Fri, 5 February 2016 ppp
សូ វិសាល
បើទោះបីជាមានមោទនភាពយ៉ាងខ្លាំងក្នុងការបើករង្គសាលដំបូងគេនៅក្នុងទីក្រុង ប៉ារីស ក្នុងចំណោមអាណិកជនខ្មែរ ចិន និង វៀតណាម ដែលរស់នៅទីនោះ បន្ទាប់ពីលោកបានកើបប្រមូលប្រាក់ចំណេញយ៉ាងងាយស្រួលរាប់ម៉ឺនហ្វ្រង់ក្នុងមួយខែៗពីមុខរបរបើកហាងថតរូបក៏ដោយ ក៏ប្រាក់ចំណេញ និងការរស់នៅបែបស៊ីវិល័យនៅក្នុងប្រទេសបារាំងមិនបានធ្វើឲ្យលោក ម៉ម សូណង់ដូ ភ្លេចស្រុកកំណើតដែលលោកថាតែងតែត្រូវបានវៀតណាម «អង្កៀមយកទឹកដី» នៅគ្រប់សម័យកាលនោះឡើយ។
លោក ម៉ម សូណង់ដូ ដែលបច្ចុប្បន្នជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំកើតនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ១៩៤២ នៅក្នុងគ្រួសារមន្ត្រីរាជការដែលមានជីវភាពមធ្យមមួយក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោកមានបងប្អូនបង្កើត ៩ នាក់ស្រី ៥ នាក់ហើយប្អូនប្រុសម្នាក់ត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ បច្ចុប្បន្នបងរបស់លោកម្នាក់រស់នៅស្រុកខ្មែរជាមួយលោក ប្អូនម្នាក់រស់នៅអាមេរិកហើយក្រៅពីនេះរស់នៅប្រទេសបារាំងទាំងអស់។
លោក សូណង់ដូ មិនបានរស់នៅស្រុកកំណើតយូរទេដោយក្រុមគ្រួសាររបស់លោកត្រូវផ្លាស់លំនៅទៅរស់នៅតាមឪពុករបស់លោកដែលត្រូវទៅធ្វើជាអភិបាលស្រុកកញ្ជ្រៀចក្នុងខេត្តព្រៃវែងនៅក្នុងអំឡុងឆ្នាំ ១៩៤៥។ បន្ទាប់ពីបានទៅរស់នៅក្នុងស្រុកកញ្ជ្រៀចបានប្រមាណជា ៥ ឆ្នាំគឺនៅក្នុងអំឡុងឆ្នាំ ១៩៥០ ក្រុមគ្រួសារលោក សូណង់ដូ ក៏បានផ្លាស់លំនៅជាថ្មីទៀតមករស់នៅក្នុងសង្កាត់វាលវង់ក្រុងភ្នំពេញ។
បន្ទាប់ពីប្រឡងជាប់បាក់ឌុបក្នុងអំឡុងឆ្នាំ ១៩៦៤ នៅពេលមានអាយុប្រហែលជា ២១ ឆ្នាំយុវជន សូណង់ដូ មានសំណាងបានទៅសិក្សាខាងជំនាញសរសេរ និងថតខ្សែភាពយន្តនៅប្រទេសបារាំង។
លោកនិយាយថា៖ «បំណងខ្ញុំទៅរៀនសរសេរ និងថតខ្សែភាពយន្តនៅបារាំងបានសម្រេចទាំងអស់ប៉ុន្តែមុននឹងសម្រេចខ្ញុំត្រូវចំណាយពេលវេលាហួសពេលកំណត់ពីព្រោះពេលទៅស្មានតែស្រួលដល់ទៅដល់វាពិបាក ហេតុដូច្នេះ បានតស៊ូរកការងារធ្វើផងហើយចូលរៀនសូត្រផងហើយការរៀនសូត្រនៅស្រុកគេពិបាកណាស់ទៅមុនដំបូងយើងត្រូវប្រឡងចូលការប្រឡងចូលយើងប្រឡងធ្លាក់ពីព្រោះភាសាបារាំងយើងវាស្ទើរដល់ប្រឡងចូលម្តងទៀតបានប្រឡងជាប់»។
បើទោះបីជា បានប្រឡងជាប់ក៏មិនមែនជាការងាយស្រួលសម្រាប់យុវជន សូណង់ដូ ឡើយពីព្រោះត្រូវរៀនសូត្របណ្តើរ និងរកការងារធ្វើបណ្តើរខណៈដែលនៅពេលនោះអាណិកជនខ្មែរមិនមានសិទ្ធិស្របច្បាប់ក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេសបារាំងឡើយហើយនៅពេលនោះលោកមានលុយត្រឹមតែ ១៥០០ ហ្វ្រង់ប៉ុណ្ណោះនៅក្នុងហោប៉ៅ។
លោក សូណង់ដូ បានបន្តនិយាយរៀបរាប់ពីខ្សែជីវិតរបស់លោកប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងបទសម្ភាសនៅក្នុងភូមិគ្រឹះប្រណីតមួយដែលជាទីស្នាក់ការវិទ្យុសំបុកឃ្មុំនៅក្នុងខណ្ឌមានជ័យកាលពីពេលថ្មីៗនេះថា៖ «ពូធ្វើការប្រហែលជា ៥-៦ ឆ្នាំលាងចាន លីសែង ជួនកាលអត់បាយ ៣ ថ្ងៃក៏មានហើយពេលណាយើងអត់លុយយើងចូលទៅក្នុងភោជនីយដ្ឋានកូនសិស្សហើយយកនំបុ័ងដែលគេកាត់ដុំៗដាក់កញ្ឆេយកដាក់ក្នុងស្បោងទុកញ៉ាំពេលរស់នៅជាមួយពួកម៉ាកម្នាក់...ពេលនោះគឺដូចរស់នៅក្នុងគុកអ៊ីចឹងជីវភាពគឺពិបាកមែនទែន...»។
លោក ម៉ម សូណង់ដូ នៅពេលចូលរួមវេទិកាគណបក្សសង្គ្រោះជាតិនាពេលកន្លងមក។ រូបថត ហ្វេសប៊ុក |
ប៉ុន្តែបន្ទាប់ពីរស់នៅដ៏សែនលំបាក រៀនផងលួចធ្វើការផងនៅក្នុងអំឡុងឆ្នាំ ១៩៦៩-៧០ បន្ទាប់ពីរៀនបានឌីប្លូមខាងសរសេរ និងថតខ្សែភាពយន្តលោក សូណង់ដូ បានទៅដាក់ពាក្យធ្វើតេស្តជាអ្នកថតរូបនៅក្រុមហ៊ុនមួយដែលធ្វើកិច្ចការងារដើម្បីផ្សព្វផ្សាយពេញមួយពិភពលោកទៅតាមការប្រាប់របស់មិត្តភក្តិម្នាក់ហើយក៏ត្រូវបានក្រុមហ៊ុននោះជ្រើសរើសឲ្យធ្វើការបន្ទាប់ពីឲ្យធ្វើការសាកល្បងមួយថ្ងៃ។
លោកនិយាយថា៖ «ដល់ខ្ញុំសាកទៅតាំងពីនោះមកខ្ញុំធ្វើការនៅកន្លែងហ្នុងជាប់មិនត្រឹមតែជាអ្នកថតទេក្លាយទៅជាអ្នកត្រួតត្រានៅកន្លែងហ្នឹងក្លាយទៅជាអគ្គនាយកនៅកន្លែងហ្នឹង»។
បន្ទាប់ពីបានធ្វើការនៅក្រុមហ៊ុនមួយនេះលោក សូណង់ដូ មានលទ្ធភាពទិញផ្ទះបានមួយនៅសង្កាត់ទី ៤ ក្នុងក្រុងប៉ារីសជាសង្កាត់ដែលមានតម្លៃផ្ទះថ្លៃជាងគេដោយសារតែសង្កាត់នោះមានអាយុកាលចាស់ជាងគេបំផុតដែលមានការទាក់ទាញអ្នកទេសចរយ៉ាងខ្លាំង។ បន្ទាប់ពីទិញផ្ទះបានខ្លួនឯងលោក សូណង់ដូ បានបើកមុខរបរថតរូបនៅក្នុងផ្ទះនោះដោយអាចរកចំណូលបានក្នុងមួយខែៗរាប់ម៉ឺនហ្វ្រង់។
លោកឲ្យដឹងថា៖ «សប្បាយមែនទែនពីព្រោះគ្រាន់តែថតម៉ាប្រុចម៉ាប្រុច ២០០០ ហ្វ្រង់ ម៉ាប្រុច ២០០០ ហ្វ្រង់ ហើយពូប្រមូលលុយហ្នឹងដូចប្រមូលលៀសប្រមូលខ្ចងអ៊ីចឹង»។
ប៉ុន្តែជាកម្មអកុសល ឬអាចថាជាវាសនាក៏ថាបានមុខរបរកើបប្រមូលលុយហ្វ្រង់យ៉ាងងាយស្រួលនោះមិនបានស្ថិតស្ថេរយូរអង្វែងទេដោយសារតែលោក សូណង់ដូ មានភាពតក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីទទួលបានព័ត៌មានថាប្រទេសកម្ពុជាត្រូវបានក្រុមខ្មែរក្រហមចូលកាន់កាប់នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥។ «ដល់ពេលឮថាពួកខ្មែរក្រហមចូលកាន់កាប់ប្រទេស ពូក៏ក្រហតក្នុងបេះដូងក្នុងសតិអារម្មណ៍នឹកឃើញថាជាងយល់សប្តិទៅទៀតពីព្រោះយើងធ្លាប់យល់សប្តិថាបាត់លុយបាត់បងប្អូន អ្នកណាស្លាប់ដល់បាត់ប្រទេសមួយវា no way វាទៅអត់រួចវាមិនគួរឲ្យជឿដល់ពេលហ្នុងជីវិតពូត្រូវប្តូរ ១៨០ ឌឺក្រេហ្មង»។
នៅពេលនោះនិស្សិតខ្មែរដែលធ្លាប់ទទួលបានអាហារូបករណ៍អ្នកដែលទៅរស់នៅធ្លាប់ទទួលបានលុយកាក់ឧបត្ថម្ភពីឪពុកម្តាយនៅកម្ពុជាលែងទទួលបានអ្វីទាំងអស់គឺមានតែលោក សូណង់ដូ ម្នាក់ប៉ុណ្ណោះដែលមានជីវភាពលេចធ្លោជាងគេ។ នៅក្នុងស្ថានភាពបែបនោះខ្មែរដែលរស់នៅប្រទេសបារាំងបានជួបប្រជុំគ្នាហើយបានជំរុញឲ្យលោក សូណង់ដូ ផ្លាស់ប្តូរមុខរបរពីការថតរូបឲ្យមកបើករង្គសាលវិញ។
លោកថ្លែងថា៖ «ចំណេះវិជ្ជាអាជីវកម្មដែលពូធ្វើចំណេញរាប់ម៉ឺនក្នុងមួយខែៗហើយស្រួលជាទីបំផុតហ្នឹងគឺខ្មែរទាំងអស់គ្នាហ្នឹងបបួលពូឲ្យបើករង្គសាលវិញមកអង្វរពូថា សូណង់ដូ ដឹងហើយឥឡូវយើងបាត់ស្រុកមួយហើយ សូណង់ដូ គួរតែយកអាកន្លែងថតហ្នឹងធ្វើរង្គសាលសម្រាប់ខ្មែរឲ្យខ្មែរៗជួបគ្នា...»។
នៅពេលលោកប្តូរទៅបើករង្គសាលគឺត្រូវឆ្លងកាត់ដំណាក់កាលតស៊ូយ៉ាងស្វិតស្វាញពីព្រោះអ្វីៗគឺត្រូវចាប់ផ្តើមថ្មីទាំងអស់ដោយត្រូវប្រឈមនឹងគ្រោះថ្នាក់ថែមទៀតខណៈដែលជនជាតិវៀតណាម និងចិនដែលរស់នៅប្រទេសបារាំងរាប់រយឆ្នាំមកហើយមិនហ៊ានបើកមុខរបររង្គសាលទេដោយសារតែមានពួកម៉ាហ្វីយ៉ាមកជំរិតយកលុយ។ «វាអត់មានអ្នកណាហ៊ានធ្វើទេដូច្នេះពូមានមោទនភាពដែរក្នុងប្រវត្តិសាស្រ្តនៅប៉ារីសគឺអ្នកដែលបើករង្គសាលមុនគេគឺខ្មែរម្នាក់ ខ្មែរម្នាក់គឺអ្នកណាគឺ ម៉ម សូណង់ដូ ហ្នឹងហ្មងអាហ្នឹងមោទនភាពមែនទែន»។ រង្គសាលរបស់លោក សូណង់ដូ មានឈ្មោះ អប្សរា ប៉ុន្តែក្រោយមកត្រូវដូរឈ្មោះទៅ ហ្គាឡាក់ស៊ី ទៅ ឡឺប៊ូសអាអហ្វី វិញដើម្បីទាក់ទាញភ្ញៀវបារាំងដោយសារតែភ្ញៀវខ្មែរមួយចំនួនដែលចូលទៅផឹកស្រវឹងបានបង្កសំឡេងស្រែកឡូឡារំខានដល់អ្នកជិតខាងហើយលោក សូណង់ដូ ទទួលការព្រមានបិទរង្គសាលពីនគរបាលបារាំង។
បើទោះបីជាលោក សូណង់ដូ បានប្តូរឈ្មោះរង្គសាលពីឈ្មោះខ្មែរទៅជាឈ្មោះបារាំងដោយទាក់ទាញបាននូវភ្ញៀវបារាំងក្តីក៏នៅតែមិនអាចបញ្ចប់បញ្ហាបានដែរដោយលោកថារង្គសាលគឺជាកន្លែងដែលបង្កបញ្ហាពីព្រោះភ្ញៀវដែលចូលមកមានតាំងពីអ្នកជួញអាភៀនរហូតដល់មេចោរ។ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូយ៉ាងលំបាកលោក សូណង់ដូ បានទទួលជោគជ័យក្នុងមុខរបរបើករង្គសាលនេះហើយនៅពេលក្រោយមកលោកបានបើករង្គសាលថ្មីមួយទៀត។
លោកនិយាយថា ក្នុងពេលរស់នៅប្រទេសបារាំងលោកតែងតែជួយខ្មែររហូតសូម្បីតែខ្មែរណាដែលត្រូវពួកអារ៉ាប់ពួកស្បែកខ្មៅ ឬ ពួកបារាំងដេញវ៉ៃ ឬមានជម្លោះផ្សេងៗលោកតែងតែទៅជួយជានិច្ច។
ប៉ុន្តែបើទោះបីជាទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងមុខរបររកស៊ីនៅក្នុងប្រទេសបារាំងក្តីក៏លោក សូណង់ដូ មិនដែលភ្លេចស្រុកកំណើតរបស់ខ្លួនឡើយគឺតែងតែចិញ្ចឹមចិត្តថាថ្ងៃណាមួយនឹងត្រូវតែវិលត្រឡប់មករស់នៅក្នុងទឹកដីកំណើតវិញ។ លោកថ្លែងថា៖ «ពូពិចារណាថាយើងកូនខ្មែរយើងមិនមែនកូនបារាំងទេទី ១ ហើយទី ២ ពូថាគួរតែយើងកើតនៅស្រុកណាយើងត្រឡប់ទៅងាប់នៅស្រុកហ្នឹងវិញ»។
នៅទីបំផុតលោក សូណង់ដូ បានសម្រេចចិត្តវិលត្រឡប់មកផ្ញើប្រាណនៅលើទឹកដីកំណើតវិញនៅក្នុងឆ្នាំ ១៩៩៤ គឺមួយឆ្នាំបន្ទាប់ពីការបោះឆ្នោត។ នៅពេលវិលមកដល់ស្រុកខ្មែរលើកដំបូងលោក សូណង់ដូ គ្រាន់តែគិតថាតើនឹងត្រូវរកស៊ីអ្វីដើម្បីឲ្យបានលុយ។ ប៉ុន្តែបន្ទាប់ពីបានរស់នៅ និងធ្វើដំណើរទៅកាន់ទីកន្លែងជាច្រើនអស់រយៈពេលប្រមាណ ៥-៦ ខែទើបលោកមើលឃើញថាប្រទេសកម្ពុជាគឺវេទនា។ វេទនា គឺដោយសារតែអ្នកនយោបាយខ្មែរភរ ភូត ប្រជាពលរដ្ឋដែលមិនសូវមានការយល់ដឹងហើយលោកគិតថាបើនៅតែបន្តស្ថិតនៅក្រោមការដឹកនាំបែបនេះតទៅទៀត «ស្រុកខ្មែរយើងអាចមានគ្រោះថ្នាក់រហូតដល់បាត់បង់ពូជសាសន៍តែម្តង»។
នៅទីបំផុតគឺនៅក្នុងឆ្នាំ ១៩៩៨ លោក សូណង់ដូ បានសម្រេចបង្កើតគណបក្សមួយមានឈ្មោះថាគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដែលការបើកគណបក្សនេះមិនមែនសង្ឃឹមបានឈ្នះឆ្នោតដើម្បីទៅធ្វើជានាយករដ្ឋមន្ត្រីនោះទេគឺគ្រាន់តែបើកដើម្បីឲ្យគេស្គាល់ឲ្យមានសំឡេងក្នុងនាមជាមេគណបក្សដើម្បីមានឱកាសបាននិយាយតតាំងជាមួយមេដឹកនាំគណបក្សដទៃទៀតដែលលោកថាតែងតែនិយាយភរភូតប្រជាពលរដ្ឋតែប៉ុណ្ណោះ។ បន្ទាប់ពីមិនទទួលបានអាសនៈនៅក្នុងការបោះឆ្នោតជាតិឆ្នាំ ១៩៩៨ លោក សូណង់ដូ ក៏បិទគណបក្សរបស់លោកចោល។
លោក សូណង់ដូ ដែលមានមាឌមិនធំមិនតូចប៉ុន្តែមើលទៅរឹងមាំដោយសារតែលោកតែងតែហាត់ប្រាណជាប្រចាំនោះក៏ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យផងដែរហើយក្នុងការបោះឆ្នោតកន្លងមកសមាគមនេះបានចេញមុខគាំទ្រគណបក្សសង្គ្រោះជាតិ។
លោកបញ្ជាក់ថាសមាគមរបស់លោកមិនទៅដណ្តើមអំណាចជាមួយគណបក្សនយោបាយណាមួយនោះទេ។
លោកនិយាយថា៖ «សមាគមនេះក៏ពូមិនផ្អៀងទៅអ្នកណាមួយដែលក្បត់ជាតិដែរហើយពេលណាដែលយើងសង្កេតឃើញថាគណបក្សនយោបាយណាដែលល្អដែលយើងអាចពឹងបានដូចជាគណបក្សសង្គ្រោះជាតិកន្លងមកហ្នឹងយើងទាំងអស់គ្នាត្រូវទៅគាំទ្រគណបក្សហ្នឹង»។ បន្ទាប់ពីចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងប្តូរផ្តាច់លោក សូណង់ដូ មើលឃើញថាជំហររបស់មេដឹកនាំគណបក្សដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា មិនរឹងមាំក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋលោកក៏ដកការគាំទ្រ។
«នរោត្តម រណឫទ្ធិ យើងស្គាល់ហើយ ហើយបន្ទាប់មក សម រង្ស៊ី យើងស្គាល់ហើយ ហើយឥឡូវ កឹម សុខា ក៏យើងស្គាល់ទៀតហើយយើងបានជួយទៀតផ្តាច់ប្តូរជាមួយទៀតហើយអ្នកទាំងហ្នឹងអត់ទៅមុខតើយើងចាំរំពឹងអ្នកណាទៀត! ដោយសារតែហេតុដូច្នេះហើយបានជាខ្ញុំថាបើអ្នកឯងធ្វើមិនកើតឲ្យខ្ញុំធ្វើម្តងខ្ញុំមានសមត្ថភាពធ្វើបានល្អជាងអ្នកឯងហើយខ្ញុំអាចធ្វើឲ្យបានសម្រេច...»។
នៅទីបំផុតលោក សូណង់ដូ បានបើកដំណើរការគណបក្សរបស់លោកឡើងវិញដើម្បីចូលរួមប្រកួតក្នុងការបោះឆ្នោតនាពេលខាងមុខ។
មជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់ថាការចូលប្រឡូកក្នុងឆាកនយោបាយជាថ្មីទៀតរបស់លោក ម៉ម សូណង់ដូ នៅពេលនេះគឺអាចដោយសារតែទទួលបានលាភសក្ការៈពីគណបក្សកាន់អំណាចដើម្បីមកបំបែកសំឡេងរបស់គណបក្សប្រឆាំងដែលកំពុងតែកើនប្រជាប្រិយភាពយ៉ាងខ្លាំង។ ប៉ុន្តែលោក សូណង់ដូ បានបដិសេធយ៉ាងដាច់អហង្ការដោយជំរុញឲ្យអ្នកដែលចោទប្រកាន់រូបលោកនោះបង្ហាញភ័ស្តុតាង។
ជាមួយគ្នានេះលោក សូណង់ដូ បានធ្វើការរិះគន់ជាច្រើនទៅលើមេដឹកនាំគណបក្សសង្គ្រោះជាតិជាពិសេសការយល់ព្រមយ៉ាងតក់ក្រហល់ក្នុងការចូលទៅប្រជុំនៅរដ្ឋសភាជាមួយគណបក្សប្រជាជនដោយមិនបានចុះកិច្ចសន្យាឲ្យបានច្បាស់លាស់ជាមុនជាពិសេសការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងបញ្ហាមួយចំនួនទៀតទើបសព្វថ្ងៃគណបក្សប្រជាជនអាចប្រែក្រឡាស់បានតាមអំពើចិត្ត។ «ខ្ញុំបើកគណបក្សគឺដោយសារតែខ្ញុំអស់ជំនឿទៅលើមេដឹកនាំគណបក្សសង្គ្រោះជាតិជាបន្តទៅទៀត» មិនមែនទទួលបានលាភសក្ការៈពីអ្នកណានោះទេ។
លោក ម៉ម សូណង់ដូ ដែលធ្លាប់ជាប់ពន្ធនាគាររហូតដល់ ៣ ដងដែលលើកទី ១ ពាក់ព័ន្ធនឹងការចោទប្រកាន់ក្នុងរឿងដុតស្ថានទូតថៃលើកទី ២ ពាក់ព័ន្ធនឹងការរិះគន់ទៅលើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមកម្ពុជាវៀតណាម និងលើកទី ៣ ពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះនោះបានថ្លែងថាលោកចង់ឈ្នះឆ្នោតនៅឆ្នាំ ២០១៨ ។
ការចង់ឈ្នះឆ្នោតដោយសារតែលោកមើលឃើញថាប្រជាពលរដ្ឋខ្មែរនឹងគ្មានជម្រើសណាផ្សេងក្រៅពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោកនោះឡើយនៅពេលដែលគណបក្សកាន់អំណាចបានបរាជ័យក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ និងបញ្ហាព្រំដែនហើយមេដឹកនាំគណបក្សប្រឆាំងបានត្រឹមតែភូតភរបោកប្រាស់ពលរដ្ឋ។ «បញ្ហាអន្តោប្រវេសន៍ប្រទេសជិតខាងគឺយួនហ្នឹងហ្មងខ្ញុំអត់ស្អប់យួនទេប៉ុន្តែខ្ញុំត្រូវការពារទឹកដីខ្ញុំ...»។
លោកថា៖ «ខ្ញុំរំពឹងបានប៉ុន្មានកៅអីខ្ញុំអត់រំពឹងទេគឺខ្ញុំចង់បានឈ្នះឈ្នះដោយខ្ញុំនឹកឃើញថានៅក្នុងឆ្នាំ ២០១៣ ប្រជាពលរដ្ឋបានក្រោកឈរទាំងអស់គ្នាហើយគឺចង់បានការផ្លាស់ប្តូរ...យើងឃើញបញ្ហាប្រទេសជិតខាងជាពិសេសប្រទេសយួនវាកំពុងតែអង្កៀមព្រំដែនខ្មែរកាន់តែខ្លាំងឡើងៗប៉ុន្តែក្នុងន័យថាបើសិនយើងអត់កាន់អំណាចយើងអត់អាចដោះស្រាយបានបើយើងហ៊ានយកអាបញ្ហាព្រំដែនយកមកនិយាយគឺគេចាប់យើងដាក់គុកហេតុដូច្នេះយើងស្តុបអត់និយាយទេនិយាយពេលណាដែលយើងកាន់អំណាច»។
លោក សូណង់ដូ ដែលកាន់សញ្ជាតិពីរគឺខ្មែរ និងបារាំងបានវិលត្រឡប់ពីទីក្រុងប៉ារីសមកស្រុកខ្មែរដើម្បីរៀបការភរិយាខ្មែរនៅក្នុងឆ្នាំ ១៩៧៤ រួចនាំយកទៅរស់នៅប្រទេសបារាំងមុនពេលដែលប្រទេសកម្ពុជាត្រូវធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមក្នុងឆ្នាំ ១៩៧៥។ លោកមានកូនប្រុសតែម្នាក់គត់បច្ចុប្បន្នមានចៅ ៣ នាក់ពួកគេសុទ្ធតែរស់នៅទីក្រុងប៉ារីសប្រទេសបារាំង៕
1 comment:
Khmer people can judge Mam Sonando easily when he opened 2 Bars for a living.
Normal people don't open bars for a living.
Mostly the sex maniac people will open bar. Therefore, it is highly likely that this Mam Sonando is a SEX MANIAC. And a sex maniac must not do something to confuse people.
Post a Comment