ដោយ ខែ សុណង
2016-02-06 rfa
អតីតអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនកាពីតូល ម្នាក់ដែលរងរបួសក្នុងពេលតវ៉ា ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៦។
|
សមត្ថកិច្ចខណ្ឌ៧មករា ចាប់ខ្លួនមនុស្ស ២នាក់ ក្នុងពេលអតីតអ្នកបើកបររថយន្តឱ្យក្រុមហ៊ុនរថយន្តក្រុងកាពីតូល តវ៉ាឲ្យថៅកែក្រុមហ៊ុនចរចា និងយកពួកគាត់ចូលធ្វើការវិញ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ។ ការចាប់ខ្លួនបន្ទាប់ពីក្រុមអ្នកតវ៉ាប៉ះទង្គិចជាមួយសមាគមអ្នករត់រ៉ឺម៉កកង់បី ដែលប្រើដំបងឈើ បំពង់ទីប និងដុំថ្ម បណ្ដាលឲ្យមនុស្សជាង ១០នាក់រងរបួសធ្ងន់ស្រាល។
ក្រុមអ្នករត់រ៉ឺម៉កកង់បី ដែលគេស្គាល់ថា សមាគមរួបរួមដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលក្នុងដៃមានកាន់ដំបងឈើ បំពង់ទីប ម្នាក់ៗមានវិទ្យុទាក់ទង និងពាក់មួកសុវត្ថិភាពផង បានវាយប្រតប់គ្នា និងដណ្ដើមបដាជាមួយក្រុមអតីតអ្នកបើកបររថយន្តឱ្យក្រុមហ៊ុនកាពីតូល នៅខាងមុខក្រុមហ៊ុន ជិតផ្សារអូរឫស្សី ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
បន្ទាប់ពីវាយតប់គ្នាមួយប្រាវ កម្លាំងសមត្ថកិច្ចដែលមានទាំងខែល និងដំបងឆក់ បានព្យាយាមរុញច្រានឲ្យអ្នកតវ៉ាជាអតីតអ្នកបើករថយន្តក្រុងអោយដើរចេញពីកន្លងតវ៉ា។
អតីតអ្នកបើករថយន្តក្រុងមួយរូប លោក ថេត វុទ្ធី ដែលមានរបួសត្រង់ក្បាល ចោទថា ក្រុមហ៊ុនកាពីតូល បានជួលក្រុមអ្នករត់រ៉ឺម៉កកង់បីវាយបំបែកហ្វូងអ្នកតវ៉ា៖ «ទោះត្រូវវាយដំច្រំធាក់យ៉ាងម៉េចក៏ដោយ ព្រោះនេះជាឆន្ទៈរបស់ពួកខ្ញុំដែលទទួលរងការកៀបសង្កត់ជិះជាន់មកលើពួកខ្ញុំជាច្រើនឆ្នាំមកហើយ។ លោកថៅកែកាពីតូល នោះគាត់ប្រើពួកខ្ញុំធ្វើការថ្ងៃអាទិត្យ ថ្ងៃបុណ្យ មិនមានពេលឈប់សម្រាក មិនមានបំណាច់ឆ្នាំមិនមានកាត ប.ស.ស ទៅព្យាបាលជំងឺ»។
អតីតអ្នកបើករថយន្តក្រុមហ៊ុនកាពីតូល របួស ៨៥៥
អតីតអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនកាពីតូល ម្នាក់ដែលរងរបួសក្នុងពេលតវ៉ា នៅក្បែរក្រុមហ៊ុន កាលពីព្រឹកថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៦។ RFA/Sorn Chanratha
អតីតអ្នកបើករថយន្តក្រុងមួយរូបទៀត គឺលោក ប៉ិល វឿន ថ្លែងថា ពួកគាត់ទាំង ៤៥នាក់ដែលក្រុមហ៊ុនបានបញ្ឈប់ស្នើឲ្យក្រុមហ៊ុនយកចូលធ្វើការវិញ ទៅតាមសេចក្ដីបង្គាប់របស់ស្ថាប័នពាក់ព័ន្ធ ប៉ុន្តែក្រុមហ៊ុនមិនអនុវត្តតាម ហើយបែរជាដាក់ពាក្យប្ដឹងពួកគាត់ទៅតុលាការទៀតផង៖ «សូម្បីសម្ដេចគាត់និយាយថា ក្រុមហ៊ុនមួយមានសហជីពមួយក៏ក្រុមហ៊ុនមិនអនុវត្តតាម។ សូម្បីតែសាលារាជធានីភ្នំពេញ ដាក់បញ្ជាឲ្យក្រុមហ៊ុនយកពួកខ្ញុំ ៤៥នាក់ ចូលធ្វើការវិញ ថៅកែក្រុមហ៊ុនបាននិយាយប្រាប់ប៉ូលិសថា គេមិនយកទេ មនុស្សទាស់គ្នា ហើយយកមកធ្វើការម៉េចកើត។ គាត់ចោទខ្ញុំគ្រប់ច្រកល្ហក»។
ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ ជំនួយការអគ្គនាយកក្រុមហ៊ុនកាពីតូល លោក ភូ កុកវ៉ាន់ ថ្លែងថា អ្វីដែលអតីតអ្នកបើករថយន្តលើកឡើងគឺជាការមួលបង្កាច់ទាំងស្រុង។ លោកថា ក្រុមហ៊ុនបានប្ដឹងពួកគាត់ពីបទរំលោភកិច្ចសន្យាការងារជាមួយក្រុមហ៊ុន រំលោភបទបញ្ជាផ្ទៃក្នុងដែលបានលួចកិបកេងទ្រព្យសម្បត្តិក្រុមហ៊ុន និងរំលោភច្បាប់ការងារ។
លោកថា ការតវ៉ាគឺជាការរៀបចំទុកដោយមានពីសហភាពការងារកម្ពុជា៖ «ពួកគាត់បានយកជនពាលនៅខាងក្រៅ ដែលមិនមែនជាអតីតអ្នកបើកបរក្រុមហ៊ុន។ ម្សិលមិញក៏ដូចគ្នា គឺមកពីរោងចក្រផ្សេងៗមានទាំងស្រីទាំងប្រុស ថ្ងៃនេះក៏ដូចគ្នា គឺគាត់បានកាក់ឡានរបស់ក្រុមហ៊ុន។ យើងមានភស្តុតាងយើងមានវីដេអូច្បាស់លាស់។ ពួកគាត់បានប្រើដុំថ្មគប់មកលើសមត្ថកិច្ចទៀត។ យើងបានប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការរំលាយកិច្ចសន្យាជាមួយគាត់ និងប្ដឹងទាមទារសំណងពីពួកគាត់ដែលពួកគាត់ធ្វើឲ្យខូចខាតដល់ទ្រព្យ សម្បត្តិរបស់ក្រុមហ៊ុន និងសេវាកម្មដែលមានការជឿទុកចិត្តពីភ្ញៀវកន្លងមក»។
ក្នុងពេលតវ៉ានោះ អតីតអ្នកបើករថយន្តក្រុងម្នាក់ ឈ្មោះ ណន វណ្ណា និងសមាជិកសមាគមកម្មករ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក រស់ ស៊ីថៃ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅអធិការខណ្ឌ៧មករា។ ក្នុងពេលប៉ះទង្គិចបង្កឲ្យអតីតអ្នកបើករថយន្តក្រុង ១៣នាក់រងរបួស ក្នុងនោះ ២នាក់របួសធ្ងន់ដោយបែកក្បាល និងបែកភ្នែក និងសមត្ថកិច្ចម្នាក់ក៏រងរបួសដែរ។
អតីតអ្នកបើកបររថយន្តឱ្យក្រុមហ៊ុនរថយន្តក្រុងកាពីតូល ជាង ៤០នាក់ និងមន្ត្រីសហជីពស៊ីខៅឌូ រួមទាំងមន្ត្រីសមាគមកម្មករ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា នៅព្រឹកថ្ងៃទី៦ កុម្ភៈ បាននាំគ្នាបន្តការតវ៉ារបស់ខ្លួនខាងមុខក្រុមហ៊ុន ជិតផ្សារអូរឫស្សី ដោយឈរកាន់បដា រារាំងរថយន្តដឹកភ្ញៀវនិងស្រែកអំពាវនាវដល់សាធារណជនឱ្យផ្អាកប្រើប្រាស់សេវា ឬជិះរថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូល។
ទាក់ទងទៅនឹងការចាប់ខ្លួនមនុស្ស មន្ត្រីអធិការខណ្ឌ៧មករា លោក នេត ស៊ីថេត បដិសេធមិនអត្ថាធិប្បាយដោយថា ជាប់រវល់។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា នេះមិនមែនជាលើកទី១នៅពេលអតីតអ្នកបើកឡានក្រុងតវ៉ា ហើយមានភាគីទី៣ បង្កឲ្យផ្ទុះអំពើហិង្សា។ លោកថា នេះជាទិដ្ឋភាពមួយដែលកងកម្លាំងបណ្ដោយឲ្យកើតអំពើហិង្សាដើម្បីយកលេសបង្ក្រាប និងចាប់ខ្លួនក្រុមអតីតអ្នកបើករថយន្តក្រុង៕
1 comment:
In Cambodia, this bloody person is wrong as argued by Mam Sonando.
Mam Sonando said Cambodians people had voted for the CNRP but the CNRP did not want to get that win.
Instead of blaming the thief CPP who cheated the election, Mam Sonando condemned the CNRP for failing to seize the power.
The same argument in this bloody victim. Mam Sonando would argue that this victim was not strong enough to fight back the police.
Keep going Mam Sonando, you will surely bring Cambodia to hell with your stupid ideas.
Post a Comment