A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 February 2016

កម្មការិនី​ម្នាក់​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ជូន​នាង​ត្រឡប់​មក​កម្ពុជា


ដោយ ឡេង ម៉ាលី
2016-02-08  rfa

ស្ត្រី​ខ្មែរ​ចាញ់​បោក​មេ​ខ្យល់​រៀបការ​ទៅ​ចិន ៦២០

ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Saut Sokprathna


ស្ត្រី​ដែល​ទៅ​ធ្វើ​ការងារ​តាម​ផ្ទះ​ម្នាក់​នៅ​ទីក្រុង​រីយ៉ាដ (Riyadh) ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដែល​បញ្ជូន​នាង​ទៅ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ទីនោះ បញ្ជូន​នាង​ត្រឡប់​មក​កម្ពុជា វិញ ព្រោះ​មិន​អាច​ធ្វើ​ការ​បាន។

កម្មការិនី​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ឈ្មោះ ហ៊ីម ស្រី ហៅ ស្រ៊ី កំពុង​ទាមទារ​មក​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម វិញ បន្ទាប់​ពី​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​បាន​រយៈពេល​មួយ​ខែ ហើយ​រង​ការ​ធ្វើ​បាប។

លោកស្រី ហ៊ីម ស្រី ហៅ ស៊្រី បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ រៀបរាប់​ថា លោកស្រី​ទាមទារ​មក​ស្រុក​វិញ​នេះ ព្រោះ​លោកស្រី​មាន​បញ្ហា​សុខភាព ហត់​ហេវ ធ្វើ​ការ​មិន​បាន​ពេញលេញ ហើយ​ដៃ​ឆ្វេង​ដែល​ធ្លាប់​បាក់​កាល​ពី​នៅ​ស្រុក​ខ្មែរ​នោះ ចាប់​ផ្ដើម​ស្ពឹក​កាន់​អ្វី​មិន​ជាប់៖ «ខ្ញុំ​ទ្រាំ​អត់​បាន​ទេ​ពូ! ខ្ញុំ​ត្រូវ​ការ​ទៅ​ខ្មែរ​វិញ។ មាន​តែ​ចាម ខ្មែរ ទើប​យល់​ចិត្ត​ចាម ខ្មែរ។ វា​មិន​យល់​ចិត្ត​យើង​ទេ វា​យក​លុយ​ជះ​លើ​ក្បាល​យើង​ប៉ុណ្ណឹង»។

លោកស្រី​ឲ្យ​ដឹង​ទៀត​ថា គិត​មក​ដល់​ថ្ងៃ​ទី​៧ កុម្ភៈ លោកស្រី​ត្រូវ​បាន​ក្រុមហ៊ុន​ដែល​មិន​ស្គាល់​ឈ្មោះ​ពិត​ប្រាកដ បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ក្នុង​រយៈពេល​មួយ​ខែ​នេះ ត្រូវ​គេ​បញ្ជូន​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត​ចំនួន ៣​ផ្ទះ​ហើយ។ លោកស្រី ហ៊ីម ស្រី ថ្លែង​ថា លោកស្រី​រង​ការ​ធ្វើ​បាប​ពី​ម្ចាស់​ផ្ទះ ដោយ​ផ្ដល់​អាហារ និង​ពេល​សម្រាក​មិន​បាន​គ្រប់គ្រាន់។ បញ្ហា​មួយ​ទៀត លោកស្រី​ថា មក​ពី​ការ​មិន​ចេះ​ភាសា​ទំនាក់ទំនង​គ្នា។

ទន្ទឹម​គ្នា​នេះ ប្ដី​របស់ លោកស្រី ហ៊ីម ស្រី ឈ្មោះ ម៉ាត់ យូសុះ នៅ​ខេត្ត​កំពង់ចាម ថ្លែង​ថា លោក​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ប្រពន្ធ​របស់​លោក​ជា​ខ្លាំង។ លោក​អំពាវនាវ​រក​ស្ថាប័ន​ផ្សេងៗ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​បញ្ជូន​ប្រពន្ធ​របស់​គាត់​មក​កម្ពុជា វិញ ព្រោះ​លោក​មិន​មាន​លុយ​គ្រប់គ្រាន់​បង់​ទៅ​ឲ្យ​ក្រុមហ៊ុន​ជា​ថ្នូរ​ឲ្យ​ប្រពន្ធ​គាត់​វិល​ត្រឡប់​មក​វិញ​ទេ៖ «ទារ​ខ្ញុំ​មួយ​ពាន់​ប្រាំ​បាន​គេ​ឲ្យ​មក​វិញ។ ខ្ញុំ​នេះ​ក៏​ព្រម​ថា អត់​មាន​ទេ​មួយ​ពាន់​ប្រាំ គ្រាន់​តែ​ថា ក្នុង​ខ្លួន​ខ្ញុំ​ក៏​អត់​មាន​ដែរ។ ខ្ញុំ​ថា​មួយ​ពាន់​បាន ឬ​អត់? រួច​គេ​ថា​អត់​បាន​ទេ ទាល់​តែ​មួយ​ពាន់​ប្រាំ បាន​យក​មក។ ពួក​ខ្ញុំ​នេះ​អត់​ហើយ បាន​ឲ្យ​ប្រពន្ធ​ទៅ​ស៊ី​ឈ្នួល​គេ​ហ្នឹង ហើយ​ប៉ុន្មាន​ខែ​ហើយ​អត់​ទាន់​បាន​លុយ​មួយ​រៀល​សោះ»។

ទាក់ទង​នឹង​ករណី​នេះ នាយក​អង្គការ​ខារ៉ាម​កម្ពុជា (CARAM) លោក យ៉ា ណាវុធ ដែល​ធ្លាប់​អន្តរាគមន៍​បន្ទាន់​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ថ្លែង​ថា អង្គការ​លោក​មិន​អាច​ជួយ​អន្តរាគមន៍ លោកស្រី ហ៊ីម ស្រី ពី​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត បាន​ទេ ព្រោះ​មិន​មាន​អង្គការ​ដៃគូ​នៅ​ប្រទេស​នោះ។ លោក​ថា ករណី​នេះ​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ទូត និង​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ ហៅ​កាត់​ថា អាយ.អូ.អឹម (IOM)។

ឆ្លើយ​តប​ករណី​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី មាន​ប្រសាសន៍​ថា ព្រះរាជាណាចក្រ​កម្ពុជា មិន​មាន​ស្ថានទូត​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ទេ ប៉ុន្តែ​លោក​នឹង​ទាក់ទង​ទៅ​ស្ថានទូត​នៅ​ប្រទេស​គុយវ៉េត (Kuwait)៖ «ខ្ញុំ​នឹង​ទាក់ទង​ទៅ​គេ ឲ្យ​គេ​ពិនិត្យ​មើល​លទ្ធភាព​រៀបចំ​យ៉ាង​ម៉េច ពីព្រោះ​នៅ​គុយវ៉េត ក៏​អត់​មាន​ប្រចាំ​ការ​នៅ​អារ៉ាប៊ី សាអ៊ូឌីត ដែរ។ ប៉ុន្តែ​ខ្ញុំ​នឹង​ទាក់ទង​ទៅ​ដើម្បី​ឲ្យ​គេ​ដឹង​រឿង​ហ្នឹង។ គ្រាន់​តែ​និយាយ​មក ខ្ញុំ​ដឹង​ថា​ក្រុមហ៊ុន​ហ្នឹង​ជា​ក្រុមហ៊ុន​បោកប្រាស់​ទាំង​ស្រុង​តែ​ម្ដង។ អត់​មាន​ផ្លាក​យីហោ​អត់​មាន​អី បើ​និយាយ​ទៅ​បាន​ន័យ​ថា អត់​មាន​ចុះ​បញ្ជី​ចុះ​អី​ជា​ក្រុមហ៊ុន​ទេ គ្រាន់​តែ​ជា​បុគ្គល​នៅ​ទីនោះ​ធ្វើ​ការ​បោកប្រាស់​រក​ស៊ី​ធ្វើ​អ៊ីចឹង»។

លោក ជុំ សុន្ទរី ថ្លែង​ថា ករណី​ចាញ់​បោក​មេ​ខ្យល់​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស នៅ​តែ​បន្ត​មាន​ជា​ហូរហែ បើ​ទោះ​ជា​រដ្ឋាភិបាល​បន្ត​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់។ លោក​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ដែល​មាន​លក្ខណៈ​លួច​លាក់ និង​មិន​មាន​ចុះ​បញ្ជិកា​ជាមួយ​ក្រសួង​ការងារ ត្រឹមត្រូវ៕

No comments: