Fri, 5 February 2016 ppp
ប៉ាន់ រិទ្ធា
បន្ទប់ដូចមានរាងមូលពណ៌សក្បុសប្រើបច្ចេកទេសថ្មី សង់នៅឆ្នេរសមុទ្រនៃកោះរ៉ុងសន្លឹម។ Moon Light Resort |
ព្រះសីហនុ: ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតនៃបច្ចេកទេសរៀបចំបន្ទប់បែបបស្ចិមប្រទេស មានរាងរង្វង់មូល ទាំងជញ្ជាំង និងដំបូងលាបពណ៌សក្បុស ចាំងឆ្លុះកញ្ចក់ថ្លាមូលបីដូចវង់ព្រះចន្ទនៅត្រង់កំពូលស្រួច ដែលអំណោយផលដល់ការគេងគយគន់ហ្វូងតារារះពេញមេឃាបំភ្លឺស្បៃរាត្រីនោះ Moon Light Resort ជារមណីយដ្ឋានកម្សាន្ដលំហែកាយដែនដីឆ្នេរសមុទ្រមានដីខ្សាច់សក្បុស នៅឯភាគនិរតីរបស់ប្រទេសកម្ពុជា កំពុងបង្អួតវត្ដមានដ៏ល្អឆើតឆាយរបស់ខ្លួន នៅលើដែនដីកោះរ៉ុងសន្លឹម ក្នុងខេត្ដព្រះសីហនុ។
លោក យុន ម៉ៃ អ្នកគ្រប់គ្រងផ្នែកទីផ្សារនៅ Moon Light Resort ដែលជារមណីយដ្ឋានកម្សាន្ដទើបតែបានបើកបម្រើភ្ញៀវទេសចរពីខែតុលា ឆ្នាំ ២០១៥ កន្លងមក បាននិយាយថា៖ «យើងរៀបចំជាប្រភេទបន្ទប់ដូម (Dome) មានរាងមូល ដោយមួយបន្ទប់ទំហំ ៨ ម៉ែត្រ លាបពណ៌ស»។
សំណង់នៃបន្ទប់ដូមនីមួយៗប្រើដីខ្សាច់លាយជាមួយស៊ីម៉ងត៍ស និងច្រកបាវតម្រៀបគរលើគ្នា ដែលជាបច្ចេកទេសថ្មីកែច្នៃជាបន្ទប់រាងមូល ទូលាយផ្នែកខាងក្រោម រួមតូចនៅដំបូល និងមានបង្អួចកញ្ចក់អាចមើលទេសភាពបានយ៉ាងស្រួល។
អ្នកគ្រប់គ្រងផ្នែកទីផ្សាររូបនេះ បានបញ្ជាក់ថា៖ «វាជាបច្ចេកទេសថ្មីគ្មានពីរឡើយសម្រាប់ដូមនៅលើកោះរ៉ុងសន្លឹមដោយសារយើងមិនបានប្រើសំណង់ជាថ្មឥដ្ឋរៀបបន្ទប់ឡើយគឺយើងបានប្រើដីខ្សាច់ លាយជាមួយស៊ីម៉ងត៍ពណ៌ស ច្រកបាវ ធ្វើជាគ្រឿងសំណង់នៃបន្ទប់នីមួយៗនោះ»។
លោកបានឲ្យដឹងទៀតថា៖ «ទីនេះមានចំនួនតែ ១០ បន្ទប់ប៉ុណ្ណោះ ខណៈពេលនេះយើងបានទទួលការកក់បន្ទប់ពីភ្ញៀវជាមុន មានគោលដៅកម្សាន្តនៅឯកោះរ៉ុងសន្លឹម នាឱកាសថ្ងៃបុណ្យចូលឆ្នាំ ចិន ឆ្នាំ ២០១៦ នេះ ពេញអស់ហើយ ដោយមួយបន្ទប់តម្លៃ ១២០ ដុល្លារ»។
លោក យុន ម៉ៃ បន្តថា៖ «ភ្ញៀវមកទីនេះភាគច្រើនបានកក់បន្ទប់ទុកជាមុន ខ្លាចពេលមកដល់អាចអស់បន្ទប់ ព្រោះថាមានភ្ញៀវមកកម្សាន្តរាល់ថ្ងៃមិនដាច់ឡើយ។ ទេសភាពពិសេសនាពេលយប់គឺយើងគេងមើលផ្កាយឃើញច្បាស់តែម្តងនៅទីនេះ»។
ក្រៅពីសេវាកម្មបន្ទប់ដូមដ៏ប្រណីត មានគ្រឿងសង្ហារិមទំនើបៗ មានចរន្តអគ្គិសនីប្រើ ២៤ ម៉ោង ប្រកបដោយផាសុកភាព Moon Light Resort ក៏មានសេវាម្ហូបអាហារ ទូកក្តោង ទូកកានូ ឬទូកកាយៈជិះកម្សាន្តផងដែរ។
អ្នកគ្រប់គ្រងផ្នែកទីផ្សារដែលមានថៅកែជាជនជាតិអាល្លឺម៉ង់ និងមានបុគ្គលិកបម្រើការ ១៦ រូប (ស្រី៨) រូបនេះបានរៀបរាប់បន្តថា៖ «យើងមានសេវាកម្មភោជនីយដ្ឋានសម្រាប់បម្រើផ្នែកម្ហូបអាហារ និងភេសជ្ជៈគ្រប់យ៉ាងតាមការកុម្ម៉ង់របស់ភ្ញៀវ»។
អំពីតម្លៃសេវាកម្សាន្តបន្ថែមលើការស្នាក់នៅ លោក យុន ម៉ៃ បានឲ្យដឹងថា៖ «យើងមានទូកក្តោងសម្រាប់ភ្ញៀវជិះកម្សាន្តដែរ តែភ្ញៀវដែលបានស្នាក់នៅបន្ទប់យើងនឹងត្រូវជួលក្នុងតម្លៃ ១ ម៉ោង ៤០ ដុល្លារ ខណៈភ្ញៀវគ្រាន់តែជួលទូកក្តោងជិះវិញនោះ ១ ម៉ោងតម្លៃ ៨០ ដុល្លារ។ រីឯតម្លៃជិះទូកកាយៈវិញភ្ញៀវ ដែលជួលបន្ទប់យើងក្តី និងមិនជួលក្តីតម្លៃ ១០ ដុល្លារដូចគ្នា។ សេវាផ្សេងទៀតមាន ជិះទូកកានូ ជិះទូកស្ទួចត្រី ដំណើរកម្សាន្តដើរព្រៃ ទស្សនាមើលផ្កាថ្មជាដើមផងដែរ»៕
No comments:
Post a Comment