A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 7 February 2016

ក្លឹប​អ្នក​កាសែត​កម្ពុជា​ស្នើ​សមត្ថកិច្ច​ស៊ើប​អង្កេត​ករណី​សម្លាប់​អ្នក​កាសែត​នៅ​កំពង់ស្ពឺ


ដោយ អ៊ុំ រង្សី
2016-02-06  rfa

ប៉ែន បូណា ៨៥៥ ២០១៥
ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា ថ្លែង​ក្នុង​សិក្ខា​សាលា​ស្ដីពី​ទំនាក់ទំនង​រវាង​ព្រឹទ្ធសភា​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥។
 RFA/Brach Chev


ក្លឹប​អ្នក​កាសែត​កម្ពុជា សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ករណី​សម្លាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​រស្មី​ព្រះវិហារ កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មករា នៅ​ត្រង់​ចំណុច​ភូមិ​ឈើទាលជ្រំ ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។ ក្លឹប​អ្នក​កាសែត​កម្ពុជា យល់​ថា ករណី​នេះ​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ ដែល​អាជ្ញាធរ​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ។

ក្លឹប​អ្នកកាសែត​កម្ពុជា ស្នើ​ឲ្យ​សមត្ថកិច្ច​បើក​ការ​ស៊ើប​អង្កេត​ដ៏​ត្រឹមត្រូវ ពី​មូលហេតុ​ច្បាស់លាស់​ជុំវិញ​ករណី​សម្លាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត "រស្មី​ព្រះវិហារ" គឺ​លោក ម៉េង ឈឿន អាយុ ៣៧​ឆ្នាំ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​កាសែត​រូប​នេះ និង​ក្រុម​គ្រួសារ។

​ការ​អំពាវ​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត "រស្មី​ព្រះវិហារ" បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ថា ការ​សម្លាប់​នេះ​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ និង​សូម​ឲ្យ​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ។

​បន្ថែម​ពី​នេះ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ថា ក្លឹប​អ្នក​កាសែត​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត និង​បន្ត​តាមដាន​ករណី​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ បើ​ទោះ​ជា​អ្នក​កាសែត​ម្នាក់​នោះ​ខុស ឬ​ត្រូវ​យ៉ាង​ណា​ក៏ដោយ ដើម្បី​ផ្ដល់​យុត្តិធម៌​សម្រាប់​អ្នក​សារព័ត៌មាន​កម្ពុជា។ ករណី​នេះ​ដែរ ក្លឹប​អ្នក​កាសែត​កម្ពុជា នឹង​បន្ត​តាមដាន​ករណី​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត ដើម្បី​ធានា​ថា គ្មាន​អ្នក​កាសែត​ណា​ម្នាក់​ត្រូវ​បាន​សម្លាប់​ដោយសារ​គេ​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ​នោះ​ឡើយ។

លោក ប៉ែន បូណា៖ «ករណី​ដែល​គាត់​ស្លាប់​នៅ​កំពង់ស្ពឺ យើង​ជា​ក្លឹប​អ្នក​កាសែត យើង​ក៏​មិន​ដឹង​ថា ករណី​ហ្នឹង​វា​ស្លាប់​យ៉ាង​ម៉េច​នោះ​ទេ តែ​យើង​ចង់​ឲ្យ​មាន​ការ​ស៊ើបអង្កេត ឲ្យ​ដឹង​ថា វា​ខុស ឬ​ត្រូវ​យ៉ាង​ណា ហេតុអ្វី​បាន​ឈាន​ដល់​ការ​សម្លាប់ ដើម្បី​រក​ខុស​ត្រូវ និង​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​សារព័ត៌មាន»។

​លោក ម៉េង ឈឿន អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត "រស្មីព្រះវិហារ" ត្រូវ​បាន​សម្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មករា នៅ​ត្រង់​ចំណុច​ភូមិ​ឈើទាលជ្រំ ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ខណៈ​មាន​ព័ត៌មាន​ខ្លះ​និយាយ​ថា អ្នក​កាសែត​រូប​នេះ ត្រូវ​បាន​សម្លាប់​ដោយ​ប្រជាជន​ខឹង​នឹង​លោក​ដែល​បាន​លួច​កាច់​សោ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ។

ឆ្លើយ​តប​ទៅ​នឹង​ករណី​នេះ អនុ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង មាន​ប្រសាសន៍​ថា ក្រសួង​មិន​មាន​សមត្ថភាព​ស៊ើប​អង្កេត​ករណី​នេះ​នោះ​ទេ ព្រោះ​ជា​ដែន​របស់​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ។ ប៉ុន្តែ​បញ្ហា​នេះ កន្លង​មក​ក្រសួង​តែង​ចេញ​សេចក្ដី​ថ្លែងការណ៍ ឬ​ធ្វើ​ការ​អន្តរាគមន៍​ផ្សេងៗ ចំពោះ​អ្នក​ព័ត៌មាន​ណា​ដែល​មាន​វិជ្ជាជីវៈ និង​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ជាមួយ​ក្រសួង។ ប៉ុន្តែ​ក្រសួង​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ករណី​នេះ​ឡើង​វិញ។

លោក អ៊ុក គឹមសេង៖ «ធម្មតា​ក្រសួង​សមត្ថកិច្ច ដែល​មាន​សមត្ថកិច្ច ត្រូវ​តែ​បើក​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ដូច្នេះ​ក្រសួង​ព័ត៌មាន មិន​មាន​សិទ្ធិ​អី​ទៅ​ចាត់​វិធានការ​នោះ​ទេ តែ​យើង​ហ្នឹង​បន្ត​តាមដាន​ករណី​នេះ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ដើម្បី​ដឹង​ពី​ចំណាត់​ការ​របស់​អាជ្ញាធរ​ជុំវិញ​ករណី​សម្លាប់ លោក ម៉េង ឈឿន អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត "រស្មី​ព្រះវិហារ" ត្រូវ​បាន​សម្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មករា នៅ​ត្រង់​ចំណុច​ភូមិ​ឈើទាលជ្រំ ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ។

របាយការណ៍​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា ដែល​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​វេទិកា​និពន្ធ​នាយក​លើក​ទី​១២ ស្ដីពី​ការ​កើន​ឡើង​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនឡាញ (Online) និង​ការ​គំរាមកំហែង​កម្មសិទ្ធិ​បញ្ញា​កាល​ពី​ដើម​ខែ​ធ្នូ បង្ហាញ​ថា ការ​គំរាមកំហែង​មក​លើ​អ្នក​សារព័ត៌មាន​មាន​ការ​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ មាន​ចំនួន​រហូត ១២​ករណី។ ចំនួន​នេះ​កើន​ឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ ដែល​មាន ៤​ករណី។

​ក្លឹប​អ្នក​កាសែត​រក​ឃើញ​ថា អ្នក​យក​ព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា ត្រូវ​រង​នូវ​ការ​វាយដំ ឬ​ត្រូវ​គេ​ហាមឃាត់ ឬ​ចាប់​ឃាត់ខ្លួន​មួយ​រយៈ រួម​ទាំង​ការ​ដក​ហូត​ម៉ាស៊ីន​ថត​សំឡេង និង​ថតរូប និង​ការ​រារាំង​មិន​ឲ្យ​អ្នក​សារព័ត៌មាន​បំពេញ​ការងារ​របស់​ពួកគេ​បាន​ជាដើម។

យ៉ាង​ណា​ក៏ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា នៅ​តែ​អំពាវនាវ​ដល់​ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​សំខាន់ មន្ត្រី​អនុវត្ត​ច្បាប់​ឲ្យ​ពិចារណា និង​ស្រាវជ្រាវ​ឲ្យ​បាន​ជាក់ស្ដែង និង​យុត្តិធម៌​លើ​សំណុំរឿង​ទាំង​ឡាយ​ដែល​ចោទ​ប្រកាន់​មក​លើ​អ្នក​កាសែត ដើម្បី​បង្ហាញ​នូវ​តម្លាភាព និង​ផ្ដល់​យុត្តិធម៌​សម្រាប់​អ្នក​សារព័ត៌មាន​កម្ពុជា៕

No comments: