A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 8 February 2016

លោក អ៊ុំ សំអាន ថា​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ខែ​មេសា​ទោះ​បី​ប្រឈម​ការ​ចាប់​ខ្លួន


ដោយ ម៉ម មុនីរតន៍
2016-02-07 rfa
អ៊ុំ សំអាន ២០១៥ ៨៥៥

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន (ស្ដាំ) លើក​បង្ហាញ​ផែនទី​​កម្ពុជា ដែល​លោក​អះអាង​ថា ជា​ប្រភេទ​ផែនទី​បោន (Bonne) ខ្នាត ១/១០០.០០០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៥។ Photo Provided
 Photo Provided



តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​នឹង​វិល​ចូល​ប្រទេស​វិញ​នៅ​ក្នុង​ខែ​មេសា ខាង​មុខ​នេះ។ លោក អ៊ុំ សំអាន ដែល​សកម្ម​ក្នុង​រឿង​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម បាន​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក មួយ​រយៈពេល បន្ទាប់​ពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​ផ្ដើម​ឡើង​កម្ដៅ​ក្នុង​រឿង​ព្រំដែន​នេះ។

ស្រប​ពេល​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ថា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន អាច​នឹង​ត្រូវ​ចាប់​ខ្លួន បើ​សិន​មក​ដល់​កម្ពុជា មែន។ តែ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ វិញ​បដិសេធ​ថា លោក អ៊ុំ សំអាន នៅ​ពុំ​ទាន់​ឃើញ​មាន​សំណុំ​រឿង​ណា​មួយ​ដែល​អាច​កំណត់​ថា ត្រូវ​មាន​ទោស ឬ​ចាប់​ខ្លួន​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។

ការ​ប្រកាស​វិល​ត្រឡប់​មក​វិញ​របស់ លោក អ៊ុំ សំអាន នៅ​ពេល​នេះ ចំ​ពេល​ដែល​លេច​ចេញ​នូវ​ព័ត៌មាន​ថា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ អាច​ប្រឈម​មុខ​នឹង​ផ្លូវ​តុលាការ ខណៈ​មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ចាត់​ទុក​ថា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ ជា​អ្នក​បង្ក​ទៅ​ជា​បញ្ហា​ជុំវិញ​វិវាទ​ព្រំដែន​រវាង​កម្ពុជា ជាមួយ​នឹង​ប្រទេស​វៀតណាម។

លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​សហរដ្ឋ​អាមេរិក មក​ថា លោក​មិន​ខ្វល់​ពី​សុវត្ថិភាព​ឡើយ ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​មែន។ លោក​បន្ថែម​ថា បើ​ពិនិត្យ​សកម្មភាព​របស់​លោក​ក្នុង​ពេល​កន្លង​ទៅ​អំពី​ព្រំដែន​នេះ រូប​លោក​គួរ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ពី​រដ្ឋាភិបាល​ទៅ​វិញ​ទេ។ ម្យ៉ាង​វិញ​ទៀត បញ្ហា​ព្រំដែន​នេះ​ជា​ចំណុច​ដែល​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​ទេ តែ​ថែម​ទាំង​គួរ​បង្កើន​ការ​អភិវឌ្ឍ​ជាង​នេះ​ទៀត​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ដើម្បី​ធ្វើ​ជា​របាំង​ការពារ។ លោក​បន្ត​ថា «ខ្ញុំ​ឥត​មាន​ការ​បារម្ភ​អ្វី​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ផង ហើយ​អ្វី​ដែល​ខ្ញុំ​ធ្វើ គឺ​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។ ការពារ​ប្រជាពលរដ្ឋ​ដែល​ស្រែក​យំ​បាត់​បង់​ដី​ស្រែ​ចម្ការ​នៅ​តាម​ជាយដែន។ ដូច្នេះ​ឥត​មាន​ការ​ព្រួយ​បារម្ភ​ទេ»។

បើ​ទោះ​ជា​បែប​ណា លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា ចោទ​ប្រកាន់ លោក អ៊ុំ សំអាន កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ ថា ជា​អ្នក​ដែល​កូរ​រឿង​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ហើយ​បង្ក​ជា​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ លើស​ពី​នេះ លោក សុខ ទូច ចាត់​ទុក​ការ​ស្រាវជ្រាវ​អំពី​ព្រំដែន​កម្ពុជា-វៀតណាម របស់ លោក អ៊ុំ សំអាន ថា​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ថែម​ទៀត​ផង។

លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​សកម្ម​ក្នុង​រឿង​ព្រំដែន បាន​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក ជាង​កន្លះ​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៥។ នៅ​មុន​ពេល លោក អ៊ុំ សំអាន ចេញ​ទៅ​សហរដ្ឋ​អាមេរិក លិខិត​របស់​លោក​ដែល​ស្នើ​ឲ្យ លោក ហ៊ុន សែន ចាត់​វិធានការ​អំពី​ព្រំដែន ក៏ប៉ុន្តែ​ត្រូវ​បាន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ផ្អឹប​លិខិត​របស់​លោក​យ៉ាង​តិច ៣​លើក​មក​ហើយ មិន​បញ្ជូន​ទៅ​រដ្ឋាភិបាល។ ក្នុង​លិខិត​នោះ លោក អ៊ុំ សំអាន ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម រហូត​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ រួច​រាល់​សិន។ បន្ថែម​ពី​លើ​នេះ លិខិត​របស់ លោក អ៊ុំ សំអាន ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល បង្កើត​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ ពិនិត្យ​រឿង​ព្រំដែន ដែល​មាន​សមាសភាព​ពី​រដ្ឋាភិបាល គណបក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​លិខិត​មួយ​ទៀត ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​ដី​សម្បទាន​ចំនួន ៤​ម៉ឺន​ហិកតារ​នៅ​ខេត្ត​រតនគិរី ដែល​រក​ឃើញ​ថា ទាហាន​វៀតណាម កំពុង​គ្រប់គ្រង។

មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា ចាត់​ទុក​ការ​គេច​ខ្លួន​របស់ លោក អ៊ុំ សំអាន នៅ​រាល់​ពេល​ពិនិត្យ​ផែនទី​អំពី​ព្រំដែន ថា​ជា​ការ​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ និង​ជា​រឿង​កំសាក។

បើ​ទោះ​ជា​បែប​ណា លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បដិសេធ​ថា ចំពោះ​មុខ​នៅ​ពេល​នេះ ពុំ​ទាន់​មាន​ដីកា​ចាប់​ខ្លួន​ណា​មួយ​ប្រឆាំង លោក អ៊ុំ សំអាន ដូច​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​តៗ​គ្នា​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា «ខ្ញុំ​ក៏​មិន​មែន​ខាង​ជាប់​ចោទ​ដែរ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា លោក អ៊ុំ សំអាន ដូចជា​មិន​មាន​ដីកា​នៅ​ឡើយ​ទេ»។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​ធ្លាប់​ស្រាវជ្រាវ​ព្រំដែន​ផង​ដែរ​នោះ លោក កែម ឡី យល់​ឃើញ​ថា តំណាង​រាស្ត្រ លោក អ៊ុំ សំអាន គួរ​ចិត្ត​សឿង​ហ៊ាន​ចូល​ស្រុក​វិញ និង​មិន​គួរ​លាក់​ពួន​ខ្លាច​ការ​ចាប់​ខ្លួន​ដូច្នេះ​ទេ។ ជាង​នេះ​ទៀត បើ​ពិត​ជា​មាន​ការ​ចាប់​ខ្លួន​មែន នោះ​បាន​ន័យ​ថា កម្ពុជា ត្រូវ​មជ្ឈដ្ឋាន​មើល​ឃើញ​កាន់​តែ​ច្បាស់​ថា កំពុង​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់។ ម្យ៉ាង​វិញ​ទៀត អ្នក​ដែល​ចំណេញ គឺ​គណបក្ស​ប្រឆាំង ហើយ​អ្នក​ដែល​ខាត​បង់ គឺ​រដ្ឋាភិបាល​ទៅ​វិញ​ទេ។ លោក​បន្ត​ថា «ត្រូវ​តែ​មក​ហើយ​មក​ក្នុង​សេចក្ដី​ក្លាហាន បើ​ទោះ​ជា​ត្រូវ​ប្រឈម​ករណី​យ៉ាង​ណា​ក៏ដោយ ពីព្រោះ​នៅ​ក្នុង​សង្គម​នេះ បើ​ជា​មនុស្ស​ស្អាតស្អំ​យ៉ាង​ម៉េច​ក៏ដោយ ក៏​ត្រូវ​តែ​ប្រឈម​ដែរ។ បើ​សិន​ជា​យើង​ខ្លាច​ការ​ប្រឈម»។

បើ​ទោះ​ជា​បែប​ណា លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​អះអាង​ថា បើ​ទោះ​ជា​រូប​លោក​ត្រូវ​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ ក៏​លោក​មិន​ខ្លាច​នឹង​ត្រូវ​ប្រឈម​មុខ​ដែរ។ ចំណែក​សង្គម​ស៊ីវិល​វិញ បញ្ជាក់​ថា ពុំ​មាន​ច្បាប់​ណា​ត្រូវ​កំណត់​ថា មាន​ទោស​ព្រោះ​តែ​សម្ដែង​មតិ​ឡើយ។ មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន និង​សេរីភាព​ខាង​សារព័ត៌មាន ជាដើម៕

1 comment:

Anonymous said...

ការលើកឡើងពីរឿងព្រុំប្រទល់ បិតជាត្រឹមត្រូវ តែចំពោះ ពួក ហ៊ុន សែន គេថាវាខុស ហើយបើគាត់ទៅវិញមែន ខ្ញុំថា ៩៩ ភាគរយ ហ៊ុន សែន គេដាក់គុកហើយ ព្រោះ ហ៊ុន សែន មិនហ៊ាននិយាយអ្វីនឹងយួនទេ ដូច្នេះមានជាបែរខាំខ្មែរគ្នាឯង ព្រោះវារសើបពេកក្នុងរឿងយកដីនេះ។