល៖ «ខែ​ក្រោយ​នេះ ពេទ្យ​ណាត់​មក​ពិនិត្យ​មើល​ឆ្អឹង ថា​វា​ដំណើរ​ការ​ដល់​ណា​ហើយ ហើយ​ដៃ​ដែល​បាក់​នេះ វា​ស្វិត​ម្ខាង​ទៅ ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ។ ចំពោះ​ឆ្អឹងជំនី និង​ដើម​ទ្រូង​នៅ​ឈឺ​នៅ​ឡើយ ហើយ​យើង​ដើរ​មិន​សូវ​បាន​ដោយសារ​វិល​មុខ ហើយ​ឯកឧត្តម គង់ សភា ដូច​គ្នា​ដែរ គាត់​នៅ​ឈឺ​ស្នាម​មុខ​របួស​នៅ​ឡើយ»។

ក្រោយ ​ពី​មាន​ព្រឹត្តិការណ៍​វាយ​ប្រហារ​នេះ ក្រសួង​មហាផ្ទៃ បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ ដើម្បី​ស្វែងរក​ក្រុម​មនុស្ស​ដែល​វាយ​អ្នក​តំណាង​រាស្ត្រ​យក​មក​ផ្ដន្ទាទោស។

វិទ្យុ ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដើម្បី​សាកសួរ​អំពី​ការ​វិវឌ្ឍ​នៃ​ការ​ស៊ើប​អង្កេត។

មជ្ឈដ្ឋាន ​ពលរដ្ឋ អ្នក​នយោបាយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន បាន​បាត់បង់​ការ​ជឿជាក់​លើ​ប្រព័ន្ធ​តុលាការ និង​អាជ្ញាធរ​នៅ​កម្ពុជា ជាច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​តែ​គេ​មើល​ឃើញ​ថា ចំណាត់​ការ​របស់​ស្ថាប័ន​ទាំង​ពីរ​នៅ​តែ​មាន​ការ​លម្អៀង​ច្រើន។

ជាក់ស្តែង មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បាន​ភ្លាមៗ ហើយ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ព្រៃ​ស។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​អ្នក​ខ្លះ​ជាប់​ទោស​ចន្លោះ​ពី ៧​ឆ្នាំ​ទៅ ២០​ឆ្នាំ ជុំវិញ​សំណុំ​រឿង​ហិង្សា​នៅ​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ នៅ​មាន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​សកម្មជន ព្រម​ទាំង​អ្នក​តវ៉ា​ដីធ្លី និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាច្រើន​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ករណី​ផ្សេង​គ្នា ហើយ​កាត់​ក្តី​បញ្ចូល​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់​ទាំង​នៅ​ភ្នំពេញ និង​នៅ​តាម​ខេត្ត។

ដោយឡែក​ករណី​បង្ក្រាប​ហិង្សា​លើ​ហ្វូង​ បាតុករ​ក្នុង​ពេល​តវ៉ា​នៅ​កំណាត់​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ បណ្ដាល​ឲ្យ​កម្មករ ៥​នាក់​ស្លាប់ បាត់​ខ្លួន​ម្នាក់ និង​របួស​ប្រមាណ ៤០​នាក់។ អំពើ​ហិង្សា​យ៉ាង​កម្រោល​ទៅ​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​មិន​អាច​ទទួល​យក​បាន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា។ ព្រឹត្តិការណ៍​សោកសៅ​ជា​ឧទាហរណ៍​ទាំង​នេះ ក្រសួង​មហាផ្ទៃ បាន​ត្រឹម​តែ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត ប៉ុន្តែ​មិន​ទាន់​ឃើញ​លទ្ធផល​ស្វែងរក​យុត្តិធម៌​តាម​ការ​ទាមទារ​របស់​ជន​ រងគ្រោះ​នៅ​ឡើយ។

ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ ប្រព្រឹត្តិកម្ម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ សង្កេត​ឃើញ​ថា ចំណាត់​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​របស់​ក្រសួង​មហាផ្ទៃ ជាទូទៅ​គ្មាន​ការ​ឡើយ ពោល​គឺ​គ្រាន់​តែ​បង្កើត​ឡើង​ដើម្បី​ក្លែង​បន្លំ​ភ្នែក​សាធារណជន​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ជា​កាតព្វកិច្ច ស្ថាប័ន​រដ្ឋ​ត្រូវ​តែ​រក​ឲ្យ​ឃើញ​ស​ខ្មៅ ថា​តើ​អ្នក​ណា​ជា​អ្នក​ប្រព្រឹត្តិ​បទល្មើស គឺ​ទាំង​អ្នក​ចំពោះ​មុខ និង​អ្នក​នៅ​ពី​ក្រោយ ដើម្បី​ស្ដារ​មុខ​មាត់ ឬ​លាង​ជម្រះ​ការ​រិះគន់​ឡើង​វិញ៖ «យើង​គ្រាន់​តែ​ពង្រឹង​យន្តការ​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​វា​ដើរ​ជាក់ស្តែង​ទៅ វា​ដោះស្រាយ​បញ្ហា​ជូន​ជាតិ​បាន​ហើយ»។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​បាន​បាតុករ​មួយ​ក្រុម​ចាប់​ទាញ​ចេញ​ពី​ក្នុង​ឡាន រួច​ព្រួត​គ្នា​វាយ​រហូត​ដល់​សន្លប់ ខណៈ​ដែល​តំណាង​រាស្ត្រ​ទាំង​ពីរ​កំពុង​បើកបរ​រថយន្ត​ចេញ​ពី​រដ្ឋសភា។ លោក ញ៉យ ចំរើន ថា​ជន​ដៃ​ដល់​ទាំង​នោះ មិន​មែន​ជា​ពលរដ្ឋ​សាមញ្ញ​ឡើយ គឺ​អាច​ជា​កង​អង្គរក្ស និង​អាជ្ញាធរ​មាន​សមត្ថកិច្ច។

តំណាង ​រាស្ត្រ​ទាំង​ពីរ បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុម​បាតុករ​តាម​រយៈ​មេធាវី​របស់​ខ្លួន ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុក​ជា​មុន និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ព្រម​ទាំង​ទាមទារ​សំណង​ជា​ទឹក​ប្រាក់​ម្នាក់ៗ​ចំនួន ១០០​លាន​រៀល៕

No comments: