ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងបានធ្វើការចោទអ្នកទាំងពីរនាក់នេះ និងមនុស្សបួននាក់ផ្សេងទៀតពីបទ «ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ រារាំងជាឧបសគ្គដល់ចរាចរណ៍សាធារណៈ»។
Hul Reaksmey, voa
08 កុម្ភៈ 2016
ក្រុមអតីតអ្នកបើកបររថយន្តក្រុងឲ្យក្រុមហ៊ុនកាពីតូល កាលពីថ្ងៃច័ន្ទទី៨ ខែកុម្ភៈ ឆ្នាំ ២០១៦ លើកបដា បង្ហាញពីការទាមទារឲ្យរកយុត្តិធម៌ដល់លោក ណន វណ្ណា អតីតអ្នកបើកបរឡានក្រុងឲ្យក្រុមហ៊ុនកាពីតូល និងលោក រស់ ស៊ីផៃ សមាជិកសហភាពការងារកម្ពុជា ដែលត្រូវអាជ្ញាធរមានសមត្ថកិច្ចខ័ណ្ឌ ៧មករា ចាប់ខ្លួនកាលពីថ្ងៃសៅរិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ និងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៦។ ពួកគេទាំងពីរនាក់នេះ ត្រូវតុលាការសម្រេចឃុំខ្លួននៅថ្ងៃច័ន្ទពីបទ «ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ រារាំងជាឧបសគ្គដល់ចរាចរសាធារណៈ»។ (ហ៊ុល រស្មី/VOA Khmer) |
ភ្នំពេញ—
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លោក ណន វណ្ណា អតីតអ្នកបើកបររថយន្តក្រុងឲ្យក្រុមហ៊ុនកាពីតូល និង លោក រស់ ស៊ីផៃ សមាជិកនៃសហភាពការងារកម្ពុជា បន្ទាប់ពីការសាកសួរពេញមួយថ្ងៃ នៅថ្ងៃច័ន្ទនេះ។ នេះបើយោងទៅតាមការបញ្ជាក់ពីមន្ត្រីនៃសហភាពការងារកម្ពុជា។
ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងលោក ស្រី ម៉ាកនី បានធ្វើការចោទអ្នកទាំងពីរនាក់នេះ និងមនុស្សបួននាក់ផ្សេងទៀត ពីបទ «ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ រារាំងជាឧបសគ្គដល់ចរាចរណ៍សាធារណៈ»។
លោក គង់ អាទិត្យ អគ្គលេខាធិការនៃសហភាពការងារកម្ពុជា ដែលរងរបួសពីអំពើហិង្សាកាលពីថ្ងៃសៅរិ៍ និងរងបទចោទប្រកាន់ខាងលើនេះដែរនោះបានហៅការសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ថា អយុត្តិធម៌។ លោកនិយាយថា៖
«យើងសូមមិនគាំទ្រសេចក្តីសម្រេចរបស់តុលាការ ដែលធ្វើបែបហ្នឹងទេ ព្រោះអ្វីយើងឃើញថា ជារឿងអយុត្តិធម៌មែនទែន ដោយសារតែគាំទ្រអ្នកណាមានលុយសម្រាប់ ធ្វើបាបអ្នកដែលទន់ខ្សោយអញ្ចឹងគឺ ស្រុកទេសយើងត្រូវតែផ្លាស់ប្តូរ។ បើសិនជាមិនផ្លាស់ប្តូរទេ អាហ្នឹងវានាំឲ្យ គ្មានច្រកដើរទៅមុខ សម្រាប់ប្រជាជន ដែលស្លូតត្រង់ដូចពួកខ្ញុំ»។
លោក បានសម្តែងក្តីបារម្ភអំពីការឃាត់ខ្លួនរបស់អាជ្ញាធរមានសមត្ថកិច្ច បន្ទាប់ពីការចេញសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះ។ តែលោក ថានឹងធ្វើការតាមផ្លូវច្បាប់ដើម្បីការពារភាពស្អាតស្អំរបស់លោក។
VOA ព្យាយាមសុំការអត្ថាធិប្បាយពីលោកព្រះរាជអាជ្ញារង ស្រី ម៉ាកនី នៅថ្ងៃច័ន្ទ តែនៅមិនទាន់អាចទាក់ទងបានទេ។ លោក នេត សីថុន អធិការប៉ូលិសខណ្ឌ ៧មករា បដិសេធមិនព្រមធ្វើអត្ថាអធិប្បាយ។
លោក អំ សំអាត ប្រធានការងារបច្ចេកទេសស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃច័ន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ ២០១៦។ |
នៅមុនការសម្រេចរបស់តុលាការ សកម្មជនសិទ្ធិមនុស្ស និងមេដឹកនាំសហជីព រួមជាមួយក្រុមអ្នកតវ៉ាជាង៥០នាក់ បានមកប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញដើម្បីសុំឲ្យតុលាការរកយុត្តិធម៌ និងដោះលែងអ្នកតវ៉ាទាំងពីរនាក់ ដែលត្រូវបានបញ្ជូនខ្លួនពីអធិការដ្ឋាននគរបាលខណ្ឌ ៧មករា មកកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃច័ន្ទនេះ។
ការសាកសួរលោកណន វណ្ណា និងលោករស់ ស៊ីផៃនេះ ធ្វើឡើងបន្ទាប់ពីការផ្ទុះឡើងនៃអំពើហិង្សាកាលពីព្រឹកថ្ងៃសៅរ៍នៅក្នុងការធ្វើបាតុកម្មទាមទារឲ្យក្រុមហ៊ុនកាពីតូលទទួលយកអតីតអ្នកបើកបររថយន្តក្រុងចំនួន៤៥នាក់ឲ្យចូលធ្វើការវិញ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា តុលាការត្រូវធ្វើការពិនិត្យឲ្យបានច្បាស់ទៅលើអង្គហេតុនៃការកើតមានអំពើហិង្សានោះ។ លោកថា ពុំមានភស្តុតាងគ្រប់គ្រាន់ណាមួយដែលបញ្ជាក់ថា អ្នកដែលត្រូវឃាត់ខ្លួននោះ បានប្រព្រឹត្តអំពើហិង្សានោះទេ។
«តាមភស្តុតាង តាមអ្វីដែលមានហ្នឹង គឺវាមានតិចណាស់ ដែលធ្វើការចោទប្រកាន់ ទៅលើអ្នកទាំងពីរជាពិសេស គឺម្នាក់ គឺគ្មានពាក់ព័ន្ធ មិនមានភស្តុតាង។ បើភស្តុតាង ភស្តុតាងតែម្នាក់ទេ។ ប៉ុន្តែអ្វីដែលទិដ្ឋភាពជាក់ស្តែង យើងឃើញទាំងក្នុងរូបវីដេអូ ទាំងទិដ្ឋភាពជាក់ស្តែង សួរថាអ្នកណាដែលមានប្រើនូវញញួរ ប្រើអ្វីដើម្បីប្រើប្រាស់អំពើហិង្សា ហើយទិដ្ឋភាពភ្លាមហ្នឹងគឺសមត្ថកិច្ចគាត់ឃើញហើយ ប៉ុន្តែហេតុអ្វីក៏អត់មានការចាប់ខ្លួន អ្នកដែលប្រើប្រាស់អំពើហិង្សាពិតប្រាកដ»។
លោកថ្លែងបញ្ជាក់ថា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់រឿងក្តីនេះ ត្រូវបើកការស៊ើបអង្កេតទៅលើគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរកឲ្យឃើញថា នរណាជាមេគំនិតបញ្ឆេះឲ្យមានអំពើហិង្សា កាលពីថ្ងៃសៅរ៍កន្លងទៅនោះ។ លោកឲ្យដឹងទៀតថា សមាសភាពមកពីសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា គឺមានប្រមាណ ៥០នាក់ ប្រហែលនឹងចំនួនអ្នកតវ៉ាទាមទារឲ្យក្រុមហ៊ុនកាពីតូលទទួលយកអ្នកបើកបរឡានវិញ។ ភាគច្រើននៃអ្នកតវ៉ា គឺជាអតីតអ្នកបើកបរឡានក្រុងឲ្យក្រុមហ៊ុននេះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃច័ន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ |
ការតវ៉ារបស់អតីតអ្នកបើកបររថយន្តក្រុងនេះ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ បានឈានដល់អំពើហិង្សា នៅពេលដែលសមាជិកសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលភាគច្រើនបានស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅ និងពាក់មួកសុវត្ថិភាព បានដើរទៅ ការពាររថយន្តក្រុង។ ភ្លាមៗបន្ទាប់ពីនោះ សមាជិកមួយចំនួននៃសមាគមនេះ បានកាន់ញញួរ និងដំបងដែកវាយទៅលើមនុស្ស ដោយបានវាយដំ និងទាត់ធាក់យ៉ាងខ្លាំងទៅលើអ្នកតវ៉ា និងអ្នកគាំទ្រឲ្យក្រុមហ៊ុនទទួលយក អតីតអ្នកបើកបររថយន្តក្រុងទាំងអស់នោះ។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៤ ដែលបានចេញផ្សាយជាសាធារណៈភ្លាមៗ បន្ទាប់ពីការផ្ទុះឡើងនៃអំពើហិង្សាហើយបានធ្វើការថ្កោលទោសផងដែរ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍នៅមុនពេលលោក ទទួលការចោទប្រកាន់ពីតុលាការថា ក្រុមហ៊ុនហាក់ដូចជាមានទំនាក់ទំនង ជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននៅក្នុងខណ្ឌ៧មករា ព្រោះអាជ្ញាធរពុំបានចាត់វិធានការបង្កាការផ្ទុះឡើងនៃ អំពើហិង្សាដែលលោក អះអាងបង្កដោយក្រុមរបស់សមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា។ មេដឹកនាំនៃ ក្រុមនេះ គឺលោក មាស សម្ភស្សន៍។ លោក អាត់ ធន់ ស្នើឲ្យតុលាការធ្វើការអង្កេតឲ្យបានពីអ្នកនៅពីក្រោយខ្នងនៃការប្រើប្រាស់អំពើហិង្សា ដែលបានបណ្តាលឲ្យអ្នកតវ៉ា ១៤នាក់ រងរបួសធ្ងន់ធ្ងរ និង២នាក់ត្រូវចាប់ខ្លួន។
«ពួកគេប្រើ អំពើហិង្សា ពួកគេប្រើជើងកាងវាយមកលើយើង ដោយឧបករណ៍ជាអាវុធ ស្នាប់ដៃ ដូចជាដំបងឆក់ តែយើងទៅធ្វើបាតុកម្ម ដោយអត់មានប្រើអី ឬក៏អត់មានប្រើអីទាំងអស់ ត្រូវបានគេចាប់ខ្លួន។ អាហ្នឹងគឺអយុត្តិធម៌ហើយ។ ខ្ញុំគិតថា តុលាការរាជធានីភ្នំពេញ ជាពិសេសចៅក្រម នឹងពិចារណារឿងហ្នឹងឡើងវិញ»។
លោកឲ្យដឹងថា បើទោះបីជាលោក ត្រូវតុលាការចោទប្រកាន់ជាមួយមនុស្សប្រាំនាក់ផ្សេងទៀតក៏ដោយ សកម្មភាពស្វែងរកយុត្តិធម៌ដល់ អតីតអ្នកបើកបររថយន្តក្រុងទាំង ៤៥នាក់នោះ និងអ្នករងការចោទប្រកាន់ពីតុលាការនឹងនៅតែបន្តទៅមុខ។ លោកថា ការចោទប្រកាន់ពីតុលាការមកលើរូបលោក មិនបានធ្វើឲ្យលោកមានការព្រួយបារម្ភនោះទេ ដោយលោកនិងក្រុមតវ៉ាឯទៀតពុំមែនជាអ្នកផ្តួចផ្តើមឲ្យមានអំពើហិង្សានេះទេ។ លោកបញ្ជាក់ថា៖
«ទោះបីជាចាប់ពួកខ្ញុំទៅ ក៏នៅតែរឿងក្តី នៅបន្តជួយ។ យើងអត់អាចឈប់បានទេ»។
កំពុងអង្គុយនៅលើចិញ្ចើមផ្លូវ ទល់មុខនឹងសាលាដំបូងរាជធានីភ្នំពេញ លោក វ៉ាន់ ណារ៉ង ប្រធានសហជីពប្រជាធិបតេយ្យកម្មករនិយោជិតនៃក្រុមហ៊ុន កាពីតូល និយាយថា តុលាការត្រូវដោះលែងអ្នកដែលត្រូវឃាត់ខ្លួន ព្រោះថា ពួកគេមិនបានប្រព្រឹត្តកំហុសនោះឡើយ។
ដោយឡែក លោកភូ កុកវ៉ាន់ ជំនួយការអគ្គនាយកក្រុមហ៊ុនកាពីតូល មិនធ្វើការអត្ថាអធិប្បាយលើការសម្រេចរបស់តុលាការសាលាដំបូងនៅថ្ងៃច័ន្ទនេះ ពីព្រោះការសម្រេចរបស់តុលាការ គឺធ្វើទៅតាមពាក្យបណ្តឹងរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងខណ្ឌ ៧មករា។ លោកឲ្យដឹងទៀតថា ចំណាត់ការច្បាប់នឹងត្រូវធ្វើបន្តទៅទៀត។
«ចំពោះបញ្ហានេះ គឺជាបណ្តឹងរបស់ខាងសមត្ថកិច្ច។ មិនមែនជាបណ្តឹងរបស់ខាងក្រុមហ៊ុនទេ ហើយចំពោះពួកគាត់ ខាងក្រុមហ៊ុននឹងចាត់វិធានការខាងផ្លូវច្បាប់បន្តទៀត»។
លោកបានច្រានចោលការចោទប្រកាន់នានា ទាក់ទិនការណ៍ដែលក្រុមហ៊ុន បានជួលសមាជិកនៃសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាឲ្យមកបង្កអំពើហិង្សា និងទំនាក់ទំនងរបស់ក្រុមហ៊ុនលោក ជាមួយអាជ្ញាធរមូលដ្ឋានក្នុងខណ្ឌ ៧មករាផងដែរ៕
No comments:
Post a Comment